កីឡាជាតិ
ជាតិ
លោក ជា ច័ន្ទ​បរិបូរណ៍ ប្តេជ្ញា​គ្រប់គ្រង E-Sport មិន​ឲ្យ​ក្លាយជា​ល្បែងស៊ីសង​
23, Jun 2017 , 2:58 pm        
រូបភាព
លោក ជា ច័ន្ទបរិបូរណ៍
លោក ជា ច័ន្ទបរិបូរណ៍
ដោយ:
​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​(E-Sport)​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។ អនុប្រធាន​សហព័ន្ធ E-Sport លោក ជា ច័ន្ទ​បរិបូរណ៍ ប្តេជ្ញា​គ្រប់គ្រង​កីឡា​នេះ​មិន​ឲ្យ​វិ​វត្ត​ទៅជា​ល្បែងស៊ីសង​។ លោក នឹង​ត្រួតពិនិត្យ​រាល់​សកម្មភាព​ប្រកួត​កីឡា E-Sport របស់​ក្រុមហ៊ុន និង​ដៃគូ​ឧបត្ថម្ភ​នានា​។



​ក្រោយ​កីឡា E-Sport បានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី NOCC ថ្នាក់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​អះអាងថា នឹង​តាមដាន ត្រួតពិនិត្យ​រាល់​សកម្មភាព​ប្រកួត​កីឡា E-Sport នានា​របស់​បណ្តា​ក្រុមហ៊ុន​ឯកជន​។ ការធ្វើ​បែបនេះ ដើម្បី​ធានា និង​ជំ​រះ​មន្ទិល​ដល់​សាធារណៈជន​ដែល​តែងតែ​យល់ច្រឡំ​ថា​កីឡា E-Sport ជា​ល្បែងស៊ីសង​។

​ជាមួយគ្នានេះ លោក ជា ច័ន្ទ​បរិបូរណ៍ អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ប្តេជ្ញា​ថា នឹង​គ្រប់គ្រង​មិន​ឲ្យ​មានការ​ភ្នាល់​លុយ​រាល់​ការប្រកួត​កីឡា E-Sport​។​«​យើង​មិន​ឲ្យ​កីឡា E-Sport ក្លាយជា​ល្បែងស៊ីសង​ទេ ត្រង់ចំណុច​នេះហើយ ទើប​យើង​ត្រូវតែ​ត្រួតពិនិត្យ តាមមើល ពិគ្រោះ​យោបល់ និង​សង្កេតការណ៍​រាល់​ការប្រកួត​»​។ នេះ​ជា​អះអាង​របស់លោក ជា ច័ន្ទ​បរិបូរណ៍ ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ចែករំលែក​បទពិសោធន៍​កីឡា E-Sport ក្នុងប្រទេស​សមាគម​អាស៊ាន​។

​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​អំពើ​ខុសច្បាប់​កើនឡើង​ជាយថាហេតុ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា E-Sport នានា លោក ជា ច័ន្ទ​បរិបូរណ៍ ស្នើ​ឲ្យ​ក្រុមហ៊ុន​ឯកជន ឬ​ដៃគូ​ឧបត្ថម្ភ​ដែល​ចង់​រៀបចំ​ការប្រកួត​នានា​ត្រូវសុំ​ការអនុញ្ញាត ឬ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​សហព័ន្ធ​កីឡា E-Sport កម្ពុជា​។

​បើ​យោងតាម​អនុប្រធាន​សហព័ន្ធ​រូបនេះ ថ្នាក់ដឹកនាំ​កីឡា E-sport បាននិងកំពុង​រៀបចំ​បង្កើត​សហព័ន្ធ​កីឡា E-Sport អាស៊ាន ដើម្បី​ដាក់បញ្ចូល​កីឡា​សក្តានុពល​នេះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៧ ខែមិថុនា កម្ពុជា​បានធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ចែករំលែក​បទពិសោធន៍​កីឡា E-Sport ដែលមាន​វៀតណាម និង​សិង្ហ​បុរី​ចូលរួម​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​ត្រៀម​បង្កើត​សហគមន៍​កីឡា E-Sport អាស៊ាន​សម្រាប់​ឈានទៅ​បង្កើត​សហព័ន្ធ​កីឡា E-Sport អាស៊ាន​៕


Tag:
 E-Sport
  ជា ច័ន្ទ​បរិបូរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com