ជាតិ
រដ្ឋមន្ត្រីក្រសួង​ការងារ នឹង​ជួប​ភាគី​ថៃ ដើម្បី​សម្រួល​បញ្ញត្តិ​រឹតបន្តឹង​ពលករ​ខុសច្បាប់ នៅ​ថ្ងៃទី​៦ កក្កដា​
03, Jul 2017 , 7:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រូបពីហ្វេសប៊ុកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង នឹង​ទៅ​ជួប​ភាគី​ថៃ ដើម្បី​ដោះស្រាយ​បញ្ហា​បញ្ញត្តិ​ថ្មី ដែលមាន​លក្ខណៈ​ដាក់ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ទាំង​ពលករ​បរទេស​ខុសច្បាប់ និង​ម្ចាស់​ក្រុមហ៊ុន​ថៃ ពេល​ប្រព្រឹត្ត​ខុសពី​ខ្លឹមសារ​ក្រឹត្យ ស្ដីពី​ការគ្រប់គ្រង​ពលករ​បរទេស​ឡើងវិញ​។​



​លោក អ៊ិត សំហេង បាន​អំពាវនាវ​ឲ្យ​ពលករ​ដែល​កំពុងធ្វើកា​រ​នៅ​ប្រទេស​ថៃ​ស្ងប់ស្ងាត់​សិន ហើយ​កុំ​ទាន់​អាល​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​នេះ ព្រោះ​ក្រសួង​មាន​វិធានការណ៍​ច្រើន សម្រាប់​ជួយ​ដល់​ពលករ​កម្ពុជា ។ បើតាម​លោក អ៊ិត សំហេង ពលករ​ខ្មែរ​កំពុងធ្វើការ​នៅ​ទឹកដី មាន​ចំនួន​ជាង​១​លាន​នាក់ ទាំង​ពលករ​ស្របច្បាប់ និង​ខុសច្បាប់​។​

​ថ្លែង​ក្រោយ​វេទិកា​ជាតិ អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៅ​សាលា​សន្និសីទ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃទី​៣ កក្កដា​នេះ រដ្ឋមន្ត្រីក្រសួង​ការងារ បានបញ្ជាក់​ដូច្នេះ​ថា​៖

​សូម​ស្ដាប់​សំឡេង​៖




​ការចេញ​បញ្ញត្តិ​ថ្មី​របស់​រដ្ឋាភិបាល​ថៃ​នេះ គឺជា​ការពង្រឹង​តាមច្បាប់​អន្តោប្រវេសន៍ ដើម្បី​ពង្រឹង​ច្បាប់​ការងារ​នៅក្នុង​ប្រទេស​ថៃ​។ ភាគី​ថៃ​ទុក​រយៈពេល​៤​ខែ (១២០​ថ្ងៃ​) សម្រាប់​ពលករ​ខុសច្បាប់ ត្រឡប់​ទៅ​ប្រទេស​ពួកគេ​វិញ​សិន ដើម្បី​រៀបចំ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ សឹម​នឹង​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​។​

​ក្រឹត្យ​ស្ដីពី​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​ដ៏​តឹងរ៉ឹង ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៣ មិថុនា មាន​គោលដៅ​ត្រួតពិនិត្យ​ចំនួន​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ ក៏ដូចជា​ពលករ​បរ​ទេស​ដែល​កំពុងធ្វើការ​ខុសច្បាប់​នៅ​ថៃ​ដែរ​។ បញ្ញត្តិ​ថ្មី​នេះ​ចែងថា​ជនជាតិ​ថៃ​ដែល​ជួល​ពលករ​បរទេស​ខុសច្បាប់ ត្រូវ​រង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​ជាង ២​ម៉ឺន ៣​ពាន់​ដុល្លារ​សម្រាប់​ពលករ​បរ​ទេស​ម្នាក់​។ ចំណែក​ជនបរទេស​ធ្វើការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អាច​រង​ពិន័យ​ដល់​ទៅជិត​៣​ពាន់​ដុល្លារ និង​ត្រូវ​ជាប់ពន្ធនាគារ​ដល់​ទៅ​៥​ឆ្នាំ …​។

​ប៉ុន្តែ​ការចេញ​ក្រឹត្យ​បែបនេះ មិនមែន​តែ​ប្រទេស​ដែលមាន​ពលករ​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ដូចជា​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា …​ជាដើម ដែលមាន​ការព្រួយបារម្ភ​នោះទេ សូម្បីតែ​បណ្ដា​ក្រុមហ៊ុន ម្ចាស់​សហគ្រាស និង​ជួយ​មន្ត្រី​ក្នុង​រដ្ឋាភិបាល​ថៃ​ផ្ទាល់ ក៏មាន​ការមិន​ពេញចិត្ត​ដែរ ដោយសារតែ​សេដ្ឋកិច្ច​ថៃ ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ពី​ជនបរទេស​៕


Tag:
 អ៊ិត សំហេង​
  ​ពលករ​ខ្មែរ​
 ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com