បទយកការណ៍ / បទសម្ភាសន៍
លោក យ៉ាន ឧ​ត្ត​ម ថា​បាក់​ឌុប​ជា​ស្ពាន​ឆ្លង​ទៅរក​ភាពជោគជ័យ​ក្នុងការ​សិក្សា​
24, Jun 2017 , 10:19 pm        
រូបភាព
​សមាគមនិស្សិត​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(CAM_ASEAN ) នឹង​រៀបចំ​សិក្ខាសាលា​ស្តីពី​យុទ្ធសាស្ត្រ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ នៅ​សាល​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។



​លោក យ៉ាន ឧ​ត្ត​ម ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន នៃ​វិទ្យាស្ថាន​CAM_ASEAN បញ្ជាក់​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា សិក្ខាសាលា​នេះ មាន​គោលដៅ​ដាស់​ស្មារតី​ដល់​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប​ក្នុង​ឆ្នាំ​សិក្សា​នេះ និង​ឆ្នាំ​សិក្សា​ក្រោយៗ​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកចូលរួម​ប្រមាណ​២​ពាន់​នាក់ ដែល​អ្នករៀបចំ​រំពឹងថា​ជា​សិស្ស​ដែល​កំពុង​សិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ អាច​ទទួលបាន​គន្លឹះ​រៀនសូត្រ ដែល​មិន​ត្រឹមតែ​ដើម្បី​ទទួលបាន​និទ្ទេស​ល្អ​ក្នុង​ការប្រឡង​បាក់​ឌុប​ទេ ប៉ុន្តែ​ជា​ឱ​កា​សម្រាប់​ពួកគេ​ត្រៀមខ្លួន​ចាប់យក​អាហារូបករណ៍​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ផងដែរ​។

​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​រូបនេះ បញ្ជាក់​ដូច្នេះ​៖«​ការប្រឡង​ថ្នាក់​ទី​១២ គឺជា​ការប្រឡង​ដ៏​សំខាន់​ដើម្បី​ឲ្យ​យើង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ឲ្យ​យើង​ចូលរៀន​ថ្នាក់​មហាវិទ្យាល័យ​បាន​»​។ លោក បន្តទៀតថា​៖«​ថ្នាក់​ទី​១២ គឺជា​ស្ពាន​ឲ្យ​គាត់​ជោគជ័យ​ក្នុងការ​សិក្សា ដូច្នេះ​បើ​គាត់​ត្រៀមខ្លួន​ល្អ គាត់​អាច​មានឱកាស​ទទួលបាន​អាហារូបករណ៍​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​អ្នកដទៃ​ឲ្យ​តម្លៃ​គាត់​ទៅតាម​ហ្នឹង​ដែរ​»​។

​បើតាម លោក យ៉ាន ឧ​ត្ត​ម វាគ្មិន​ជា​សិស្ស​និទ្ទេស A ក្នុង​ឆ្នាំ​២០១៥ និង​២០១៦ ចំនួន​៥​រូប នឹង​ចែករំលែក​បទពិសោធន៍ និង​គន្លឹះ​សិក្សា​លើ​មុខវិជ្ជា​សំខាន់ៗ​ចំនួន​៥ គឺ​ភាសា​ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវៈវិទ្យា​។

​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សា​រព​៧​ត៌មាន​ថ្មីៗ និង​លោក យ៉ាន ឧ​ត្ត​ម ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន នៃ​វិទ្យាស្ថាន​CAM_ASEAN  ដូចតទៅ​៖




​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ​លេខ​ទូរ​សព្ទ ០៩៦ ៤៤៨ ៥៦ ២៨ , ០៨១ ៤០០ ៦៨៧ និង​លេខ ០៦៩ ២៤៦២៤៣ ឬ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​វិទ្យាស្ថាន CAM_ASEAN ដែលមាន​អាស័យដ្ឋាន https://www.facebook.com/camaseaninstitute




Tag:
 យ៉ាន ឧ​ត្ត​ម​
  ​បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com