អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់ ត្រាំ ចេញមុខ​ជួយ​សម្រុះសម្រួល​ជម្លោះ​ការទូត​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​
09, Jun 2017 , 9:59 pm        
រូបភាព
​ដូ​ណា​ល់ ត្រាំ  ប្រកាស​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស​ខ្លួន​ឲ្យ​ជួយ​សម្របសម្រួល​ជម្លោះ​ការទូត​រវាង​កាតា​និង​ក្រុម​រដ្ឋ​អារ៉ាប់​មួយចំនួន​ដែលជា​បក្សពួក​អា​រ៉ា​ប៊ី​សា​អូឌីត​។ គេ​មិនទាន់​អាច​ដឹង​ច្បាស់​ថា លោក រិច ធី​ល័​រ​សិន (Rex Tillerson) នឹងមាន​តួនាទី​បែបណា​ឲ្យ​ប្រាកដ​ឡើយ​ក្នុង​ការជួយ បញ្ចៀស​ជម្លោះ​ធ្ងន់ធ្ងរ​នោះ ព្រោះ​ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំហរ​កាន់ជើង​អា​រ៉ា​ប៊ី​សា​អូឌីត​រួចទៅហើយ​កាលពីដើម​សប្តាហ៍​កន្លងមកនេះ​។



​ប្រមុខ​ការទូត​អាមេរិក រិច ធី​ល័​រ​សិន នឹង​ក្លាយជា​តំណាង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចេញមុខ​ជួយ​សម្រុះសម្រួល​បញ្ចប់​ជម្លោះ​ការទូត​រវាង​កាតា​និង​បណ្តា​ក្រុម​រដ្ឋ​អារ៉ាប់​ដែលជា​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុង​វ៉ាស៊ីនតោន​បង្ហាញ​ជំហរ​ជួយ​ដោះស្រាយ​បញ្ហា​ការទូត​រវាង​កាតា​និង​រដ្ឋ​អារ៉ាប់​នេះ បន្ទាប់​លោក ត្រាំ បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​លោក រិច ធី​ល័​រ​សិន និង​រដ្ឋមន្ត្រី​ការពារជាតិ​លោក ជេ​ម ម៉ា​ទី​ស (James Mattis) ហើយ​នោះ​។​

​ពាក់ព័ន្ធ​ការស្ម័គ្រចិត្ត​ជួយ​ដោះស្រាយ​បញ្ហា​ការទូត​នៅ​មជ្ឈិមបូព៌ា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោកស្រី Heather Nauert ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ធី​ល័​រ​សិន ស័ក្តិសម​នឹង​ជួយ​សម្រុះសម្រួល​ដោយសារ​លោក​មានបទពិសោធន៍​ធ្វើ​ការងារ​ជាមួយ​មេដឹកនាំ​កាតា​ច្រើន​ឆ្នាំ​ពេល​លោក​ធ្វើជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Exxon Mobil Corp​។  ហើយ​លោក​ក៏​ត្រៀមខ្លួន​ជួយ​សម្រុះសម្រួល​ហើយ បើសិនជា​ចាំបាច់​នោះ​។

​ប៉ុន្តែ​លោកស្រី​សង្កត់ធ្ងន់ថា រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ចង់​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់​ព្យាយាម​ដោះស្រាយ​ជម្លោះ​នោះ​ដោយ​ខ្លួន​។​

​យ៉ាងណាមិញ ការប្រកាស​ចូលខ្លួន​ចូល​សម្រុះសម្រួល​ជម្លោះ​ការទូត​នេះ​នៅតែ​ជា​រឿងចម្រូងចម្រាស​នៅឡើយ​។ គេ​មិនដឹង​ច្បាស់​ថា កាតា​ព្រម​ទទួលយក​បំណងល្អ​រប​ស់​ក្រុង​វ៉ាស៊ីនតោន​នេះ​ឬ​អត់​ឡើយ ហើយ​អ្វីដែល​សំខាន់​គេ​មិនដឹងថា លោក ធី​ល័​រ​សិន នឹង​ដើរតួនាទី​បែបណា​ឡើយ​។
 មុន​មានការ​ប្រកាស​ចូល​ជួយ​ដោះស្រាយ លោក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ជំហរ​កាន់ជើង​អា​រ៉ា​ប៊ី​សា​អូឌីត​រួចទៅហើយ ហើយ​លោក​ថែមទាំង​ចោទ​ចំៗ​ថា កាតា គាំទ្រ​ក្រុម​ជ្រុលនិយម​ទៀត​។  ប៉ុន្តែ​សមាជិក​គណៈរដ្ឋមន្ត្រី​លោក ត្រាំ រួមទាំង​រដ្ឋមន្ត្រីការបរទេស និង​ការពារជាតិ​នោះ​សុទ្ធតែ​បង្ហាញ​ជំហរ​អ​ព្យា​ក្រឹត្យ​មិន​លម្អៀង​ទៅរក​ភាគី​ណា​ឡើយ​។

​តាមពិតទៅ គោលជំហរ​របស់លោក ត្រាំ កន្លងមកនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លះ​ដែរ​ចំពោះ​ទំនាក់ទំនង​រវាង​អាមេរិក​និង​កាតា​ដែលជា​សម្ព័ន្ធ​សំខាន់​មួយ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នោះ​។ ក្រៅពី​ជា​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ កាតា​ជាទី​តាំង​មូលដ្ឋានទ័ព​អាមេរិក​តាំងនៅ​ដែលមាន​ទ័ព​មួយ​ម៉ឺន​នាក់​និង​ជា​កន្លែង​ដែល​អាមេរិក​និង​សម្ព័ន្ធមិត្ត​អាមេរិក​ប្រើប្រាស់​ដើម្បី​ធ្វើសង្គ្រាម​ផ្លូវអាកាស​ប្រឆាំង​ភេរវជន​ក្រុម​ដែ្ហ (Daesh) ឬ​ក្រុម​រដ្ឋ​ឥស្លាម​ផងដែរ​។​

​សូមបញ្ជាក់ថា ជម្លោះ​ការទូត​រវាង​កាតា ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​រួមជាមួយ​រដ្ឋ​អារ៉ាប់​មួយចំនួន​នោះ​កើតឡើង​ក្រោយ​ប្រទេស​អារ៉ាប់​ទាំងនេះ​កាត់ផ្តាច់​ចំណង​ការទូត​ជាមួយ​កាតា​ដោយ​ចោទប្រកាន់ថា រដ្ឋ​សម្បូរ​ប្រេង​នេះ​ថា​ជា​អ្នកគាំទ្រ​ចលនា​ជ្រុលនិយម​និង​ក្រុម​ភេរវជន​ផងដែរ​។ ក្រៅ​អា​រ៉ា​ប៊ី​សា​អូ​ឌី​និង​បក្សពួក​ក៏បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​កាតា ថែមទៀត​ដោយ​បង្ខំ​ឲ្យ​ប្រទេស​នេះ​បញ្ឈប់​ឲ្យ​រាល់​ការគាំទ្រ​ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ចំពោះ​ជ្រុលនិយម​មាន​ទាំង​ក្រុម​ភាតរ​ឥស្លាម​នៅ​អេ​ហ្ស៊ី​ប​, ក្រុម​ហា​ម៉ាស ប៉ា​ឡេ​ស្ទី​ន ផងដែរ​៕



Tag:
 ដូ​ណា​ល់ ត្រាំ​
  Rex Tillerson
  កាតា​
  James Mattis
© រក្សាសិទ្ធិដោយ thmeythmey.com