ជាតិ
បក្ស​មាន​និន្នាការ​កណ្តាល​និយម ត្រៀម​ធ្វើ​សកម្មភាព​នយោបាយ​ខ្លាំង​ពេល​បោះឆ្នោត ២០១៨
28, Jun 2017 , 9:39 pm        
រូបភាព
ដោយ:
​លោក យ៉ង សាំង​កុមារ បានផ្តល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ អំពី​ជំហរ និង​ការត្រៀមខ្លួន​របស់​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០១៨ ខាងមុខ​។ លោក កុមារ បាន​ថ្លែងថា គណបក្ស​របស់​លោកមា​ន​និន្នាការ​កណ្តាល​និយម​។



​ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​អ្នកដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំង​កុមារ លើកឡើងថា ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​និន្នាការ​កណ្តាល ជា​គោលដៅ​សំខាន់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពីព្រោះ​គណបក្ស​លោក​មាន​និន្នាការ​កណ្តាល​និយម​។ ក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ខេត្តតាកែវ កាលពីពេល​កន្លងទៅ លោក យ៉ង សាំង​កុមារ មើលឃើញថា នៅ​កម្ពុជា មាន​ប្រជាពលរដ្ឋ​ដែលមាន​និន្នាការ​កណ្តាល ដែលមិន​ទាន់គាំទ្រ​គណបក្ស​ណាមួយ​ពិតប្រាកដ​ប្រហែល ៣០ ភាគរយ ដោយ​អ្នក​ទាំងនោះ កំពុង​រង់ចង់​មើល​គណបក្ស​ណា​ថ្មី ដែល​ល្អ និង​ប្លែក​ជាង​គណបក្ស​ចាស់​។​



​សូម​ទស្សនា​បទ​សម្ភាស​រវាង​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​បណ្ឌិត យ៉ង សាំង​កុមារ ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​អ្នកដឹកនាំ​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ខាងក្រោម​៖



​អតីត​ប្រធាន​អង្គការ​សេ​ដាក​រូបនេះ  ទទួលស្គាល់ថា អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បច្ចុប្បន្ន​មាន​ចំនួន​នៅ​តិច​នៅឡើយ តែ​គណបក្ស​លោក​នឹងធ្វើ​សកម្មភាព​នយោបាយ​ទ្រង់ទ្រាយ​ធំ​នៅពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០១៨ ខាងមុខ​។ លោក កុមារ បញ្ជាក់ថា តាមរយៈ​ការចូលរួម​របស់លោក​លើកដំបូង​ក្នុងការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កន្លងទៅ ធ្វើ​ឲ្យ​លោក​បាន​រៀនសូត្រ​ច្រើន​ពី​របៀប​ឃោសនា និង​របៀប​ស្វែងរក​សំឡេងឆ្នោត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់ បានដឹង និង​បានឮ ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​។​





​សូមបញ្ជាក់ថា នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី ៤ កន្លងទៅ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បានដាក់​បេក្ខជន​ឈរឈ្មោះ​ចំនួន ២៧ ឃុំ​សង្កាត់ ក្នុងចំណោម​ឃុំ​សង្កាត់​សរុប​នៅ​កម្ពុជា ១៦៤៦ ។ គណបក្ស​នេះ មិន​ទទួលបាន​ជ័យជម្នះ​មេឃុំ ចៅសង្កាត់ ឡើយ តែ​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សា​ចំនួន ៥ ៕



Tag:
 យ៉ង សាំង​កុមារ​
  បក្ស​មូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com