កីឡាជាតិ
ជាតិ
កម្ពុជា​បង្ហាញ​ឈ្មោះ​កីឡា​ទាំង​២៣​ដើម្បី​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​
20, Jun 2017 , 9:19 am        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បានសម្រេច​បញ្ជូន​កីឡា​ចំនួន​២៣​ប្រភេទ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​ខែសីហា ខាងមុខ​។ ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​បានកំណត់​ដាក់​កីឡា​ចំនួន​៣៨​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​។​



​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពីពេល​ថ្មៗ​បានបង្ហាញ​ឈ្មោះ​ប្រភេទ​កីឡា​សក្តានុពល​ទាំង​២៣​ប្រភេទ​ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​១០​ផ្សេងទៀត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​៣០ ខែសីហា នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​នេះ ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​បានសម្រេច​ដាក់​កីឡា​ចំនួន​៣៨​ប្រភេទ​ចូលរួម ដោយ​បែង​ចែកជា​៤០៥​វិញ្ញាសា​។  



​កីឡា​ទាំង​២៣​ប្រភេទ​នោះ​រួមមាន​៖ តេ​ក្វាន់​ដូ WTF, ប៉េតង់​, ឈិន​ឡូ​ន​, វាយ​កូន​បាល់​, កា​រ៉ា​តេ​ដូ​, ប្រដាល់​គុន​ខ្មែរ​, វូ​ស៊ូ​, បាល់ទះ​លើ​ក្តារ​, បាល់ទាត់​(U22), អត្តពលកម្ម​, កាយសម្ព័ន្ធ​, ហែល​ទឹក​, បាល់បោះ​, វាយ​កូនឃ្លី​លើ​តុ​, វាយ​សី​, ប្រណាំង​ទោចក្រយាន​, គុន​ដាវ​, វាយ​កូន​ហ្គោល​, ទ្រី​យ៉ា​ត្លុង​, ប្រដាល់សកល​, ស្គី​ទឹកកក​, ទូកក្តោង និង​កីឡា​ជិះសេះ​។​



​ប្រទេស​ដែល​ចូលរួម​ការប្រកួត​ក្របខណ្ឌ​អាស៊ាន​នេះ​រួមមាន​៖ ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​, កម្ពុជា​, ឡាវ​, ថៃ​, វៀតណាម​, សិង្ហ​បុរី​, ឥណ្ឌូនេស៊ី​, ព្រុយ​ណេ​, ហ្វីលីពីន​, មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត​។



​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៨​នៅ​ប្រទេស​សិង្ហ​បុរី កម្ពុជា​បាន​បញ្ជូន​កីឡា​២៣​ប្រភេទ​ឲ្យ​ចូលរួម​ជា​លទ្ធផល​កម្ពុជា​ដណ្តើម​បាន​មេដាយមាស​១ ប្រាក់​៥ និង​សំរឹទ្ធ​៩ ដោយ​ឈរ​លេខ​រៀង​ទី​៨​នៃ​តារាង​ចំណាត់ថ្នាក់​ក្នុងចំណោម​១១​ប្រទេស​៕    


Tag:
 SEA Game 2017
© រក្សាសិទ្ធិដោយ thmeythmey.com