ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាវុធ​ខុសច្បាប់​៖ កម្ពុជា កំពុង​សហការ​ជាមួយ​ថៃ ស៊ើបអង្កេត​រក​ភស្តុតាង ដើម្បី​កុំ​ឲ្យ​ខូច​ឈ្មោះ​កម្ពុជា​
23, Jun 2017 , 1:19 pm        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តកោះកុង
ភ្នំពេញ​៖ កម្ពុជា កំពុង​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​ស្រាវជ្រាវ​រក​ភស្តុតាង​ឲ្យ​បានច្បាស់លាស់ ទាក់ទង​នឹង​រឿង​អាវុធ​ខុសច្បាប់ ដែល​ភាគី​ថៃ​ចោទ​កម្ពុជា ថា រត់ពន្ធ​អាវុធ​ខុសច្បាប់ ទៅ​លក់​ឲ្យ​ពួកក្រុម​ឧទ្ទាម Karen ដែល​ប្រឆាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។ អាជ្ញាធរ​ថៃ បាន​រឹបអូស​អាវុធ​ខុសច្បាប់​ជាច្រើន​ដើម ដែលថា​នាំ​ពី​ប្រទេស​កម្ពុជា ចូលទៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣ មិថុនា ។

 

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បាន​ឲ្យ​ដឹងថា នៅពេលនេះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក នេ​ត សាវឿន បាន​បន្ត​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ថៃ បើក​ការស៊ើបអង្កេត​លើ​ករណី​រឿង​អាវុធ​ខុសច្បាប់​នេះហើយ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​កម្ពុជា​។ 
 
​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង​រប​ស់លោក​ស្រី មិថុនា ភូ​ថង កាលពី​ថ្ងៃទី​២៣ មិថុនា សម្ដេច ស ខេង បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​ត្រូវ​ស្រាវជ្រាវ​រឿង​(​ជួញដូរ​អាវុធ​ខុសច្បាប់​)​នេះ​ឲ្យ​បាន​លម្អិត​បំផុត ឲ្យ​ដឹងថា​វា​ចេញពី​ត្រង់ណា ទៅ​កន្លែង​ណា ហើយ​អ្នកណា​ធ្វើ​រឿងនេះ​។ ពីព្រោះ​យើង​ក្នុង​ក្របខណ្ឌ​អាស៊ាន​នេះ យើង​ជា​ប្រធាន​ទទួលខុសត្រូវ​ប្រឆាំង​ការជួញដូរ​អាវុធ​។​តែ​ទីបំផុត​បែ​ជា​កម្ពុជា​ខ្លួនឯង​ជា​អ្នកលក់​អាវុធ តើ​យើង​និយាយថា​យ៉ាងម៉េច​? គេ​សរសើរ​កម្ពុជា នៅពេល​កម្ពុជា​ប្រមូល​អាវុធ​យកទៅ​បំផ្លាញចោល ឬ​យក​អាវុធ​ទៅ​ទុក​ក្នុង​ឃ្លាំង …​។​
 
​ទាក់ទង​នឹង​បញ្ហា​អាវុធ​ខុសច្បាប់​នេះ ខាង​ភាគី​ថៃ បាន​អះអាងថា អាវុធ​ខុសច្បាប់​ជាច្រើន​ដើម ដែល​ពួកគេ​រឹបអូស​បាន​នោះ គឺ​បាន​នាំ​ចេញពី​ខេត្តកោះកុង ប្រទេស​កម្ពុជា​។ ហើយ​សារព័ត៌មាន​ថៃ បាន​ចុះផ្សាយ​ព្រោងព្រាត​ថា លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​អាវុធ​ខុសច្បាប់​នេះ​។​
 
​តែ​យ៉ាងណា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ស្នើ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ថៃ​សុំទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​អាវុធ​ខុសច្បាប់ យកទៅលក់​នៅ​ប្រទេស​មី​យ៉ាន​ម៉ា​។ 
 
​កាលពី​ថ្ងៃទី​០៣ មិថុនា អាជ្ញាធរ​ថៃ បាន​បើក​ការស៊ើបអង្កេត និង​រឹបអូស​បាន​អាវុធ​ជាច្រើន​ដើម នៅក្នុង​ឡាន​មួយ​បាំង​កន្លះ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវ​មួយ​ក្នុង​ខេត្ត​ត្រាច នៃ​ប្រទេស​ថៃ​។ អាវុធ​ទាំងនោះ​រួមមាន កាំភ្លើង​២៩​ដើម​,​កាំភ្លើងយន្ត​៤​ដើម​,​គ្រាប់បែក​៥៣ គ្រាប់ និង​គ្រាប់កាំភ្លើង​ជាង​៤០០០​គ្រាប់​៕

Tag:
 ​កម្ពុជា​
 ​ថៃ​
 ​អាវុធ​ខុសច្បាប់​
© រក្សាសិទ្ធិដោយ thmeythmey.com