អន្តរជាតិ
ប្រធានាធិបតី ត្រាំ ថា លោក​អត់​ចង់​ឲ្យ​អ្នកក្រ​កាន់ការ​ងារ​សេដ្ឋកិច្ច​ឡើយ
23, Jun 2017 , 5:08 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ពេលជួបជាមួយអ្នកគាំទ្រនៅរដ្ឋ Iowa (រូបភាព Reuters)
ប្រធានាធិបតី ដូណាល់ ត្រាំ ពេលជួបជាមួយអ្នកគាំទ្រនៅរដ្ឋ Iowa (រូបភាព Reuters)
​ដូច​បានដឹង​ស្រាប់ សមាជិក និង​មន្ត្រី​ភាគច្រើន​រដ្ឋាភិបាល​រប​ស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គឺជា​មហាសេដ្ឋី​លុយ​វាល់​លាន​ដុល្លារ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ធំៗ​ជាដើម​។ មិន​ថា​រដ្ឋមន្ត្រី ឬ​ទីប្រឹក្សា​ឡើយ គឺ​ភាគច្រើន​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ធំៗ ជំនាញ​ខាង​រកស៊ី​ទាំងអស់​។ លោក ត្រាំ បាន​ហៅ​ការតែងតាំង​អ្នកមាន​ឲ្យ​កាន់តំណែង​ធំ​ជាពិសេស​តំណែង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជា​រឿង​ត្រឹមត្រូវ ព្រោះនេះ​ជា​អ្វីដែល​លោក​ចង់បាន​។​



​សមាជិក​រដ្ឋាភិបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនសូវ​សម្បូរ​អ្នកជំនាញ ឬ​អ្នកមាន​បទពិសោធ​ក្នុង​វិស័យ​នយោបាយ​ឡើយ តែ​សម្បូរ​ទៅដោយ​ពួក​មហាសេដ្ឋី​វិញ​។ នៅ​ថ្ងៃទី​២២ ខែមិថុនា​ប្រធានាធិបតី​អាមេរិក​មាន​សាវតា​ជា​មហាសេដ្ឋី​រូបនេះ​បាន​និយាយ​ការពារ​ការតែងតាំង​អ្នកមាន​នៅក្នុង​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ទទួល​ការងារ​សេដ្ឋកិច្ច​។ លោក​និយាយថា លោក​មិន​ចង់បាន​អ្នកក្រ​កាន់តំណែង​សេដ្ឋកិច្ច​ឡើយ​។

​ចំពោះមុខ​ប្រជាជន​អាមេរិក​នៅ​រដ្ឋ Iowa លោក​ប្រធានាធិបតី ត្រាំ និយាយថា មាន​ខ្លះ​សួរ​លោក​ហេតុអ្វី​បានជា​តែងតាំង​អ្នកមាន​ឲ្យ​កាន់​ការងារ​សេដ្ឋកិច្ច​។ លោក​ឆ្លើយ​វិញ​ថា នេះ​ជាការ​ពិត ហើយ​ជា​អ្វីដែល​លោក​ចង់បាន​។ លោក ត្រាំ សង្កត់ធ្ងន់​ទៀតថា លោក​ស្រឡាញ់​ចូលចិត្ត​មនុស្ស​គ្រប់គ្នា ទាំង​អ្នកមាន ទាំង​អ្នកក្រ ប៉ុន្តែ​ចំពោះមុខ​តំណែង​ខ្លះ​វិញ លោក​មិន​ចង់​តែងតាំង​អ្នកក្រីក្រ​ឲ្យ​កាន់​ការងារ​ទាំង​នោះទេ​។​

​លោក ត្រាំ ដែលជា​មហាសេដ្ឋី​មកពី​ក្រុង New York បាន​និយាយ​ការពារ​ការតែងតាំង​អតីត​ប្រធាន​ក្រុមហ៊ុន Goldman Sachs លោក Gary Cohn ជា​ប្រធាន​ទីប្រឹក្សា​សេដ្ឋកិច្ច និង​មហាសេដ្ឋី​ខាង​វិនិយោគ លោក Wilbur Ross ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​។ បើតាម​សារព័ត៌មាន Guardian លោក​ពន្យល់ថា លោក Cohn និង​លោក Ross បាន​បោះបង់​ប្រាក់ចំណូល​រាប់លាន​ដុល្លារ មក​ធ្វើជា​មន្ត្រី​របស់លោក​ទៅវិញ ហើយ​ទទួល​ចំណូល​ស្ដួចស្ដើង​ទៅទៀត​។​

​មុន​កាន់តំណែង​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់លោក ត្រាំ លោក Cohn ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Goldman Sachs ដែល​រកស៊ី​ខាង​ហិរញ្ញវត្ថុ​។ អតីត​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Goldman Sachs ដែល​កំពុង​បម្រើការ​ក្នុង​រដ្ឋបាល​លោក ត្រាំ មាន​លោក Steve Bannon ទីប្រឹក្សា​សេត​វិមាន និង​លោក Steven Mnuchin ដែល​កំពុង​កាន់តំណែង​រដ្ឋមន្ត្រី​រតនាគារ​។ ពួកគេ​ទាំងបី​នេះ​សុទ្ធតែជា​អ្នកជំនួញ​ប្រាក់​រាប់លាន​ឯណោះ​។

​ដោយឡែក រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Ross ក៏​ជា​មហាសេដ្ឋី​ម្នាក់​ដែរ​។ លោក Ross ធ្លាប់​បម្រើការ​នៅ​ធនាគារ Rothschild & Co. និង​ធ្លាប់ជួយ​លោក ត្រាំ ច្រើនលើក​ពី​ការដួលរលំ​មុខ​ជំនួញ​។ ដោយសារ​ការតែងតាំង​អ្នកជំនួញ​ច្រើន​នាក់​ក្នុង​ជួរ​រដ្ឋាភិបាល លោក ត្រាំ ក៏​រង​ការរិះគន់​មិន​ស្ទើរ​ដែរ ព្រោះតែ​ការបារម្ភ​ថា ជម្លោះ​ផលប្រយោជន៍​នឹង​អាច​កើតឡើង​មិន​ខាន​ដោយសារ​ការ​ជំពាក់​វា​ក់វិន​ជាមួយ​អ្នកជំនួញ​ឯទៀត​៕   


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com