ជាតិ
បាក់​ឌុប​៖ ACU ចាប់ផ្ដើម​ទទួល​ពាក្យ​អ្នកសង្កេតការណ៍ ចាប់ពី​ថ្ងៃទី ៣ កក្កដា តទៅ​
03, Jul 2017 , 9:19 am        
រូបភាព
​ភ្នំពេញ​៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៦-២០១៧ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២១ សីហា​ខាងមុខ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានប្រកាស​ស្ដីពី​ការដាក់​ពាក្យស្នើសុំ​ចូលរួម​សង្កេតការណ៍​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ឃ្លាំមើល​ពី​ដំណើរការ​ប្រឡង និង​រាយការណ៍ ទប់ស្កាត់​អំពើពុករលួយ​ក្នុងពេល​ប្រឡង​។ ការដាក់​ពាក្យ​ចូលរួម​សង្កេតការណ៍​នេះ នឹង​ចាប់ផ្ដើម​ទទួល​ពីថ្ងៃ​ទី ៣ កក្កដា តទៅ​។​



អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាស​ស្ដីពី​ការដាក់​ពាក្យស្នើសុំ​ចូលរួម​សង្កេតការណ៍ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០១៦-២០១៧​ខាងមុខ​។ ACU បានអនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល បុគ្គល​ឯកជន សិស្ស​និស្សិត ដែល​មានបំណង​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើជា​អ្នកសង្កេតការណ៍​ការប្រឡង​បាក់​ឌុប​នេះ​។

បើតាម​សេចក្ដីជូនដំណឹង​របស់ ACU លក្ខខណ្ឌ​នៃ​ការជ្រើសរើស អ្នកសង្កេតការណ៍​ត្រូវមាន​ធនធាន និង​មធ្យោបាយ​ផ្ទាល់ខ្លួន​សម្រាប់​បំពេញការងារ​។ អ្នកសង្កេតការណ៍ ត្រូវ​ជៀសវាង​ទំនាស់​ផលប្រយោជន៍​ជាមួយ​បេក្ខជន​ប្រឡង​ក្នុង​មណ្ឌល និង​ចូលរួម​ដោយ​មិន​ប៉ះពាល់​ម៉ោង​ធ្វើការ រួមទាំង​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាពិសេស ត្រូវគោរព​ច្បាប់ បទ​ប្បញ្ញត្តិ សេចក្ដីណែនាំ  និង​គោរព​តាម​ការណែនាំ​របស់​មន្ត្រី អ​.​ប​.​ព ប្រចាំ​មណ្ឌល​។

បេក្ខជន ដែលមាន​ចំណាប់អារម្មណ៍ អា​ចរក​ពាក្យស្នើសុំ តាមរយៈ​គេហទំព័រ អ​.​ព​.​ប (www.acu.gov.kh) ឬ​តាម​ហ្វេ​ស​ប៊ុ​ក (www.facebook.com/acu/khmer) ឬ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផ្ទាល់​។ បេក្ខជន ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​រូបថត ២​សន្លឹក និង​អត្តសញ្ញាណ​បណ្ណ ឬ​កាត​សិស្ស ចំណែក​អ្នក​ដែល​ធ្លាប់​ចូលរួម​សង្កេតការណ៍ ត្រូវ​ភ្ជាប់​ជាមួយ​លិខិត​សរសើរ ឬ​បណ្ណ​សម្គាល់​ខ្លួន​សង្កេតការណ៍​មួយច្បាប់​តែប៉ុណ្ណោះ​។ ការដាក់​ពាក្យ​ចូលរួម​សង្កេតការណ៍​នេះ នឹង​ចាប់ផ្ដើម​ទទួល​ពីថ្ងៃ​ទី ៣ កក្កដា តទៅ​រហូតដល់​គ្រប់​ចំនួន​។ ព័ត៌មាន​បន្ថែម ០១២ ៨៤៦ ៣០៤ / ០៩២ ៦៦៩ ០៣៥/ ០៩២ ៦៦៦ ៧៩៧​។​

គួរ​បញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​អោយមាន​អ្នកសង្កេតការណ៍​សង្គម​ស៊ីវិល និង​សិស្ស​និស្សិត ចាប់ពី​ឆ្នាំ​២០១៤​មក​។  សម្រាប់​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ​២០១៧៕

© រក្សាសិទ្ធិដោយ thmeythmey.com