ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ដា ឈាន ពី​មេឃុំ​តែ​ម្នាក់​របស់​ហ្វ៊ុន​ស៊ិន​ប៉ិច បន្ត​ជាប់​ជា​មេឃុំ​តែ​ម្នាក់​របស់​ខ្មែរ​រួបរួម​ជាតិ​
05, Jun 2017 , 3:54 pm        
រូបភាព
លោក ដា ឈាន និងលោក ញឹក ប៊ុនឆៃ។ រូបថត ហ្វេសប៊ុក
លោក ដា ឈាន និងលោក ញឹក ប៊ុនឆៃ។ រូបថត ហ្វេសប៊ុក
​កាលពី​ឆ្នាំ​២០១២ លោក ដា ឈាន បាន​ជាប់ឆ្នោត​ជា​មេឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជា​កៅអី​មេឃុំ​តែមួយគត់​ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​។ យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន​នា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អណ​ត្តិ​ទី​៤ កាលពី​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា បុរស​វ័យ​៤៧​ឆ្នាំ​ដែល​ស្មោះស្ម័គ្រ​នឹង​លោក ញឹក ប៊ុនឆៃ រូបនេះ អាចមាន​លទ្ធផល​បន្ត​អណ​ត្តិ​របស់ខ្លួន ក្នុងនាម​បេក្ខជន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​



​លទ្ធផល​ក្រៅផ្លូវការ​នា​អំឡុង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អណ​ត្តិ​ទី​៤ កាលពី​ថ្ងៃអាទិត្យ បាន​បង្ហាញថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ បានឈ្នះ​កៅអី​មេឃុំ​១​នៅ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ និង​ជា​ជោគជ័យ​តែមួយគត់​ដែល​គណបក្ស​ផ្សេង​ទទួលបាន ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានក្លាយ​មូលដ្ឋាន​ដ៏​រឹងមាំ​របស់លោក ញឹក ប៊ុនឆៃ អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ចាក​ចេញទៅ​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ថ្មពួក គឺ​ស្រុកកំណើត​ផ្ទាល់​របស់លោក ញឹក ប៊ុនឆៃ តែ​លោក​កើត​នៅ​ឃុំ​ស្វាយចេក​។​

​កាលពី​ឆ្នាំ​២០១២ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​លោក ញឹក ប៊ុនឆៃ ជា​ថ្នាក់ដឹកនាំ​កំពូល​ម្នាក់ បានឈ្នះ​កៅអី​មេឃុំ​តែមួយគត់​គឺ​នៅក្នុង​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ក្នុងចំណោម​អាសនៈ​ចំនួន​៧ បក្ស​ហ្វ៊ុនស៊ិនប៉ិច កាន់តំណែង​មេឃុំ (​លោក ដា ឈាន​) ជំទប់​ទី​១ និង​សមាជិក​ក្រុមប្រឹក្សា​២​នាក់​ទៀត រីឯ​គណបក្ស​ប្រជាជន​កម្ពុជា កាន់តំណែង​ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សា​២​នាក់​។​

​សម្រាប់​ការប្រកួតប្រជែង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ លោក ដា ឈាន បាន​ដើរ​តាម​លោក ញឹក ប៊ុនឆៃ ហើយ​បន្ត​ប្រជែង​យក​កៅអី​មេឃុំ​ថ្មពួក​ដដែល​។ យោងតាម​ក្រៅផ្លូវការ ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​បានការ​ចំនួន​៤៣១៤​សន្លឹក គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​២២៦១​សំឡេង គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​១១៦៩​សំឡេង គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​៦៩៧​សំឡេង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​១០៩​សំឡេង និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ទទួលបាន​៧៨​សំឡេង​។​

​សូមបញ្ជាក់​ផងដែរ ក្រៅពី​លោក ដា ឈាន ដែល​បន្ត​ប្រជែង​តំណែង​ជា​មេឃុំ សមាសភាព​ផ្សេងទៀត​ដែល​បាន​ជាប់​ក្នុង​កូតា​ហ្វ៊ុន​ប៉ិច​កាលពី​៥​ឆ្នាំមុន មាន​លោក ចុង ជួយ (​ជំទប់​ទី​១) លោក ទឹម ញ៉ា​ន និង​លោក ហែម ប៊ុន​ថាប់ ដែលជា​សមាជិក​ក្រុមប្រឹក្សា​អណ​ត្តិ​ចាស់ ក៏បាន​ឈរ​នៅ​លេខ​រៀង​ជា​បន្តបន្ទាប់​ក្នុង​កូតា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផងដែរ​។​

​បន្ទាប់ពី​បានឃើញ​លទ្ធផល​បណ្តោះអាសន្ន លោក ដា ឈាន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​បងប្អូន ប្រជាពលរដ្ឋ ឃុំ​ថ្មពួក ដែល​បាន​គាំទ្រ​រូបខ្ញុំ​បាទ​។ សូម អរគុណ​»៕


Tag:
 ​បោះឆ្នោត​ឃុំ​-​សង្កាត់​
  មេឃុំ​ចៅសង្កាត់​)
© រក្សាសិទ្ធិដោយ thmeythmey.com