អន្តរជាតិ
រុស្ស៊ី បាញ់​មី​ស៊ី​ល​អន្តរទ្វីប​ពី​តំបន់​អឺរ៉ុប​ខាងជើង​ទៅ​គោលដៅ​ក្បែរ​ជប៉ុន
27, Jun 2017 , 3:56 pm        
រូបភាព
​រុស្ស៊ី បានទទួល​ជោគជ័យ​ក្នុងការ​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​ពី​នាវាមុជទឹក​កំពុង​ឈរជើង​នៅ​សមុទ្រ Berent នៅ​ភាគ​ខាងជើង​អឺរ៉ុប​ទៅកាន់​គោលដៅ​នៅ​ឧបទ្វីប Kamchatka ដែល​ស្ថិតនៅ​តំបន់​ចុង​បូព៌ា​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ឯណោះ​។ ក្រសួងការពារជាតិ​រុស្ស៊ី​ប្រកាសថា ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​នេះ គឺ​ធ្វើ​ទៅតាម​ផែនការ​សមយុទ្ធ​របស់​ខ្លួន ហើយ​មី​ស៊ី​ល​នេះ​ក៏បាន​បាញ់​ចំ​គោលដៅ​តាម​ការរៀបចំ​ផងដែរ​។​



​នាវាមុជទឹក​យុទ្ធសាស្ត្រ Yuri Dolgoruky បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប Bulava ចេញពី​សមុទ្រ Berent ក្បែរ​ន័​រ​វ៉េ​ស​នៅ​ខាងជើង​អឺរ៉ុប ឆ្ពោះទៅ​គោលដៅ Kura នៅឯ​តំបន់ Kamchatka ដែល​ស្ថិតនៅ​ភាគ​ខាងកើត​បំផុត​របស់​រុស្ស៊ី​។ បើតាម​សេចក្ដីថ្លែងការណ៍​ក្រសួងការពារជាតិ​រុស្ស៊ី មី​ស៊ី​ល​អន្តរទ្វីប Bulava ត្រូវបាន​បាញ់​ចេញពី​ក្នុង​ទឹកតែ​ម្ដង ហើយក៏​ហោះ​សំដៅ​គោលដៅ​នៅឯ​ឧបទ្វីប Kamchatka ដែល​ស្ថិតនៅ​ចន្លោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​សមុទ្រ Okhotsk ។​

​សារព័ត៌មាន​រុស្ស៊ី RT ផ្សាយ​ថា បើ​យោងតាម​លទ្ធផល​បង្ហាញ​ដោយ​ស្ថានីយ៍​គ្រប់គ្រង​ការបាញ់​នេះ មី​ស៊ី​ល​អន្តរទ្វីប Bulava មិនមាន​បញ្ហា​ពេល​ហោះហើរ​ឡើយ រួច​ក៏បាន​ធ្លាក់ចំ​គោលដៅ​ដែល​កំណត់​រួចស្រេច​ដោយ​ជោគជ័យ​តែម្ដង​។ មី​ស៊ី​ល​អន្តរទ្វីប​នេះ ទំនង​ហោះ​បាន​ចម្ងាយ​យ៉ាងហោចណាស់​ក៏​៤៦០០​គីឡូម៉ែត្រ​ដែរ ព្រោះ​វា​បាន​ហោះ​រំលង​ទឹកដី​រុស្ស៊ី​ស្ទើរ​ទាំងអស់​ទៅ​ហើយពី​លិចទៅ​កើត​នោះ ខណៈ​មី​ស៊ី​ល​នេះ​អាច​វាយប្រហារ​គោលដៅ​៩៣០០​គីឡូ​ម៉ែត​ឯណោះ​។​

​ដោយឡែក នាវាមុជទឹក​យុទ្ធសាស្ត្រ Yuri Dolgoruky ដែលជា​នាវា​បាញ់​មី​ស៊ី​ល Bulava ត្រូវ​បានដាក់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០០៨ និង​ជានា​វា​ធុន Borey ជំនាន់​ទី​បួន​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​។ នាវាមុជទឹក​នេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​កងទ័ពជើងទឹក​រុស្ស៊ី​ប្រចាំ​តំបន់​ខាងជើង​។ ដោយសារតែ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ នាវា​នេះ​អាច​ផ្ទុក​មី​ស៊ី​ល​អន្តរទ្វីប Bulava ចំនួន​១៦​ដើម​។ នាវា​ទំនើប​នេះ​នឹង​ដើរតួនាទី​សំខាន់​សម្រាប់​ទ័ពជើងទឹក​រុស្ស៊ី​នៅពេល​អនាគត​ទៀតផង​។​

​បន្ថែម​ពីលើ​នាវា Yuri Dolgoruky ទ័ពជើងទឹក​រុស្ស៊ី នឹងដាក់​ឲ្យ​ប្រើប្រាស់​នាវា​ធុន Borey នេះ​ចំនួន​ពីរ​គ្រឿង​បន្ថែមទៀត ខណៈ​៥​គ្រឿង​ទៀត​កំពុងស្ថិត​ក្នុង​ដំណើរការ​អភិវឌ្ឍ​។ ក្រុង​មូ​ស្គូ​មាន​គោលដៅ​ពង្រាយ​នាវាមុជទឹក​ធុន Borey ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ឲ្យ​បាន​៨​គ្រឿង​នៅត្រឹម​ឆ្នាំ​២០២០ ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់ខ្លួន​។   

​ការបាញ់​មី​ស៊ី​ល​ចេញពី​តំបន់​ភាគ​ខាងជើង ក៏​ជា​សញ្ញា​បង្ហាញ​ពី​អានុភាព​របស់​កងទ័ព​រុស្ស៊ី​ប្រចាំ​តំបន់​មហាសមុទ្រ​អាក់​ទិ​ក​ដែរ ខណៈ​រុស្ស៊ី​កំពុងមាន​ជម្លោះទឹកដី​នៅ​តំបន់​នេះ​ជាមួយ​ប្រទេស​បួន​ទៀត គឺ​កាណាដា អាមេរិក ន័​រវេ​ស និង​ដា​ណឺ​ម៉ាក​។ ក្នុង​គោលដៅ​ពង្រឹង​អំណាច​របស់ខ្លួន រុស្ស៊ី​ក៏បាន​បង្កើន​សមត្ថភាព​កងទ័ព​របស់ខ្លួន​តា​មរយៈ​ការពង្រាយ​សព្វាវុធ​ទំនើបៗ ក៏ដូចជា​បាន​បង្កើត​ទីបញ្ជាការ​រួម​ប្រចាំ​អាក់​ទិ​ក ដើម្បី​ងាយស្រួល​ចាត់ចែង​ការងារ​ទៀតផង​៕


Tag:
 រុស្ស៊ី​
  អឺរ៉ុប​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com