ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ព្រមាន​ជំងឺ​ខ្សោយតម្រងនោម ដែល​យើង​គ្រប់គ្នា​គប្បី​ចងចាំ និង​ប្រុងប្រយ័ត្ន​
20, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្វីបើ​មានការ​សិក្សា​ជាច្រើន​បង្ហាញ​ឲ្យ​ដឹងថា ជំងឺ​ខ្សោយតម្រងនោម​ភាគច្រើន​កើតឡើង​លើ​មនុស្ស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​ក៏ដោយ ប៉ុន្តែ​វា​មិនមែន​មានន័យថា មនុស្ស​អាយុ​ក្រោម​នេះ​គឺ​មិនមាន​ការប្រឈមមុខ​នោះដែរ​។ តម្រងនោម​មាន​នាទី​សំខាន់​ណាស់​ចំពោះ​រាងកាយ ដោយ​វា​ជា​កន្លែង​ដែល​ប្រមូល​នូវ​កាកសំណល់​ទាំង​អស់ពី​ក្នុង​ខ្លួន​បញ្ចេញ​ចោល​តាម​ទឹកនោម​។ ក្រៅពីនេះ វា​ក៏​ជួយ​រក្សា​តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​ឈាម រក្សា​កម្រិត pH និង សីតុណ្ហភាព​ផងដែរ​។​



​ទោះបីជា​យ៉ាងណាក៏ដោយ ខាងក្រោម​នេះ​គឺជា​សញ្ញា​ប្រកាសអាសន្ន​មួយចំនួន​នៃ​ជំងឺ​ខ្សោយតម្រងនោម ដែល​អ្នក​គួរតែ​ចងចាំ និង​ស្វែងយល់​មុននឹង​វា​ក្លាយទៅជា​បញ្ហា​ដែល​មិនអាច​ដោះស្រាយបាន​៖

​ពណ៌​របស់​ទឹកនោម​មានការ​ប្រែប្រួល​

​ទឹកនោម​មាន​ពណ៌​រប​ស់វា​ដែល​អាចជួយ​បញ្ជាក់ថា អ្នកមាន​តម្រងនោម​ប្រកបដោយ​សុខភាព​ល្អ ឬ​អត់​។ កាលណា​ទឹកនោម​មាន​ពណ៌​លឿងចាស់ វា​អាចជា​សញ្ញា​បញ្ជាក់ថា​តម្រងនោម​មាន​បញ្ហា​តិចតួច ពណ៌​ត្នោត មាន​បញ្ហា​ធ្ងន់ធ្ងរ ពណ៌​បៃតង មាន​គ្រោះថ្នាក់​ខ្លាំង មាន​ពពុះ អាច​នឹង​ខ្សោយតម្រងនោម​។ ដូច្នេះ​ចូរ​តាមដាន​លើ​បញ្ហា​ទាំងនេះ​ផង​។​

​ឈឺចង្កេះ​តិចតួច ទៅ​ធ្ងន់ធ្ងរ​
​តើ​អ្នក​ចេះតែ​ធ្លាប់មាន​អា​ការៈឈឺ​ចង្កេះ​តិចតួច ឬ​ធ្ងន់ធ្ងរ​ជាប់​រហូត​ដែរ​ទេ​? រឿងនេះ​អាច​ដោយសារតែ​ជំហរ​នៃ​ការ​គេង​មិនល្អ ឬ​អង្គុយ​យូរពេក ប៉ុន្តែ​ក៏​អាច​ដោយសារតែ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដែរ​។ បើសិនជា​រឿងនេះ​កើតឡើង​ជាមួយនឹង​ការ​នោម​ឈឺ នោះ​វា​អាចជា​សញ្ញា​ព្រមាន​មួយ​នៃ​ភាពគ្រោះថ្នាក់​របស់​តម្រង​នោម​ហើយ​។​

​ហើម​ខ្លួន​
​ចាប់តាំងពី​តម្រងនោម​មាន​នាទី​បញ្ចេញ​កាកសំណល់ និង​ជាតិពុល​ពី​ក្នុង​ខ្លួន​មក រាល់​អ្វីៗ​គ្រប់យ៉ាង​ដែល​ធ្វើ​ឲ្យ​ដំណើរ​ការណ៍​របស់​សរី​រា​ង្គ​មួយ​នេះ​មានការ​រំខាន វា​នឹង​ចេញ​ជា​អាកា​រៈ​ហើម​រាងកាយ​ដើម្បី​បញ្ជាក់​អំពី​ភាពមិនប្រក្រតី​ហើយ​។ បើសិនជា​អ្នក​យល់ថា មានការ​ហើម និង​ឈឺចាប់​ក្នុង​ពោះ គ្រលាន ឬ​ចំហៀង​ខ្លួន​ខុសធម្មតា នោះ​អាចជា​សញ្ញា​បញ្ជាក់ថា តម្រងនោម​កំពុងតែធ្វើការ​មិនបាន​ល្អ​ហើយ​។​

​មាន​បញ្ហា​ស្បែក​ញឹកញាប់​

​ក្រៅពី​ហើម​ដែល​បញ្ជាក់ថា តម្រងនោម​ធ្វើការ​មិនបាន​ល្អ ការ​ដែលមាន​បញ្ហា​ស្បែក​ជា​ញឹកញាប់​ក៏​ជាស​ញ្ញា​មួយ​ដែល​បញ្ជាក់​អំពី​ជំងឺ​នៅ​តម្រងនោម​ដែរ​។ នៅពេលដែល​ជាតិពុល​ក​ក​កុញ​ក្នុង​ខ្លួន​ច្រើន វា​នឹង​ជ្រាប់​ចេញទៅ​តាម​ស្បែក ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ការបង្ក​រោគ​លើ​ស្បែក កន្ទួល​រមាស់ និង​ជំងឺ​ស្បែក​ផ្សេងៗ​ទៀត​។​

​ដូច្នេះ ចូរ​ស្វែងយល់​អំពី​អាកា​រៈទាំង​នេះ​ឲ្យ​មែនទែន​ផង ព្រោះ​វា​អាចជួយ​អ្នក​ចៀស​ផុតពី​ផលវិបាក​របស់​ជំងឺ​តម្រងនោម​បាន​។ បើសិនជា​អ្នករក​ឃើញថា​មាន​អាកា​រៈ​ទាំងអស់​ដូចខាងលើ​មែន ចូរ​កុំ​ភ្លេច​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com