កីឡាជាតិ
ជាតិ
ពាន KBZ Cup៖ U22 កម្ពុជា​បន្ត​ចាញ់​ក្រុមនិស្សិត​ជប៉ុន ៥-១ នា​ជំនួប​លើក​ទី​២
30, Jun 2017 , 5:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​បាន​បន្ត​ប្រកួត​ចាញ់​ក្រុមនិស្សិត​ជប៉ុន ៥-១ នា​ជំនួប​លើក​ទី​២​នៃ​ពានរង្វាន់ KBZ Cup 2017 នៅ​រសៀល​ថ្ងៃទី​៣០ ខែមិថុនា នៅ​កីឡដ្ឋាន​Thuwunna Stadium​។ ការបរាជ័យ​នេះ អាចធ្វើ​ឲ្យ​ក្រុម U22 កម្ពុជា​បាត់បង់​ឱកាស​ប្រជែង​នៅ​វគ្គ​បន្ត​។



​គ្រាន់តែ​១២​នាទី​ដំបូង​ក្នុង​ដើម​វគ្គ​ទី​១​ក្រុម U22 កម្ពុជា​មានឱកាស​មាស​ពីរដង​លើ​ក្រុម​ជម្រើស​និស្សិត​របស់​ជប៉ុន ដោយ​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន បាន​អូស​បាល់​ដាច់​ម្នា​ក់ឯក​ជាមួយ​អ្នកចាំទី តែ​ស៊ុត​ខុស​គោលដៅ​។ នៅ​នាទី​១២​ឱកាស​មាស​បាន​កើតឡើង​ម្តងទៀត​សម្រាប់ U22 កម្ពុជា​ដោយ​កីឡាករ ម៉ាត់ ណូ​រ៉ូ​ទីន បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​នៅ​ប្រអប់​គ្រោះថ្នាក់​របស់​ជប៉ុន​ដល់​កីឡាករ ស៊ុន វ៉ាន់​ដេ​ត តែ​ឱកាស​នេះ​បាន​កន្លងផុត​ម្តងទៀត​។ 

​ក្រោយ​ឱកាស​មាស​ទាំងពីរ​រប​ស់ U22 កម្ពុជា​បាន​៨​នាទី​កីឡាករ Haraoka Tsubasa បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម Universiade របស់​ជប៉ុន មុន​កីឡាករ Matsuzaki Kai សម្រេច​គ្រាប់​ទី​២​ឲ្យ​ជប៉ុន​នៅ​នាទី​៤៤ មុន​បញ្ចប់​វគ្គ​ទី​១​។

​នៅ​វគ្គ​ទី​២​ក្រុម​កីឡាករ​ជម្រើស​និស្សិត​របស់​ជប៉ុន Universiade រកបាន​៣​គ្រាប់​បន្ថែម ដើម្បី​ជួយ​ក្រុម​នាំមុខ​ក្រុម U22 កម្ពុជា​ក្នុង​លទ្ធផល ៥-០​។ តែ​នៅ​ចុង​វគ្គ​ទី​២​កីឡាករ U22 កម្ពុជា​បាន​រក​គ្រាប់​បាល់​តាម​ពី ៥-១ ឲ្យ​ក្រុម U22 កម្ពុ​ជាមុន​ចប់​ការប្រកួត​។ 

​ការប្រកួត​បន្ទាប់ ក្រុម U22 កម្ពុជា​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម U22 ហុងកុង ដែលជា​ជំនួប​ចុងក្រោយ​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២ ខែកក្កដា មុន​ក្រុម​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា​ស្វាគមន៍​ក្រុមនិស្សិត​របស់​ជប៉ុន Universiade នា​វេលា​ម៉ោង​៦:៣០​នាទី នៅ​កីឡដ្ឋាន Thuwunna Stadium ដូចគ្នា​។   

​ជម្រើស​១១​នាក់​ដំបូង​៖ អោម ឧ​ត្ត​ម (​អ្នកចាំទី​), នេន សុធា​រដ្ឋ​, នួន បូរី​, សឿ​យ វិសាល (​ប្រធាន​ក្រុម​), ហូ​យ ផល្លី​ន​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ណុប តុលា​, ច្រឹង ពលរដ្ឋ​, ស៊ិន កក្កដា​, ឆេង ម៉េង​។​

Tag:
 បាល់ទាត់​
  U22 កម្ពុជា​
  KBZ Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com