កីឡាជាតិ
ជាតិ
ឆៃ សា​រ៉ា ទទួលស្គាល់ ឃីម ឌី​ម៉ា ជា​ជើង​ខ្លាំង​ក្រោយ​ចាញ់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ
25, Jun 2017 , 5:59 pm        
រូបភាព
ដោយ:
​អ្នកលេង​គុន​ខ្មែរ ឆៃ សា​រ៉ា មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ទទួលស្គាល់ថា ឃីម ឌី​ម៉ា ជា​កីឡាករ​មាន​សមត្ថភាព និង​បច្ចេកទេស​ប្រយុទ្ធ​ខ្ពស់​មួយរូប​នៅ​កម្ពុជា បន្ទាប់ពី រូបគេ បាន​ប្រកួត​ចាញ់ ឃីម ឌី​ម៉ា ដោយ​ពិន្ទុ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃទី​២៤ មិថុនា​។​



​កីឡាករ ឃីម ឌី​ម៉ា បាន​ក្លាយជា​ម្ចាស់​ជើងឯក​ទម្ងន់​៦៣,៥​គីឡូក្រាម របស់​សង្វៀន CNC ជាមួយ​ទឹកប្រាក់​២០​លាន​រៀល និង​ខ្សែក​រមាស​៣​ជី​។ អ្នកលេង​គុន​ខ្មែរ មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ឆៃ សា​រ៉ា ទទួលស្គាល់ថា កីឡាករ ឃីម ឌី​ម៉ា ជា​ជើង​ខ្លាំង​មួយរូប​របស់​កម្ពុជា ដូច​ទៅនឹង​ការគិត​របស់​រូបគេ ក៏ដូចជា​ទស្សនិកជន​ពិតប្រាកដ​មែន​។ ការទទួលស្គាល់​បែបនេះ បន្ទាប់ពី ឃីម ឌី​ម៉ា បាន​យកឈ្នះ ឆៃ សា​រ៉ា ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​គោ​ជល់ វគ្គ​ទី​៧ ទម្ងន់​៦៣,៥​គីឡូក្រាម របស់​សង្វៀន CNC កាលពី​យប់​ថ្ងៃទី​២៤ ខែមិថុនា​។​

​តាមរយៈ​ការប្រកួត​៥​ទឹក​ពេញ គេ​សង្កេតឃើញ ឆៃ សា​រ៉ា បាន​សម្រុក​ដើរចូល​ទៅរក​គូប្រកួត ស្ទើរ​ទាំង​៥​ទឹក ខណៈ ឃីម ឌី​ម៉ា ហាក់​ខ្លាច​ជាមួយ​កម្លាំង​ដ៏​ខ្លាំង​របស់ សា​រ៉ា បាន​ត្រឹម​ថយ ដើម្បី​រក​ឱកាស​ចន្លោះប្រហោង សម្រាប់​វាយបក​តែប៉ុណ្ណោះ​។ នៅក្នុង​ទឹក​ទី​១ ដែលជា​ទឹក​ស្ទាបស្ទង់​កម្លាំង ឌី​ម៉ា បាន​ប្រើ​កែង​ឆ្វេង​ទៅលើ​ផ្ទៃមុខ សា​រ៉ា ដែល​ព្យាយាម​ដើរចូល​បាន​យ៉ាង​ល្អ​។ មួយ​កែង​របស់ ឌី​ម៉ា បានធ្វើ​ឲ្យ សា​រ៉ា ក្តៅស្លឹកត្រចៀក បន្ត​ដើរចូល​ដោយ​ប្រើ​ជើង​ទាត់​ជាច្រើន ទៅលើ ឌី​ម៉ា ដែល​ព្យាយាម​ថយ តែ​ហាក់​មិនបាន​ផល ព្រោះ​ត្រូវបាន ឌី​ម៉ា គេចផុត​។ ផ្ទុយទៅវិញ សម្រាប់​ការដើរ​ចូល​របស់ សា​រ៉ា ក្នុង​ទឹក​ទី​២ បែរជា​ត្រូវផ្លែ​កែង​ឆ្វេង​-​ស្តាំ​ពេញៗ​របស់ ឌី​ម៉ា​។ នៅ​ទឹក​ទី​៣ និង​ទី​៤ កីឡាករ​ទាំង​ពីរបាន​ប្តូរ​កែង និង​កណ្តាប់ដៃ​គ្នា​ទៅវិញទៅមក តែ ឌី​ម៉ា ហាក់​ប្រើ​ចំ​គោលដៅ​ច្រើនជាង​។ នៅ​ពាក់កណ្តាល​ទឹក​ទី​៤ ឌី​ម៉ា ប្រើ​ជើង​ទាត់​ទៅលើ​ជើង សា​រ៉ា ធ្វើ​ដួល​នៅលើ​សង្វៀន​។



​នៅ​ទឹក​ទី​៥​ដែលជា​ទឹក​ផ្តាច់ព្រ័ត្រ សា​រ៉ា នៅ​ប្រកាន់​គោលជំហរ​ដើរចូល​សំដៅទៅ ឌី​ម៉ា ដែល​ប្រកាន់​ជំហរ​ថយ​ដដែល​។ តែ​យ៉ាងណា ការ​ថយ​ជាមួយ​បច្ចេកទេស ឌី​ម៉ា បាន​ប្រើ​កណ្តាប់​មួយ​ទំហឹង ទៅលើ​ផ្ទៃមុខ សា​រ៉ា ដើម្បី​កាត់បន្ថយ​ការ​សម្រុក​។

​ទោះបី​យ៉ាងនេះ​ក្តី សា​រ៉ា មិន​បោះបង់​ជំហរ​នោះឡើយ ពោលគឺ​បន្ត​ចូល​រហូត​ត្រូវ ឌី​ម៉ា ទាត់​មួយ​ជើង​វិល​មួយ​ជុំ​ខ្លួន​។ ឌី​ម៉ា បន្ត​ថយ​ឯ សា​រ៉ា បន្ត​ចូល​រហូត​ចប់​ទឹក​ទី​៥ ដែលជា​ទឹក​អាជ្ញាកណ្តាល​កាត់សេចក្តី​ឲ្យ ឌី​ម៉ា ឈ្នះ​ដោយ​ពិន្ទុ​។​

​តាមរយៈ​បទ​សម្ភាស​ក្រោយ​ការប្រកួត ឌី​ម៉ា បានបញ្ជាក់​ពី​ការ​ថយ និង​ការមិន​ហ៊ាន​ប្តូរ​កណ្តាប់ដៃ​ជាមួយ សា​រ៉ា យ៉ាង​ដូច្នេះ​ថា ដោយសារ​រូបគេ​មាន​របួស​ដៃ និង​ម្យ៉ាងទៀត​ដោយសារ​ការ​ចាញ់​កម្លាំង​កីឡាករ ឆៃ សា​រ៉ា បានជា​រូបគេ​ត្រូវ​បង្វឹក​ចិត្ត ដកថយ​រហូត​ចប់​ទឹក​ទី​៥ ។

​ជ័យជម្នះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ធ្វើ​ឲ្យ​កីឡាករ ឃីម ឌី​ម៉ា ក្លាយជា​ម្ចាស់​ជើងឯក​សមរភូមិ​ភេសជ្ជៈ​គោ​ជល់ លើក​ទី​៧ ទម្ងន់​៦៣,៥​គីឡូក្រាម របស់​សង្វៀន CNC ជាមួយ​ប្រាក់រង្វាន់​លើកទឹកចិត្ត​២០​លាន​រៀល និង​ខ្សែ​កមាស​៣​ជី​។ ចំណែក​កីឡាករ ឆៃ សា​រ៉ា ជា​ម្ចាស់​ម្ចាស់​ជើងឯក​រង ជាមួយ​ប្រាក់រង្វាន់​លើកទឹកចិត្ត​១០​លាន​រៀល និង​ខ្សែ​កមាស​៣​ជី រីឯ​លេខ​៣​បាន​ទៅ​កីឡាករ​ថៃ ដោយបាន​ថវិកា​៦​លាន​រៀល និង​ខ្សែក​៣​ជី ខណៈ​លេខ​៤​កីឡាករ ឌុ​ម កែវ​ដា បាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​៤​លាន​រៀល​៕


Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  ឃីម ឌី​ម៉ា​
  ឆៃ សា​រ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com