អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទស្សនកិច្ច​លោក ត្រាំ នៅ​អង់គ្លេស​មិនត្រូវ​លុបចោល ទោះ​លោក​រិះគន់​ចៅហ្វាយក្រុង​ទ្បុ​ង​ដ៍​ក៏ដោយ​
07, Jun 2017 , 10:26 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Boris Jonhson បានបញ្ជាក់​ថ្ងៃ​អង្គារ​ទី​៦​មិថុនា​ថា វា​គ្មាន​ហេតុផល​អ្វី​ត្រូវ​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មកកាន់​អង់គ្លេស​ឡើយ ទោះ ត្រាំ បាន​រិះគន់​សម្តី​លោក​ចៅហ្វាយក្រុង​ឡុង​ដ៍ Sadiq Khan ពាក់ព័ន្ធ​ការវាយប្រហារ​នៅ​ស្ពាន​ទីក្រុង​ទ្បុ​ង​ដ៍ ក៏ដោយ​។​

​ទំនាស់​ពាក្យសម្តី​រវាង​អភិបាលក្រុង​ឡុង​ដ៍​និង​ប្រធានាធិបតី​អាមេរិក​ក្រោយ​ការវាយប្រហារ​ភេរវកម្ម​នៅ​អង់គ្លេស​បាន​ឈាន​ការទាមទារ​ឲ្យ​មានការ​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក ដូ​ណា​ល់ ត្រាំ នៅ​អង់គ្លេស​ផង​។ ប៉ុន្តែ​ប្រមុខ​ការទូត​អង់គ្លេស​បាន​អះអាងថា វា​គ្មាន​ការផ្លាស់ប្តូរ​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខរដ្ឋ​អាមេរិក​នៅ​អង់គ្លេស​ឡើយ​។​
 
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​អភិបាលក្រុង​ឡុង​ដ៍​ខ្លាំងៗ តាមរយៈ​គណនី Twitter ផ្លូវការ​របស់ខ្លួន ដោយ​ព្រលយ​ថា លោក Khan និយាយ​ដោះសារ​គ្មាន​បានការ​ដោយ​ប្រាប់​ប្រជាជន​កុំ​បាច់​ព្រួយបារម្ភ​ពី​ការ​បន្ថែមចំនួន​ប៉ូលីស​តាមផ្លូវ​នោះឡើយ បន្ទាប់ពី​ការវាយប្រហារ​នៅក្នុង​ទីក្រុង​ទ្បុ​ង​ដ៍ដែល​បានសម្លាប់​មនុស្ស​អស់​៧​នាក់​នោះ​។​
 
​ឆ្លើយតប​ទៅនឹង​សំនួ​រថា តើ​ការ​ទស្សនកិច្ច​របស់លោក ត្រាំ គួរតែ​ត្រូវ​លុបចោល​ដែល​រឺទេ​នោះ  ប្រមុខ​ការទូត​អង់គ្លេស​លោក Boris Johnson តប​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ BBC ថា លិខិតអញ្ជើញ​ត្រូវ បាន​ទទួលយក​រួចហើយ ហើយ​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ផ្លាស់ប្តូ​រដែរ​។​
 
​លោក  Johnson បញ្ជាក់ថា​៖ « ខ្ញុំ​ឃើញថា​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ផ្លាស់ប្ដូរ​ការអញ្ជើញ​នោះទេ ប៉ុន្តែ​ខ្ញុំ​គិតថា អ្វីដែល​លោក Khan  និយាយ​ត្រឹមត្រូវ ដរាបណា​វា​ជួយ​កាត់បន្ថយ​ភាពភ័យខ្លាច​របស់​ប្រជាជន​អង់គ្លេស​នោះ​»​។ 
 
​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី ៥ មិថុនា អភិបាលក្រុង​ឡុង​ដ៍​ដែលជា​សមាជិក​គណបក្ស​ការងារ​ដែលជា​បក្សប្រឆាំង បាន​ថ្លែង លោក​នៅតែ​រក្សា​ជំហរ​ដដែល​ដោយ​លោក​ចង់​ឲ្យ​មានការ​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក ដូ​ណា​ល់ ត្រាំ នៅ​អង់គ្លេស​។ លោក​បាន​លើ​ឡើង​ដូច្នេះ​៖«​ខ្ញុំ​មិន​គិតថា យើង​គួរតែ​ក្រាលកម្រាល​ព្រំ​ក្រហម​សម្រាប់​ប្រធានាធិបតី​អាមេរិក​ទាំង​ដែល​គោលនយោបាយ​របស់លោក​ប្រឆាំងនឹង​អ្វីដែល​យើង​ធ្វើ​ស្ទើរតែ​ទាំងអស់​នោះទេ​»​។​
 
​តាមពិតទៅ ដូ​ណា​ល់ ត្រាំ និង អភិបាលក្រុង​ឡុង​ដ៍​ម៉ូ​ស្លី​ម​ដំបូង​បំផុត​លោក Sadiq Khan ដែលជា​កូនប្រុស​ជនអន្តោប្រវេសន៍​ជនជាតិ​ប៉ា​គី​ស្ថាន នេះ​មិនសូវ​ត្រូវ​គ្នា​តាំងពី​យូរ​មកហើយ​។ លោក Khan បាន​ទិតៀន លោក ត្រាំ ខ្លាំងៗ​រឿង​ចេញ​ក្រឹត្យ​ហាមឃាត់​ប្រជាជន​ម៉ូ​ស្លី​ម​ចូល​អាមេរិក​កន្លងមក​៕
 
​ប្រែ​សម្រួល​ដោយ គី ស៊ីណា​
 

© រក្សាសិទ្ធិដោយ thmeythmey.com