ជាតិ
យុវជន​មួយចំនួន ផ្ដើម​ស្វែងយល់​ពី​គន្លឹះ​កសាង​ខ្លួន​ក្លាយជា​យុវជន​ឆ្នើម​
27, Jun 2017 , 8:59 am        
រូបភាព
កញ្ញា សាំង លីណែត
កញ្ញា សាំង លីណែត
​ភ្នំពេញ​៖ យុវជន​កម្ពុជា​មួយចំនួន​នាពេល​បច្ចុប្បន្ន បាន​ចាប់អារម្មណ៍ និង​ចង់​កសាង​ខ្លួន​ក្លាយទៅជា​យុវជន​ឆ្នើម​។ ការចង់​ក្លាយជា​យុវជន​ឆ្នើម​នេះ ជា​គោលដៅ​របស់​យុវជន​មួយចំនួន ដែល​ពួកគេ​គិតថា​ដើម្បី​ក្លាយជា​យុវជន​ឆ្នើម តើ​គួរ​ធ្វើយ៉ាងណា ដោយ​របៀប​ណា​។  ក្នុង​សិក្ខាសាលា ស្ដីពី​គន្លឹះ​កសាង​ខ្លួន​ជា​យុវជន​ឆ្នើម​សតវត្ស​ទី​២១ ដែល​រៀបចំ​ដោយ​ក្រុមយុវជន YVSD នៅ​ព្រឹក​ថ្ងៃទី​២៥ មិថុនា បាន​ចែករំលែក និង​បង្ហា​ញគ​ន្លឺះ​ដល់​អ្នកចូលរួម​ដើម្បី​កសាង​ខ្លួន​ជា​យុវជន​ឆ្នើម​។​



​យុវជន​ជាច្រើន​រយ​នាក់ មកពី​គ្រឺះ​ស្ថាន​អប់រំ និង​បុគ្គលិក​ក្រុមហ៊ុន​ផ្សេងៗ បាន​ចំណាយពេល​ចូលរួម ស្ដាប់​ក្នុង​សិក្ខាសាលា ស្ដីពី​គន្លឹះ​កសាង​ខ្លួន​ជា​យុវជន​ឆ្នើម​សតវត្ស​ទី​២១​។ សិក្ខាសាលា​នេះ ជា​វេទិកា​មួយ រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​ក្នុងការ​កំណត់​គោលដៅ​ជីវិត ការទំនាក់ទំនង  ការចាប់​ឱកាស​ក្នុងការ​សិក្សា រួមទាំង​ការងារ និង​ការទទួល​ព័ត៌មាន​ប្រកបដោយ​ប្រសិទ្ធភាព​។​



​ក្នុង​សិក្ខាសាលា​នេះ មាន​វាគ្មិន​ចូលរួម ជា​បុគ្គល​ឆ្នើម​ក្នុងសង្គម និង​មានបទពិសោធន៍​ច្រើន​ក្នុង​ការសិក្សា និង​ការងារ​។ វាគ្មិន​ទាំងនោះ រួមមាន កញ្ញា អ៊ុង ច័ន្ទ​សោភា ផលិតករ និង​ពិធី​ការិនី ព័ត៌មាន លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ និង​លោក ហ៊ុយ សម្បត្តិ សហ​ស្ថាបនិក Youth Force​។ វាគ្មិន​ទាំង​៣​រូបនេះ បានធ្វើ​បទ​បង្ហាញ និង​ពន្យល់​ដល់​យុវជន​ទាំងនោះ ពី​ការប្រាស្រ័យ​ទំនាក់ទំនង និង​ការកំណត់​គោលដៅ​ផ្សេងៗ រួមទាំង​ការចាប់​ឱកាស​ជាដើម​។​

​កញ្ញា សាំង លី​ណែ​ត ប្រធាន​គម្រោង​ក្នុងការ​បង្កើត​សិក្ខាសាលា​នេះ បាន​លើកឡើងថា​៖ «​ការបង្កើត​សិក្ខាសាលា​នេះ ដោយសារតែ​ខ្លួនឯង​ជួបប្រទះ​ផ្ទាល់ ពី​កង្វះខាត​នៃ​ការកំណត់​គោលដៅ​ជីវិត ការទំនាក់ទំនង និង​ការទទួលបាន​ព័ត៌មាន​»​។ កញ្ញា លី​ណែ​ត បន្ថែមថា ការបង្កើត​គម្រោង​ដោយ​ខ្លួនឯង​នេះ កើតចេញពី​ការស្ម័គ្រចិត្ត​ក្នុង​កិច្ចការ​សង្គម ដែល​ធ្វើ​ឲ្យ​នាង​មានឱកាស​អាចបង្កើត​គ​ម្រោ​ង​នេះ​ឡើង​។



​យុវជន តាត វិម​លក​ញ្ច​រិ​ទ្ធ ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​យល់ឃើញថា ការចូលរួម​សិក្ខាសាលា​នេះ បានធ្វើ​ឲ្យ​រូបគេ​ទទួលបាន​ចំណេះដឹង​ច្រើន ថ្មីៗ និង​ការពុះពារ​ឧបសគ្គ រួមទាំង​ការអាន​សៀវភៅ​ផងដែរ​។ និស្សិត​រូបនេះ ចង់​អភិវឌ្ឍ​ខ្លួន និង​ចង់​ជោគជ័យ​ដូច​យុវជន​ដទៃទៀត ទើប​រូបគេ​ចំណាយពេល​ស្វែងយល់​ពី​គន្លឹះ​នៃ​កសាង​ខ្លួន​ក្លាយជា​យុវជន​ឆ្នើម​បែបនេះ​។

​ចំណែក យុវតី ឈឿន ជា​រឿន ជា​និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​លើកឡើងថា ការចូលរួម​សិក្ខាសាលា​នេះ បានធ្វើ​ឲ្យ​នាង​មាន​ភាពក្លាហាន​ក្នុង​ការធ្វើ​អ្វីមួយ និង​មានការ​ចូលរួម​ក្នុងសង្គម​ផ្សេងៗ​។ យុវតី​រូបនេះ បន្តថា សិក្ខាសាលា​នេះ មាន​បុគ្គល​ល្បីៗ មក​ចែករំលែក​បទពិសោធន៍ ដល់​យុវជន​ជំនាន់​ក្រោយ ដែល​ផ្ដល់​ជាគ​ន្លឺះ និង​លើកទឹកចិត្ត​ដល់​យុវជន ឲ្យ​មាន​សកម្មភាព​ក្នុងសង្គម​។ កញ្ញា ជា​រឿន បន្ថែមថា​ការចូលរួម​នេះ មិន​ខាត​ពេល​សម្រាប់​នាង និង​យុវជន​ដទៃទៀត​នោះទេ​។



​ក្រោយពី​បញ្ចប់​សិក្ខាសាលា ប្រធាន​គម្រោង កញ្ញា សាំង លី​ណែ​ត អះអាងថា​៖ «​អ្នកចូលរួម នឹង​ទទួលបាន​នៅ​ចំណេះដឹង​ថ្មី​បន្ថែមទៀត​។ ជាពិសេស អាចអនុវត្ត​តាម​នូវ​អ្វីដែល​វាគ្មិន​បានបង្ហាញ និង​ចេះ​រំលែក​ចំណេះដឹង បទពិសោធន៍​ពួកគាត់​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​គម្រោង​វ័យក្មេង​រូបនេះ​។​





​គួរ​បញ្ជាក់ថា នេះ​ជា​សិក្ខាសាលា លើក​ទី​២​ហើយ ដែល​ក្រុមយុវជន YVSD បង្កើតឡើង ដើម្បី​ចែករំលែក ទាក់ទង​នឹង​យុវជន​ឆ្នើម​ក្នុង​សតវត្ស​ទី​២១ ក្នុង​គោលបំណង​ចង់ឃើញ​យុវជន​ខ្មែរ មាន​សមត្ថភាព​ទទួល​បានការ​អប់រំ ការចូលរួម​អភិវឌ្ឍ​សង្គម រួមទាំង​ការប្រកួតប្រជែង​ផ្សេងៗ ដើម្បី​ការងារ និង​ឱកាស​ផ្សេងៗ​ទៀត​៕


Tag:
 យុវជន​
  គន្លឹះ​កសាង​ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com