អន្តរជាតិ
លោក ម៉ា​ក្រុង ថា លោក​មិនទាន់​ឃើញ​អ្នក​ស័ក្តិសម​អាច​ជំនួស​លោក អាសាដ នៅ​ស៊ី​រី​ឡើយ​
23, Jun 2017 , 2:02 pm        
រូបភាព
​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ទទួលស្គាល់ថា ប្រធានាធិបតី បា​សា អាល់​អាសាដ ជា​តួអង្គ​សំខាន់​មួយ​ក្នុងការ​បញ្ចប់សង្គ្រាម​ស៊ី​រី​និង​កម្ចាត់​ភេរវកម្ម​ផង​។ លោក​មិន​យល់​ដូច​មេដឹកនាំ​បារាំង​មុនៗ​ថា ការបណ្តេញ​មេដឹកនាំ​ស៊ី​រី​រូបនេះ​ចេញពី​តំណែង​ជា​ដំណោះស្រាយ​ឆ្លាត​វ័យ​ឡើយ​។



​ការបណ្តេញ​ប្រធានាធិបតី បា​សា អាល់​អាសាដ ពី​តំណែង​មិនមែនជា​រឿង​អាទិភាព​ទៀតឡើយ​។ មេដឹកនាំ​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង លើកឡើង​បែបនេះ នៅពេលដែល​លោក​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Sueddeutsche Zeitung​។

​ខុសពី​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​បណ្តា​មេដឹកនាំ​លោកខាងលិច​ផ្សេងទៀត លោក ម៉ា​ក្រុង យល់ឃើញថា គ្មាន​អ្នកណាម្នាក់​ដែល​ស័ក្តិសម​ស្នង​តំណែង​ប្រ​ធានា​ធិ​បតី អាសាដ ដោយ​ស្របច្បាប់​ឡើយ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​៖ « ការយល់ឃើញ​ថ្មី​មួយ​ដែល​ខ្ញុំ​មាន​ចំពោះ​វិបត្តិ​ស៊ី​រី​គឺ​ខ្ញុំ​មិន​យល់ថា​ការចាកចេញ​របស់លោក អាសាដ ជា​លក្ខ​ខ​ណ្ខ​ដែល​ត្រូវ​កំណត់​ជាមុន​សម្រាប់​ការដោះស្រាយ​បញ្ហា​ឡើយ ព្រោះ​វា​មិនមាន​អ្នកណា​មួយ​បង្ហាញ​ឲ្យ​ខ្ញុំ​ជឿជាក់ថា គេ​ស័ក្តិ​សមជា​អ្នក​ស្នង​តំណែង​លោក អាសាដ​ឡើយ​»​។

​ក្រៅពី​មិន​គាំទ្រ​ការបណ្តេញ​មេដឹកនាំ​ស៊ី​រី​ពី​តំណែង លោក ម៉ា​ក្រុង ក៏​ចាត់ទុក​ការ​កម្ចាត់​ក្រុម​ភេរវជន​ជា​រឿង​អាទិភាព​មួយ ដែល​វា​ប្រហាក់ប្រហែល​នឹង​គោលជំហរ​របស់​មេដឹកនាំ​រុស្ស៊ី​ដែរ​។ ហើយ​លោក​សំឡឹង​ឃើញ​ការ​រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី​ជា​រឿង​សំខាន់​មួយ​ដើម្បី​ឈានទៅ​ទទួល​ជ័យជម្នះ​លើ​ក្រុម​ភេរវជន​ផងដែរ​។​

«​ជំហរ​របស់ខ្ញុំ​ច្បាស់លាស់​ណាស់​។ ទីមួយ​យើង​ត្រូវ​កម្ចាត់​ក្រុម​ភេរវជន ព្រោះ​ពួកគេ​ជាស​ត្រូវ​ពិតប្រាកដ​របស់​យើង​។ បន្ទាប់មកទៀត​គឺ​ការពារ​ស្ថិរភាព​និង​អធិបតេយភាព​ស៊ី​រី​។ ខ្ញុំ​យល់ថា វា​ត្រូវការ​ដំណោះស្រាយ​ការទូត​និង​នយោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដោយ​មិនមែន​ប្រើប្រាស់​យោធា​ឡើយ​»​។ លោក ម៉ា​ក្រុង បានលើកឡើង​បែបនេះ​។​

​សង្គ្រាម​ស៊ី​រី​ផ្ទុះឡើង​នៅ​ឆ្នាំ ២០១១ ដោយមាន​ចលនា​ប្រដាប់អាវុធ​ប្រឆាំង​រដ្ឋាភិបាល​លេច​រូបរាង​ឡើង​ផុសផុល​។ រដ្ឋាភិបាល​បរទេស​រួមទាំង​អាមេរិក​ផង​នោះ​ចេញមុខ​ប្រឆាំង​របប​ដឹកនាំ​លោក អាសាដ ដោយ​ផ្តល់​លុយកាក់ និង​អាវុធ​ដល់​ក្រុម​ឧទ្ទាម​ដើម្បី​ច្បាំង​ផ្តួលរំលំ​ប្រឆាំង​រដ្ឋាភិបាល​បន្តបន្ទាប់​។​ប៉ុន្តែ អាវុធ​ទំនើប​ដែល​លោកខាងលិច​ផ្តល់​ក្រុម​ឧទ្ទាម ក៏​ធ្លាក់​ចូលក្នុង​ដៃ​ក្រុម​ភេរវជន​ដែរ​។​

​រហូតដល់​ឆ្នាំ ២០១៥ រដ្ឋាភិបាល​ស៊ី​រី​បាន​រឹង​ដៃ​រឹង​ជើង​ឡើងវិញ ដោយមាន​ការជួយជ្រោមជ្រែង​ពី​កងកម្លាំង​រុស្ស៊ី និង​អ៊ីរ៉ង់​។ ខែកញ្ញា​ឆ្នាំ ២០១៥ រុស្ស៊ី​ចូលប្រឡូក​ក្នុង​សង្គ្រាម​ស៊ី​រី​ជា​លើកដំបូង​បំផុត​ក្រោមលេស​ប្រឆាំង​ភេរវកម្ម ហើយ​កងទ័ពអាកាស​រួមជាមួយ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ត្រូវបាន​គេ​ពង្រាយ​ទៅ​ស៊ី​រី​។​ជា​បន្តបន្ទាប់​រុស្ស៊ី​ពង្រាយ​នាវាចម្បាំង​ផង និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ផង​ទៅកាន់​ស៊ី​រី​ដើម្បី​ការពារ​កងទ័ព​ខ្លួន និង​កំញើញ​បណ្តា​កង​ទ័​ម​ព​លោកខាងលិច​ដែល​ទម្លាក់​គ្រាប់បែក​នៅ​ស៊ី​រី​ដោយ​គ្មាន​ការអនុញ្ញាត​នោះ​។ កងទ័ព​រុស្ស៊ី​នៅ​ទីនោះ​ដើរតួនាទី​សំខាន់​ដោយ​ធ្វើជា​ទីប្រឹក្សា​សឹក​ផង និង​វាយប្រហារ​កម្ចាត់​ភេរវជន ក៏ដូចជា​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ដែរ​៕


Tag:
 អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  បា​សា អាល់​អាសាដ​
  ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com