ជាតិ
សេដ្ឋកិច្ច
អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​៖ Emirates ហោះហើរ​មក​កម្ពុជា គឺជា​មោទកភាព​មួយ​
12, Jun 2017 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល លើកឡើងថា ការដែល​ក្រុមហ៊ុន​អាកាសចរ​ខ្នាត​យក្ស Emirates ដែល​នឹង​បើក​ជើងហោះហើរ​របស់ខ្លួន​មក​កម្ពុជា​នៅ​ខែក្រោយ​នេះ គឺជា​មោទកភាព​មួយ និង​បង្ហាញ​ពី​សញ្ញា​ល្អ​សម្រាប់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​របស់​កម្ពុជា​។



​ក្រុមហ៊ុន Emirates នឹង​សម្ពោធ​ជើងហោះហើរ​របស់ខ្លួន​មក​កម្ពុជា នៅ​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំនេះ​។ ក្រុមហ៊ុន​អាកាសចរ​មួយ​នេះ​នឹង​ប្រតិបត្តិការ​ជើងហោះហើរ​របស់ខ្លួន​ពី​ទីក្រុង​ឌូ​បៃ មក​ទីក្រុង​យ៉ាំង​ហ្គូ​ន និង​មកដល់​ភ្នំពេញ និង​ត្រឡប់​ទៅវិញ ដោយ​ប្រើ​យន្តហោះ Boeing777-200LR ដែលមាន​ថ្នាក់​ពីរ​ប្រភេទ​។ ប្រតិបត្តិ​ការហោះហើរ​រ​បស់​ក្រុមហ៊ុន​នេះ​ក៏​នឹង​ត​ភ្ជាប់​ទៅ​ទ្វីប​អ៉ឺ​រ៉ុ​ប​ផងដែរ ដោយ​ក្រុមហ៊ុន​នេះ​មាន​បណ្ដា​ណ​ទូទាំង​ពិភពលោក​ជាង ១៥០ ទិសដៅ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ នៅ​ថ្ងៃទី​១២​ខែមិថុនា​។​

​លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​ដ៏​លេចធ្លោ​មួយ​នេះ​មក​កម្ពុជា គឺជា​មោទកភាព​មួយ និង​ជាស​ញ្ញា​ល្អ​សម្រាប់​វិស័យ​អាកាសចរ​របស់​កម្ពុជា​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​អាកាសចរ​ធំជាងគេ​នៅលើ​ពិភពលោក គឺ​នៅ​ម​ជ្ឈ​ម​បូព៌ា​ហើយ Emirates ធំជាងគេ ហើយ​និយាយ​ពី​ការគ្រប់គ្រង​ធនធាន​ជាដើម​គឺ​ធំជាងគេ ដូច្នេះ​កាលដែល​ក្រុមហ៊ុន​ធំ​មួយ​ហោះ​មក​ក្រុមហ៊ុន​មួយ​តូច យើង​មាន​មោទកភាព ដោយហេតុ​អ្វី​បានជា Emirates មក​ប្រទេស​យើង​។ នេះ​បង្ហាញ​ពី​ភាព​ទាក់ទាញ​មួយ ដោយសារ​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​របស់​យើង​ល្អ​»​។ លោក​បន្ថែមថា ការហោះហើរ​នេះ​នឹង​បង្កើត​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ជាង​ជើងហោះហើរ​របស់​ក្រុមហ៊ុន​មួយចំនួន​មក​កម្ពុជា​នាពេល​កន្លងមក​។​

​លោក ស៊ិន ចាន់​សេរី​វុត្ថា វត្តមាន​ជើងហោះហើរ​របស់ Emirates នៅ​កម្ពុជា នឹង​ជួយ​លើកកម្ពស់​វិស័យ​អាកាសចរ​របស់​កម្ពុជា​។ លោក​ប្រាប់ថា Emirates នឹង​បង្កើន​ការតភ្ជាប់​ការហោះហើរ​ពី​ប្រទេស​ក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា និង​អឺរ៉ុប មក​កម្ពុជា​។ លោក​បន្តថា អតិថិជន​នឹងមាន​ជម្រើស​កាន់តែច្រើន​ក្នុង​ទីផ្សារ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​។

​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរ​អន្តរជាតិ​ចំនួន ៤២ កំពុង​ប្រតិបត្តិ​ការហោះហើរ​របស់​ខ្លួន​ចេញ​-​ចូល​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន ៥ ។ នេះ​បើតាម​លោក ស៊ិន ចាន់​សេរី​វុត្ថា ៕


Tag:
 អាកាសចរ​
  ស៊ិន ចាន់​សេរី​វុត្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com