កីឡាអន្តរជាតិ
អន្តរជាតិ
Turan បញ្ចប់​អាជីព​ពី​ក្រុម​ជម្រើសជាតិ ក្រោយ​វាយ​អ្នកកាសែត​លើ​យន្តហោះ​
07, Jun 2017 , 2:48 pm        
រូបភាព
Arda Turan បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​តួ​ក​គី បន្ទាប់ពី​រូបគេ​បាន​វាយ​គ្នា​ជាមួយ​អ្នកកាសែត​ម្នាក់​នៅលើ​យន្តហោះ នៅពេល​ធ្វើដំណើរ​ត្រឡប់​មកពី​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ម៉ា​សេ​ដ្វា​ន​វិញ​។​



​ប្រធាន​ក្រុម​ជម្រើសជាតិ​តួ​ក​គេ វ័យ​៣០​រូបនេះ បាន​វាយ​អ្នកកាសែត​កីឡា​របស់ Milliyet ម្នាក់​ឈ្មោះ Bilal Mese នៅលើ​យន្តហោះ អំឡុងពេល​ធ្វើដំណើរ​ពី​ប្រទេស​ម៉ា​សេ​ដ្វា​ន ត្រឡប់មក​តួ​ក​គី​វិញ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហិ៍​នេះ​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​នេះ​កើតឡើង ដោយសារ​អ្នកសារព័ត៌មាន​នោះ ធ្លាប់​សរសេរ​រិះគន់ និង​ជេរ​មាក់ងាយ​ក្រុមគ្រួសារ​របស់គេ​កាលពី​ការប្រកួត​ក្នុង​ព្រឹត្តិ​កាណ៍ Euro ឆ្នាំ​២០១៦ នៅ​បារាំង​កន្លងមក​។​


         អ្នកកាសែតកីឡាលោក Bilal Mese ដែលត្រូវ Arda Turan វាយនៅលើយន្តហោះ

​បើតាម TheGuardian ក្រោយ​ហេតុការណ៍​នេះ ខ្សែបម្រើ​ក្រុម Barcelona ក៏បាន​សារភាពថា​ពិតជា​បានធ្វើ​ទង្វើ​មិន​ត្រឹមត្រូវ​ទៅលើ​អ្នកកាសែត​នោះ​មែន ប៉ុន្តែ​រូបគេ​មិន​ស្តាយក្រោយ​នូវ​អ្វីដែល​បាន​ប្រព្រឹត្តិ​នោះឡើយ និង​ថែមទាំង​សប្បាយចិត្ត​ទៀតផង ព្រោះ Bilal Mese ធ្លាប់​រិះគន់​គេ​ខ្លាំងៗ​ពេក​។​

​អតីត​សមាជិក​ក្រុម Atletico Madrid រូបនេះ បាន​ដើរ​ចេញពី​ជំរុំ​ហ្វឹកហាត់​ក្នុងប្រទេស​ស្លូ​វេ​នី កាលពី​ថ្ងៃ​អង្គារ​ទី​៦ មិថុនា​នេះ ហើយក៏​បានប្រកាស​ចាក​ចេញពី​ក្រុម​ជម្រើសជាតិ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​តែម្តង​។​

​ជុំវិញ​បញ្ហា​នេះដែរ​សមាគម​កីឡា​អ្នកកាសែត​តួ​ក​គី​ក៏​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែរ ដោយ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ពី​ការវាយប្រហារ​ទៅលើ​អ្នកសារព័ត៌មាន​នេះ​៕


Tag:
 បាល់ទាត់​
  Arda Turan
  តួ​ក​គី​
  Bilal Mese
  វាយ​អ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com