ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លំនៅដ្ឋាន​តម្លៃ​ក្រោម​៣​ម៉ឺន​ដុល្លារ ក្លាយជា​ការចាប់រ​ម្មណ៍​ខ្លាំង​របស់​មហាជន​
02, Jul 2017 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ក្រុមហ៊ុន​ឯកជន មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍  ចាប់អារម្មណ៍​ខ្លាំង​លើ​គម្រោង​សាងសង់​លំនៅដ្ឋាន ដែលមាន​តម្លៃ​ក្រោម ៣​ម៉ឺន​ដុល្លារ សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​ដែលមាន​ចំណូល​មធ្យម និង​ទាប​។ លំនៅដ្ឋាន​តម្លៃ​សមរម្យ​នេះ ត្រូវបាន​លើក​មក​ជជែក​ពិភាក្សា​នៅក្នុង​ទិវា​លំនៅដ្ឋាន​ថ្នាក់ជាតិ​លើ​ប្រធានបទ «​លំនៅ​ដ្ឋា​នៅ​ចំណុច​មូលដ្ឋាន​» នៅ​រាជធានី​ភ្នំពេញ កាលពីដើម​សប្តាហ៍​នេះ​។



អ្នកស្រី ផុន សា​រេ​ត តំណាង​សហគមន៍​ក្រីក្រ បាន​ឡើង​ថ្លែង​លើ​វេទិកា​ដែលមាន​មនុស្ស​រាប់រយ​នាក់ អង្គុយចាំ​ស្តាប់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយបាន​អះអាងថា បច្ចុប្បន្ន នៅ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​តាម​បណ្តា​ខេត្ត សហគមន៍​ក្រីក្រ​ជាច្រើន​មិនទាន់មាន ដី​សម្រាប់​រស់នៅ​ឡើយ ដែល​ជំរុញ​ឲ្យ​ពួកគេ​សង់ផ្ទះ នៅលើ​គំនរ​សំរាម ប្រឡាយ ផ្នូរខ្មោច និង​លើដី​ឯកជន​របស់​រដ្ឋ​ជាដើម​។

ដៃ​កាន់​កាន់​ម៉ៃ​ក្រូ​ហ្វូ​ន អ្នកស្រី បញ្ជាក់​ដូច្នេះ​ថា​៖«​សហគមន៍​មានការ​ប្រឈម​ច្រើនណាស់ ដូចជា មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​មិន​ឲ្យ​ខ្ចីលុយ​រកស៊ី ពីព្រោះ​ពួកយើង​រស់នៅក្នុង​សំណង់​បណ្តោះអាសន្ន​គ្មាន​ឯកសារ​បញ្ជាក់​»​។



អ្នកស្រី​បន្តថា កង្វះ​លំនៅដ្ឋាន​សមរម្យ បាន​ជំរុញ​ឲ្យ​សហគមន៍​រស់នៅ​ដោយ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ និង​ខ្វះ​អនាម័យ​ជាដើម​។ អ្នកស្រី សង្ឃឹមថា រដ្ឋាភិបាល នឹង​ជួយ​សង់​លំនៅដ្ឋាន​សមរម្យ​លក់​ឲ្យ​ប្រជា​សហគមន៍ ដោយ​បង់​រំ​លោះ និង​មានការ​ប្រាក់​ទាប ដើម្បី​ជួយ​សម្រួល​ជីវភាព​របស់​ប្រជា​សហគមន៍​ឲ្យ​បានរស់នៅ​ប្រកបដោយ​សុខ​សុវត្ថិភាព និង​ភាពថ្លៃថ្នូរ​ផងដែរ​។

ទាក់ទង​នឹង​គម្រោង​សង់ផ្ទះ​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​ក្រីក្រ​នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មានប្រសាសន៍ថា ក្រសួង​ដែនដី បាន​សហការ​ជាមួយ​ក្រុមហ៊ុន World Bridgeland និង​ក្រុមហ៊ុន B & BM ដើម្បី​សាងសង់​លំនៅដ្ឋាន ដែលមាន​តម្លៃ​ទាប​ជាង​៣​ម៉ឺន​ដុល្លារ ក្នុង​មួយ​លំនៅដ្ឋាន ដោយ​អនុវត្តន៍​រូបមន្ត​នៃ​ការបង់​រំ​លោះ​ប្រចាំខែ​ក្នុង​បរិមាណ​ទឹកប្រាក់​តិច និង​មាន​រយៈពេល​វែង​។

លោក​បន្តថា នៅ​២០៣០ រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​នៅ​កម្ពុជា ត្រូវការ​លំនៅដ្ឋាន​ចំនួន​៨០​ម៉ឺន​ផ្ទះ និង​ប្រជាជន​អាច​កើនឡើង​រហូតដល់​៧,៩២​លាន​នាក់​»​។ 
​កាលពីដើមឆ្នាំ​២០១៧ កន្លងទៅ ក្រុមហ៊ុន Worldbridge Land ដែល​សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បើក​ការដ្ឋាន​សាងសង់ គម្រោង​លំនៅដ្ឋាន​សាធារណៈ តម្លៃ​សមរម្យ​នៅក្នុង​ស្រុក​ស្អាង ខេត្ត​កណា្ត​ល​។

យោងតាម​ការសិក្សា​ក្របខណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា ៥​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧ វិស័យ​សំណង់ មាន​កំណើន​២០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ពោល គឺមាន​ទំហំ​ជា​ទឹកប្រាក់​ប្រមាណ ៤,៣៦២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​២០​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​។ ទន្ទឹមនឹងនេះ ក៏មាន​ពលរដ្ឋ​ក្រីក្រ ដែល​រស់នៅក្នុង​សំណង់​មិន​រៀបរយ​ជាច្រើន ត្រូវបាន      បណ្តេញចេញ និង​ផ្តល់​សំណង​មិន​សមរម្យ ដូចជា​សហគមន៍​បុរី​កីឡា សហគមន៍​បឹងកក់ សហគមន៍​ដីក្រហម សហគមន៍​សម្បុកចាប និង​សហគមន៍​បឹង​ឈូក​ជាដើម​។​

ជុំវិញ​បញ្ហា​លំនៅដ្ឋាន​នេះ លោក  សៀ ភារ​ម្យ នាយក​ប្រតិបត្តិ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន បាន​ថ្លែងថា របៀប​ដោះស្រាយ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំពោះ​ពលរដ្ឋ​នៅ​អគារ​បូ​ឌី​ញ​«​ស​» គឺជា​គំរូ​ដ៏​ល្អ ដែល​គួរ​យកទៅ​អនុវត្តន៍​នៅ​សហគមន៍​ផ្សេងទៀត​។

លោក​បន្តថា នៅ​កម្ពុ​ជាមាន​ពលរដ្ឋ​ប្រមាណ​ជាង​១៤​ម៉ឺន​នាក់​ក្នុង​រាជធានី​ភ្នំពេញ ដែល​គ្មាន​លំនៅដ្ឋាន​សមរម្យ ដែល​ពួកគេ​រស់នៅ​តាមផ្លូវរ​ថ​ភ្លើង តាម​មាត់បឹង តាម​មាត់ទន្លេ​ជាដើម​។  លោក​បញ្ជាក់ថា​៖«​បច្ចុប្បន្ន មាន​បុរី និង​ខុន​ដូរ​ជាច្រើន បាន​រីកលូតលាស់ ប៉ុន្តែ​វា​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជា​ពល​ក្រីក្រ​»​។

លោក​យល់ថា តម្លៃ​ផ្ទះ​ក្រោម​៣​ម៉ឺន​នេះ គឺជា​តម្លៃ​មួយ​ខ្ពស់ ខណៈដែល​GDP​របស់​ពលរដ្ឋ​កម្ពុជា មាន​ត្រឹម ១​ពាន់​ដុល្លារ ក្នុង​មួយឆ្នាំ​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​សម្រាប់​អ្នកមាន​ជីវភាព​មធ្យម តម្លៃ​ក្រោម​២​ម៉ឺន ដោយ​បង់​តម្លៃ​៥០ ទៅ​៨០​ដុល្លារ​ក្នុង​មួយខែ គឺ​គាត់​មានលទ្ធភាព ប៉ុន្តែ​៣​ម៉ឺន ឬ​ជិត​៣​ម៉ឺន គឺ​ពួកគាត់​មានការ​លំបាក​។ ចំណែក អ្នកក្រីក្រ ប្រហែលជា​មិនអាច​ទេ ទាល់តែ​ផ្ទះ​មានតម្លៃ​ក្រោម​១​ម៉ឺន​»៕    


© រក្សាសិទ្ធិដោយ thmeythmey.com