ជាតិ
ពី​កាណាដា ប្រធាន​អាដហុក អំពាវនាវ​ឲ្យ​តុលាការ​បន្ត​ផ្ដល់​យុត្តិធម៌​ដល់​មន្ត្រី និង​អតីតមន្ត្រី​ខ្លួន​
30, Jun 2017 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់​លើ​មន្ត្រី​អាដហុក និង​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត (​គ​.​ជ​.​ប​) ទាំងស្រុង ដើម្បី​ឲ្យ​ពួកគេ​អាចបំពេញ​ការងារ​ឲ្យ​បាន​ពេញលេញ​។ តុលាការ​សម្រេច​ដោះលែង​មន្ត្រី​ទាំង​៥​រូបនេះ ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ស្ថិតនៅក្រោម​ការតាមដាន​របស់​តុលាការ កាលពី​ថ្ងៃទី​២៩ មិថុនា​។​



​លោក ធន់ សា​រ៉ា​យ ដែល​កំពុងស្នាក់នៅ​ប្រទេស​កាណាដា យល់ឃើញថា ការដោះលែង​ឲ្យ​មន្ត្រី​ខ្លួន នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ វា​មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់ ដែល​អាច​ធានា​សុវត្ថិភាព​ពួកគេ ក្នុងការ​អនុវត្ត​ការងារ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​បាន​នៅឡើយ​ទេ​។ ថ្លែង​តាមរយៈ​វីដេអូ​ឃ្លី​ប​ជាង​២​នាទី ប្រធាន​អង្គការ​អាដហុក​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស​តុលាការ​ឲ្យ​មានការ​សម្រេច​ទម្លាក់​រា​ល់​ការចោទប្រកាន់​នានា​ទៅលើ​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​អាចមាន​សេរីភាព​ពេញលេញ ប្រាសចាក​ពី​ការចោទប្រកាន់​នានា​តទៅទៀត ដើម្បី​ឲ្យ​ពួកគាត់​ត្រឡប់មក​ក្នុងស្ថានភាព​ដូចដើម​ឡើងវិញ​។ ហើយ​ខ្ញុំ​សង្ឃឹមថា នឹងមាន​ការសម្រេច​នេះ នាពេល​ដ៏​ខ្លី​ខាងមុខនេះ​»​។​



​តុលាការ​បានសម្រេច​ដោះលែង​មន្ត្រី​អាដហុក​បួនរូប ដែល​រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា អតីតមន្ត្រី​អាដហុក និង​បច្ចុប្បន្ន​អគ្គលេខាធិការរង​គ​.​ជ​.​ប កាលពី​ថ្ងៃទី​២៩ មិថុនា ក្រោយពី​ពួកគេ​ទាំង​៥​រូបនេះ បាន​ជាប់ឃុំ​ជាង​មួយឆ្នាំ (៤២៧​ថ្ងៃ​) ។ មន្ត្រី​អាដហុក ត្រូវបាន​ចោទ​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប ត្រូវបាន​ចោទ​ពីបទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ តុលាការ រកឃើញថា អ្នក​ទាំង​ប្រាំ បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​ស្រីមុំ និង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្សប្រឆាំង​។

​ចំណែក​លោក ធន់ សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​នេះ ក៏​កំពុង​ជាប់​សង្ស័យថា ជាប់​ពាក់ព័ន្ធ​លើ​ករណី​ខាងលើ ដូច​មន្ត្រី​ខ្លួន​ទាំង​៤​រូប​ដែរ​៕


Tag:
 អាដហុក​
  ​គជប​
 ​ ធន សា​រ៉ា​យ
© រក្សាសិទ្ធិដោយ thmeythmey.com