ខ្មែរ​ក្រហម
ជាតិ
សំណុំរឿង​០០២/០២ នឹង​ឈានដល់​ការសន្និដ្ឋាន​ផ្ទាល់មាត់​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​
13, Jun 2017 , 8:19 am        
រូបភាព
ជនជាប់ចោទ នួន ជា និង​ខៀវ សំផន
ជនជាប់ចោទ នួន ជា និង​ខៀវ សំផន
ដោយ: ថ្មីៗ
​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម នឹង​បើកសវនាការ​ធ្វើ​សេចក្តីសន្និដ្ឋាន​ផ្ទាល់មាត់​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​លើ​សំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន និង នួន ជា ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ ២០១៧​។  នេះ​បើតាម​ការអះអាង​របស់​លោក នេត្រ ភ​ត្រា ដែលជា​មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​។​



​យោងតាម​សារ​ណា​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល លើ​អង្គហេតុ​នៅក្នុង​សំណុំរឿង ០០២/០២ ដែល​បាន​ដាក់ជូន​អង្គជំនុំជម្រះ​សាលាដំបូង​កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧ សហ​ព្រះរាជអាជ្ញា​ជាតិ លោកស្រី ជា លាង និង​សហ​ព្រះ​អាជ្ញា​អន្តរជាតិ​លោក នី​កូ​ឡា គុំ​ជាន ស្នើឱ្យ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ចំពោះ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន​។​

​សហ​ព្រះ​អ​ជ្ញា​ទាំងពីរ  បាន​ពិចារណា​ឃើញ​អំពី​ភាព​ធ្ងន់ធ្ងរ នៃ​អំពើ​ឧក្រិដ្ឋកម្ម​ដែល​បាន​បង្ក​នូវ​ភាព​រងទុក្ខវេទនា ខ្លោចផ្សារ​សម្រាប់​ប្រជាជាតិ​ទាំងមូល បង្កឱ្យមាន​ការ ស្លាប់​ជីវិត​មនុស្ស​ជាច្រើន​លាន​នាក់ ។ នេះ​គឺជា​ការស្នើ​សុំឱ្យ​មានការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត​ជា​លើក​ទី​២ បន្ទាប់ពី នួន ជា និង​ខៀវ សំផន ត្រូវបាន​រកឃើញថា​មាន​ពិរុទ្ធភាព​នៅក្នុង​សំណុំរឿង ០០២/០១​លើ​ឧក្រិដ្ឋកម្ម ប្រឆាំងនឹង​មនុស្សជាតិ​ពាក់ព័ន្ធ​នឹង​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ ។​

​ទាក់ទង​នឹង​សវនាការ​ធ្វើ​សេចក្តីសន្និដ្ឋាន​ផ្ទាល់មាត់​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​លើ​សំណុំរឿង ០០២/០២ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ ២០១៧ លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងឱ្យដឹងថា សវនាការ​នេះ​នឹង​ផ្តល់​ពេលវេលា​ដល់​ភាគី​ពាក់ព័ន្ធ​នានា​លើកឡើង​អំពី​ទឡ្ហីករណ៍​ផ្ទាល់មាត់​ជុំវិញ​សំណុំ​រឿងនេះ ដោយ​ចាប់​ផ្តើមដំបូង​ដោយ​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី​មាន​រយៈពេល ១​ថ្ងៃ សហ​ព្រះរាជអាជ្ញា​មាន​រយៈពេល ២ ថ្ងៃ ក្រុម​មេធាវី​ការពារ​ក្តី​មាន​រយៈពេល​៣,៥​ថ្ងៃ​។​អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ទុក​ពេលវេលា​មួយថ្ងៃ​សម្រាប់​ការធ្វើ​សេចក្តីសន្និដ្ឋាន​តប​របស់​ភាគី​ពាក់ព័ន្ធ​នានា ហើយ​រយៈពេល​មួយ​ព្រឹក សម្រាប់​ការធ្វើ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​របស់​ជនជាប់ចោទ ដែល​គ្រោង​នឹង​ធ្វើឡើង​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៧​។

​ក្រុម​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី បានលើកឡើង​នៅក្នុង​សា​រណា​របស់ខ្លួន​ថា​គាំទ្រ​ចំពោះ​អ្វី ដែល​សហ​ព្រះរាជអាជ្ញា​លើកឡើង និង​ស្នើឱ្យ​អង្គជំនុំជម្រះ​ពិនិត្យ​លើ​អង្គច្បាប់​ចំពោះ​អ្វីដែល​សហ​ព្រះរាជអាជ្ញា​បានលើកឡើង​។ ជាមួយគ្នានេះ សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី បានស្នើ​សុំឱ្យ​ទទួលស្គាល់​នូវ​ការបង្ហាញ​ភស្តុតាង​របស់​ដើម​បណ្តឹងរដ្ឋប្បវេណី ព្រមទាំង​ការរង​ទុក្ខវេទនា​រប​ស់ជន​រងគ្រោះ​និង​ព្រម ទាំង​សម្រេច​ផ្តល់​សំណង ក្នុងករណី​ជនជាប់ចោទ​រកឃើញថា មាន​ពិរុទ្ធភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ចោទប្រកាន់​។​

​រីឯ​ក្រុម​មេធាវី​ការពារ​ក្តី នួន ជា និង​ខៀវ សំផន បាន​លើកឡើងថា កូនក្តី​របស់ខ្លួន​មិនមែនជា​អ្នកទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម ដែល​កើតឡើង​ឡើយ និង​បាន​ស្តីបន្ទោស​ទៅលើ​វៀតណាម ដែល​ធ្វើឱ្យ​ការកសាង​ប្រទេសមួយ​របស់​ខ្មែរក្រហម​ឱ្យទៅជា​រដ្ឋ​មួយ​ឯករាជ្យ និង​វិបុល​សុខ​ត្រូវ បាន​បរាជ័យ​។ ក៏​ដូច ក្រុម​មេធាវី​នួន ជា ដែរ ក្រុម​មេធាវី​ខៀវ សំផន បាន​ថ្លែងថា​កូនក្តី​របស់ខ្លួន​គួរ​រកឃើញថា​មិនមាន​កំហុស​ចំពោះ​បទឧក្រិដ្ឋ​កម្ម​ដែល​បាន​ចោទ ប្រកាន់​ដោយ​ស្នើឱ្យ​អង្គជំនុំជម្រះ​សាលាដំបូង​ទម្លាក់​ការចោទប្រកាន់​ប្រឆាំង​កូនក្តី​ខ្លួន​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា សវនាការ​សេចក្តីសន្និដ្ឋាន​ផ្ទាល់មាត់​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​លើ​សំណុំរឿង ០០២/០២ មាន​រយៈពេល ៨ ថ្ងៃ ហើយ​បន្ទាប់ពី​បញ្ចប់​សវនាការ​នេះ នឹង​ចំណាយ​ពេលវេលា​ពិនិត្យ​លើ​សំណុំរឿង​ដែល​បាន​ជំនុំជម្រះ មុននឹង​អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ចេញ​សាលក្រម ៕



Tag:
 ខ្មែរក្រហម​
  នួន ជា​
  ខៀវ សំផន​
© រក្សាសិទ្ធិដោយ thmeythmey.com