អន្តរជាតិ
មន្ត្រីជាន់ខ្ពស់​វៀតណាម​ម្នាក់​អស់តំណែង ព្រោះ​អសមត្ថភាព​ទប់ស្កាត់​ការបំពុល​បរិស្ថាន​
22, Jun 2017 , 10:39 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​វៀតណាម​សម្រេច​ដកហូត​តំណែង​មន្ត្រីជាន់ខ្ពស់​ម្នាក់ និង​ដាក់ទណ្ឌកម្ម​មន្ត្រី​ដប់​នាក់​ផ្សេងទៀត​ដែល​ធ្វេសប្រហែស​ការងារ​ដោយ​ធ្វើ​ឲ្យ​គ្រោះមហន្តរាយ​បរិស្ថាន​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំមុន​។ ការបណ្តេញ​មន្ត្រីជាន់ខ្ពស់​ឋានៈ​ជា​ប្រធាន​នាយក​ដ្ឋា​នេះ ក៏ដោយ​សារ​ជននេះ​គ្មាន​លទ្ធភាព​ឃ្លាំមើល​គម្រោង​ក្រុមហ៊ុន​ដែក​ថែម​តៃវ៉ាន់​ដែល​ធ្វើ​ឲ្យ​លេច​ធ្លាយ​ជាតិពុល​បណ្តាល​ឲ្យ​ងាប់​ត្រី​រាប់​តោន​កាលពី​ឆ្នាំមុន​។​



​មន្ត្រីជាន់ខ្ពស់​ផ្នែក​បរិស្ថាន​ម្នាក់​របស់​វៀតណាម​ឈ្មោះ​លោក Luong Duy Hanh ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការងារ​ដោយសារ​ខ្ជះខ្ជាយ​ក្នុងការ​បំពេញការងារ​ដែល​នាំ​ឲ្យ​មានការ​បំពុល​ទឹក​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំមុន​។​

​សារព័ត៌មាន​វៀតណាម Thahn Nien ផ្សាយ​ថា លោក Luong Duy Hanh មាន​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​និង​ការពារ​បរិស្ថាន​វៀតណាម​។  ពាក់ព័ន្ធ​ការបណ្តេញ​មន្ត្រី​ចេញ​នេះ ក្រសួងបរិស្ថាន​វៀតណាម​បានបញ្ជាក់​ដូច្នេះ​ថា​៖« ក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​សម្រេច​អនុវត្ត​វិន័យ​ដោយ​ដកហូត​តំណែង​លោក Luong Duy Hanh»​។​

​ក្រសួង​បញ្ជាក់​បន្ថែមថា កំហុស​របស់ Duy Hanh គឺ អសមត្ថភាព​ក្នុងការ​ប្រឹក្សា​យោបល់​និង​ផ្តល់​អនុសាសន៍​ពាក់ព័ន្ធ​ការអនុវត្ត​គោលនយោបាយ​ការពារ​បរិស្ថាន នៅពេលដែល​មានការ​សាងសង់​រោងចក្រ​ដែកថែប​តៃវ៉ាន់ Formosa ។​

​តាមពិតទៅ Duy Hanh ស្ថិតក្នុង​ចំណោម​មន្ត្រី​ដប់​មួយ​នាក់ ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម ពាក់ព័ន្ធ​ការធ្វេសប្រហែស​និង​បណ្តែតបណ្តោយ​ឲ្យ​មានការ​លេច​ធ្លាយ​សារធាតុពុល​ពី​រោងចក្រ​Formosa ចូល​ទឹក​ធ្វើ​ឲ្យ​ត្រី​ពុល​ងាប់​រាប់​តោន​កាល​ឆ្នាំមុន​នោះ​។ អគ្គនាយករង​ទីភ្នាក់ងារ​បរិស្ថាន​វៀតណាម​ម្នាក់​ត្រ​វ​បាន​គេ​ដកហូត​តំណែង​រួចរាល់ ហើយ​មន្ត្រី​បួន​នាក់​ផ្សេងទៀត​នោះ​ត្រូវ​ដកហូត​តំណែង​សមាជិក​បក្ស​កុម្មុយនីស្ត​ផងដែរ​។​

​ចំណែក​ក្រុមហ៊ុន​ដែកថែប Formosa ក៏ត្រូវ​រង​ពិន័យ​ជា​ទឹកប្រាក់ ៥០០​លាន​ដុល្លារ​ផងដែរ​ចំពោះ​ការធ្វើ​ឲ្យ​លេច​ធ្លាយ​សារធាតុពុល​ចូល​ទឹក និង​ធ្វើ​ឲ្យ​ត្រី​ងាប់​រាប់​តោន មិន​ធ្លាប់​មុន​ពីមុនមក​នោះ​៕


Tag:
 វៀតណាម​
  Luong Duy Hanh
  Formosa
© រក្សាសិទ្ធិដោយ thmeythmey.com