អន្តរជាតិ
របប​សឹក​ថៃ មិន​ខ្វល់​ការ​យំយែក​សុំ​យុត្តិធម៌​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់
27, Jun 2017 , 7:39 pm        
រូបភាព
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ Prawit Wongsuwon (រូបភាព Bangkok Post)
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ Prawit Wongsuwon (រូបភាព Bangkok Post)
​ការ​សម្រក់​ទឹកភ្នែក​សុំ​យុត្តិធម៌​របស់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ មិនបាន​ធ្វើ​ឲ្យ​រដ្ឋាភិបាលយោធា​ថៃ​រំជួលចិត្ត​អ្វី​ឡើយ​។ លោកស្រី យី​ង​ឡាក់ កំពុង​រង​ការចោទប្រកាន់​ជុំវិញ​ករណី​ខាតបង់​លុយ​រដ្ឋ​ក្នុង​កម្មវិធី​ទិញស្រូវ អំឡុងពេល​លោកស្រី​នៅ​ធ្វើជា​នាយករដ្ឋមន្ត្រី ហើយ​របប​សឹក​ថៃ​បានទាមទារ​ឲ្យ​លោកស្រី​សង​ប្រាក់​វិញ​ជិត​មួយ​ពាន់​លាន​ដុល្លារ​ឯណោះ​។ មេដឹកនាំ​ទី​ពីរ​នៃ​របប​ដឹកនាំ​យោធា ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ និយាយថា គ្រប់គ្នា​ត្រូវតែ​គោរព​ច្បាប់​។



​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​បង្ហូរទឹកភ្នែក​នៅ​ថ្ងៃ​ខួបកំណើត​៥០​ឆ្នាំ ដើម្បី​សុំ​យុត្តិធម៌ និង​ការ​ប្រណី​ពី​សំណាក់​របប​យោធា​ថៃ​ជុំវិញ​ការចោទប្រកាន់ថា​លោកស្រី​បានធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់លុយ​ច្រើន​លាន​ដុល្លារ​ក្នុងការ​អនុវត្ត​នយោបាយ​ទិញស្រូវ​ពី​ប្រជាជន​ក្នុង​តម្លៃថោក​។ ប៉ុន្តែ​ទឹកភ្នែក​លោកស្រី យី​ង​ឡាក់ មិនអាច​ទាក់ទាញ​សមានចិត្ត​របស់​របប​សឹក​ថៃ​បានទេ ហើយ​សំណុំ​រឿងនេះ​បន្តទៅ​តាមច្បាប់​ដដែល​។​

​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុណ្ណ មិនបាន​យកចិត្តទុកដាក់​នឹង​ការ​យំយែក​របស់​លោកស្រី យី​ង​ឡាក់ ឡើយ ដោយ​លោក​ថែមទាំង​និយាយថា ប្រជាជន​ទាំងអស់​ត្រូវតែ​គោរព​ច្បាប់​ប្រទេស​។ លោក ប្រា​វីត ឆ្លើយ​ដូចនេះ ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថា​របប​យោធា​អាច​អត់ឱន​ឲ្យ​លោកស្រី យី​ង​ឡាក់ ឬទេ ពេល​លោកស្រី​សម្រក់​ទឹកភ្នែក​ដូចនេះ​។ 

​នៅពេលនេះ ប្អូនស្រី​បង្កើត​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ កំពុង​តស៊ូ​ក្ដីក្ដាំ​នៅ​តុលាការ​កំពូល​ក្រោម​បទ​ចោទ​ធ្វេសប្រហែស​ក្នុង​ការងារ​ដែល​បណ្ដាល​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​ក្រោម​កម្មវិធី​ទិញ​អង្ករ​ពី​កសិករ​ក្នុង​តម្លៃថោក​។ សវនាការ​ចុងក្រោយ​សម្រាប់​ចុងចោទ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២១ ខែកក្កដា​ខាងមុខ ហើយ​ភាគី​ទាំងសងខាង​ក្នុងករណី​នេះ មាន​ពេល​៣០​ថ្ងៃ​មុននឹង​ផ្ដល់​សក្ខីកម្ម​ចុងក្រោយរ​បស់​ពួកគេ​។ បន្ទាប់ពីនោះ តុលាការ​មាន​ពេល ១៤​ថ្ងៃ​ដើម្បី​សម្រេចចិត្ត និង​ចេញ​សាលក្រម​តែម្ដង​។​

​ក្នុងករណី​រកឃើញ​កំហុស​មែន​នោះ លោកស្រី យី​ង​ឡាក់ អាចមាន​ទោស​ជាប់ពន្ធនាគារ​ដល់​ទៅ​១០​ឆ្នាំ និង​ត្រូវ​ហាមឃាត់​ធ្វើ​នយោបាយ​ទៀតផង​។ លើសពីនោះ ប្អូនស្រី​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ត្រូវ​បង់ប្រាក់​សំណង​ដល់​ទៅ​៣៥​ពាន់​លាន​បាត (៩៩៦.៨៧​លាន​ដុល្លារ​) ដែល​ស្មើនឹង​ជាង​២០​ភាគរយ​នៃ​ទឹកប្រាក់​ខាត​សរុប​១៧៨​ពាន់​លាន​ដុល្លារ​។ ទឹកប្រាក់​ខាតបង់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ត្រូវបាន​គណនា​ដោយ​គណៈកម្មាធិការ​មួយ​បង្កើត​ដោយ​របប​យោធា​។

​បើតាម​រដ្ឋមន្ត្រី​យុត្តិធម៌​ថៃ ក្រសួង​សេដ្ឋកិច្ច​ក៏​នឹងត្រូវ​រៀបចំ​ផែនការ​ត្រៀម​រឹបអូស​ទ្រព្យសម្បត្តិ​លោកស្រី យី​ង​ឡាក់ ធ្វើជា​សំណង​ទៀតផង​។ ជាមួយគ្នានេះដែរ មកទល់ពេលនេះ គេ​ក៏​មិនទាន់​ឃើញ​មានការ​លើកលែងទោស​អ្វី​ដែរ ដែល​ធ្វើ​ឲ្យ​គេ​សង្ស័យថា​តុលាការ​ថៃ​ដែល​ស្ថិតក្រោម​ឥទ្ធិពល​របស់​យោធា អាច​ដាក់ទោស​លោកស្រី យី​ង​ឡាក់ មិន​ខាន បើទោះជា​លោកស្រី​អះអាងថា​លោកស្រី​គ្មាន​ទោសពៃរ៍​ក៏ដោយចុះ​៕


Tag:
 ថៃ​
  យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com