ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ស្នើ​លោក ចម ប្រសិទ្ធ ជួយ​សម្រួល​ដក​ប្រាក់​កក់​ថ្លៃ​ទឹកស្អាត ជូន​ពលរដ្ឋ​ប៊ូ​ឌី​ង​វិញ​
06, Jun 2017 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង លោក ជា សុផារ៉ា បានស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ឲ្យ​ជួយ​សម្រួល​ដក​ប្រាក់​ធានា ក្នុង​ការតភ្ជាប់​បណ្ដាញ​ទឹកស្អាត​ជា​លើកដំបូង ជូន​ពលរដ្ឋ​អគារ​ប៊ូ​ឌី​ង «​ស​» វិញ​។​


 
​លិខិត​លោក ជា សុផារ៉ា ផ្ញើជូន​លោក ចម ប្រសិទ្ធ កាលពី​ថ្ងៃទី​៥ មិថុនា បាន​សរសេរ​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ស្នើសុំ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជួយ​សម្រួល​ការដក​ប្រាក់​កក់​ធានា​ក្នុង​ការតភ្ជាប់​បណ្ដាញទឹក​ស្អាត​លើកដំបូង ជូន​ពលរដ្ឋ​ដែល​រស់នៅ​អគារ​ប៊ូ​ឌី​ង «​ស​» ដែល​បាន​ស្ម័គ្រចិត្ត​លក់​បន្ទប់​ស្នាក់នៅ​របស់ខ្លួន​ជូន​ក្រុមហ៊ុន ARAKAWA ដើម្បី​ការអភិវឌ្ឍ​ទីតាំង​នេះ​ឡើងវិញ​»​។​
 
​បន្ថែម​ពីលើ​នេះ លោក ជា សុផារ៉ា ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដក​ប្រាក់​កក់​ភ្លើង​ជូន​ពលរដ្ឋ ដែល​យល់ព្រម​ទទួល​សំណង ជា​ថ្នូរ​នឹង​ការចាកចេញ​ពី​អគារ​ប៊ូ​ឌី​ង នេះដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក ជា សុផារ៉ា​។​
 
​នៅ​ថ្ងៃទី​៦ មិថុនា​នេះ មាន​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូ​ឌី​ង ២០០​បន្ទប់ បាននាំគ្នា​រើចេញ​ជា​បណ្ដើរ​ហើយ ក្រោយពី​ពួកគេ​បាន​យល់ព្រម​ទទួល​សំណង ពី​ក្រុមហ៊ុន​ជប៉ុន ARAKAWA ក្រោម​កិច្ចសម្របសម្រួល​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ពលរដ្ឋ​ម្នាក់ ដែល​បានផ្ដល់​កិច្ច​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ នៅលើ​អគារ​ប៊ូ​ឌី​ង​ផ្ទាល់​នោះ បាន​ឲ្យ​ដឹងថា តាមរយៈ​សំណង​ដែល​គ្រួសារ​គាត់​បាន​ពី​ការលក់​បន្ទប់​នេះ មាន​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ នៃ​ការវាយតម្លៃ​របស់​ក្រុមហ៊ុន​ជប៉ុន​។​ ចំណែកពលរដ្ឋផ្សេងទៀតនឹងទទួលបានសំណងតាមទំហំបន្ទប់របស់ពួកគេដែរ។
 
​ពលរដ្ឋ​នៅ​អាគារ​ប៊ូ​ឌី​ញ នឹងត្រូវ​រើចេញ​ពី​លំនៅស្ថាន​ចាប់ពី​ថ្ងៃទី​០៦ ខែមិថុនា ដល់​ថ្ងៃទី​៦ ខែកក្កដា​ខាងមុខ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ដែល​បាន​សន្យា​ជួយ​ថវិកា ១០០​ដុល្លារ ក្នុង​មួយ​គ្រួសារ​បន្ថែមទៀត សម្រាប់​ការដឹកជញ្ជូន​របស់​ព​ល​រដ្ឋ ព្រមទាំង​មិន​ឲ្យ​ពលរដ្ឋ​ឲ្យ​បង់ប្រាក់​លើ​ថ្លៃ​រដ្ឋបាល និង​បង់ពន្ធដារ ចំពោះ​ប្រាក់​ដែល​បានមកពី​ថ្លៃ​លក់​ផ្ទះ​នៅ​អាគារ​ប៊ូ​ឌី​ញ​នេះឡើយ​។ 
 
​កន្លងមក​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ថា តួលេខ​នៃ​ចំនួន​ពលរដ្ឋ​ព្រម​ទទួលយក​សំណង់​ពី​ក្រុមហ៊ុន​ជប៉ុន អា​រ៉ា​ការ​វ៉ា នេះ​មាន​ចំនួន​៤៦៤ គ្រួសារ ដែល​ស្មើ ៩៤,៣០​ភាគរយ នៃ​ចំនួន​សរុប​៤៩២​គ្រួសារ​។​
 
​សូមបញ្ជាក់ថា អគារ​ប៊ូ​ឌី​ញ​ដែលមាន​វ័យ​ចំណាស់ និង​មាន​សភាព​ទ្រុឌទ្រោម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ អា​រ៉ា​កា​វ៉ា ទិញ​ពី​ពលរដ្ឋ​ក្នុងតម្លៃ​១៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ​។ ទីតាំង​អគារ​ប៊ូ​ឌី​ញ​នេះ នឹងត្រូវ​សង់​ជា​អគារ​ពាណិជ្ជកម្ម​កម្ពស់​៣០​ជាន់ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ចន្លោះ​ពី​៧០​លាន ទៅ​៨០​លាន​ដុល្លារ​អាមេរិក​៕
 

Tag:
 ​ជា សុផារ៉ា​
 ​ចម ប្រសិទ្ធ
  ពលរដ្ឋ​ប៊ូ​ឌី​ង​
© រក្សាសិទ្ធិដោយ thmeythmey.com