ជាតិ
អង្គការ​អន្តរជាតិ​មួយ​សុំ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​លោក នី សុខា ដែល​ជាប់ឃុំ​ព្រោះ​រឿងស្រី​មុំ​
27, Jun 2017 , 9:59 pm        
រូបភាព
លោក នី សុខា មន្រ្តីអាដហុកមួយរូប ដែលជាប់ឃុំព្រោះរឿងស្រីមុំ កំពុងតែដើរចូលបន្ទប់សវនាការ​ កាលពីពេលកន្លងទៅ។
លោក នី សុខា មន្រ្តីអាដហុកមួយរូប ដែលជាប់ឃុំព្រោះរឿងស្រីមុំ កំពុងតែដើរចូលបន្ទប់សវនាការ​ កាលពីពេលកន្លងទៅ។
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អង្គការ Front Line Defenders ដែលមាន​ទីតាំងនៅ​សាធារណរដ្ឋ​អៀ​រឡ​ងើ បានស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ចប់​ការចោទប្រកាន់​លើ​មន្ត្រី​អាដហុក​មួយរូប ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​តែងរឿង​អាស្រូវ​របស់​ស្រីមុំ តាំងពី​ឆ្នាំ​២0១៦​មក​។  ការស្នើ​របស់​អង្គការ​អន្តរជាតិ ដែលមាន​បេសកកម្ម​ចម្បង​ក្នុងការ​ការពារ​សិទ្ធិមនុស្ស​មួយ​នេះ គឺធ្វើឡើង បន្ទាប់ពី​ទទួលដំណឹង​ថា លោក នី សុខា ដែលជា​មន្ត្រី​អាដហុក​មួយរូប កំពុង​តែមាន​បញ្ហា​ផ្នែក​សុខភាព នៅក្នុង​ពន្ធនាគារ​។



​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ដែល​បានចេញ​កាលពីពេល​ថ្មីៗ​នេះ អង្គការ Front Line Defenders ដែល​ទទួលដំណឹង​ពី​ក្រុមគ្រួសារ​របស់លោក នី សុខា បាន​អះអាងថា លោក នី សុខា បាន​ដើរ​ដួល នៅក្នុង​បន្ទប់ទឹក ហើយ​ចាប់ពីពេលនោះ​មក សុខភាព​របស់លោក រឹតតែ​មាន​សភាព​ទន់ខ្សោយ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ អង្គការ Front Line Defenders បាន​ឲ្យ​ដឹង​ទៀត ថា លោក នី សុខា មើលទៅ​ហាក់ដូចជា​ស្លេកស្លាំង ហើយ​ដៃ​របស់លោក តែងតែ​ញ័រ​។

​អង្គការ Front Line Defenders បាន​អំពាវនាវ​ទៅកាន់​អាជ្ញាធរ​កម្ពុជា​យ៉ាង​ដូច្នេះ​៖«​អង្គការ Front Line Defenders ព្រួយបារម្ភ​ចំពោះ​សុខភាព​របស់លោក​នី សុខា​។ ហេតុដូច្នេះ អង្គការ Front Line Defenders សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់ចោល​នូវ​បទ​ចោទ​ទាំងអស់ ដែល​ប្រឆាំងនឹង​លោក នី សុខា និង​មន្ត្រី​អាដហុក​ទាំងបី​រូប​ទៀត ព្រមទាំង​មន្ត្រី​គ​.​ជ​.​ប ផងដែរ​»​។

​លោក សំ សុ​គង់ មេធាវី​មួយរូប ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ក៏បាន​សុំ​ឲ្យ​តុលាការ ព​ន្លឿ​ន​នីតិវិធី​លើ​សំណុំ​រឿងនេះ ដែរ​។ លោក​មេធាវី​រូបនេះ ចង់​ឲ្យ​តុលាការ ធ្វើ​សេចក្តីសម្រេច​ឲ្យ​បាន​លឿន ថា​ត្រូវ​ដោះលែង​កូនក្តី​របស់លោក ឬក៏​បញ្ជូនទៅ​ជំនុំជម្រះ​។

​យ៉ាងណាក៏ដោយ តុលាការ មិនទាន់​សម្រេច​នៅ​ឡើង​ទេ ចំពោះ​ការស្នើសុំ​របស់លោក​មេធា​វី​ខាងលើ​។ រហូតមកដល់​ពេលនេះ សំណុំរឿង​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​បញ្ចប់​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​ហើយ ហើយ​ក៏បាន​បង្វែរ​ទៅ​ឲ្យ​ព្រះរាជអាជ្ញា ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​។ ជាទូទៅ សេចក្តីសន្និដ្ឋាន​ស្ថាពរ​របស់​ព្រះរាជអាជ្ញា តែងមាន​ខ្លឹមសារ​ពីរ​យ៉ាង គឺ​សុំ​ឲ្យ ទម្លាក់​ការចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ ឬក៏​សុំ​ឲ្យ​យក​ជន​ត្រូវ​ចោទ ទៅ​ជំនុំជម្រះ​។

​ជា​នីតិវិធី បន្ទាប់ពី​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​រួចហើយ ព្រះរាជអាជ្ញា ត្រូវបញ្ជូន​សំណុំរឿង​ទៅ កាន់​ចៅក្រម​ស៊ើបសួរ​វិញ ដើម្បី​សម្រេច​ថា ត្រូវ​ទម្លាក់​ការចោទប្រកាន់​លើ​ជន​ត្រូវ​ចោទ ឬក៏​យក​ជន​ត្រូវ​ចោទ ទៅ​ជំនុំជម្រះ​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មន្ត្រី​អាដហុក​បួនរូប ដែល​រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា អគ្គលេខាធិការរង​គ​.​ជ​.​ប បាន​ជាប់ឃុំ​ជាង​មួយឆ្នាំ​ហើយ​។ មន្ត្រី​អាដហុក ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ តុលាការ រកឃើញថា អ្នក​ទាំង​ប្រាំ បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្សប្រឆាំង​៕ 
 


Tag:
 អាដហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com