ជាតិ
ក្រសួងទេសចរណ៍​៖ អ្នកទេសចរ​រាប់លាន​នាក់ រើស​អង្គរវត្ត​ឲ្យ​ជាប់​លេខ​១ រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា​
04, Jul 2017 , 8:19 am        
រូបភាព
ដោយ:
​ឆ្នាំ​២០១៧​នេះ ប្រាសាទ​អង្គ​វត្ត បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​លោក (World’s Number 1 Landmark)  តាមរយៈ​ការបោះឆ្នោត​ពី​ភ្ញៀវទេសចរ​បរទេស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក លើ​គេហទំព័រ TripAdvisor ។ ចំណាត់ថ្នាក់​ថ្មី​នេះ ធ្វើ​ឲ្យ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជាប់​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​លោក ៤​ឆ្នាំ​ជាប់​គ្នា​។ សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៤ អង្គរវត្ត ជាប់​លេខ​១ ជាទី​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​បំផុត ជាប់​ចំណាត់ថ្នាក់​លេខ​១ ជាទី​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​បំផុត​នៅ​ឆ្នាំ​២០១៥ និង​ជាប់​លេខ​១ ជា​រមណីយដ្ឋាន​វប្បធម៌​ដ៏​ល្បីល្បាញ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦ ។​



​ប្រាសាទ​អង្គ​វត្ត​របស់​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក (World’s Number 1 Landmark) សម្រាប់​ឆ្នាំ​២០១៧ ពី​ការបោះឆ្នោត​របស់​ភ្ញៀវទេសចរ​បរទេស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក តាមរយៈ​គេហទំព័រ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អំពី​ការធ្វើដំណើរ (TripAdvisor Co. Inc.)​។ គេហទំព័រ​នេះ  បានចេញ​តារាង​ចំណាត់ថ្នាក់​ទីតាំង​ទេសចរណ៍ កាលពី​អំឡុង​ខែឧសភា​កន្លងទៅ​។

​នេះ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​ភ្ញៀវទេសចរ​ជុំវិញ​ពិភពលោក បាន​បោះឆ្នោត​តាមរយៈ​គេហទំព័រ​ល្បីល្បាញ​ផ្សេងៗ​គ្នា គាំទ្រ​ឲ្យ​ប្រាសាទ​អង្គ​វត្ត​បាន​ជាប់​លេខ​១ ។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២៩ ខែមិថុនា បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៤ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជាទី​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​បំផុត​លើ​ពិភពលោក តាមរយៈ​គេហទំព័រ ArchaeoMadnes​។ នៅ​ដើមឆ្នាំ​២០១៥ ប្រាសាទ​អង្គ​វត្ត​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជាទី​ប្រវត្តិសាស្ត្រ​ល្បីល្បាញ​បំផុត​លើ​ពិភពលោក តាមរយៈ​គេហទំព័រ TripAdvisor​។ ដោយឡែក​នៅ​ឆ្នាំ​២០១៦ អង្គ​វត្ត​របស់​កម្ពុជា បាន​ជាប់​លេខ​១ ជា​រមណីយដ្ឋាន​វប្បធម៌​ដ៏​ល្បីល្បាញ​បំផុត​លើ​ពិភពលោក តាមរយៈ​គេហទំព័រ Lonely Planet​។​

​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ខែឧសភា​ឆ្នាំ​២០១៦ កន្លងទៅ លោក​Anton Caragea ប្រធាន​ក្រុម​ព្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជ​ម្ម​អឺរ៉ុប​(European Council on Tourism and Trade) និង​លោក Mircea Constaninescu ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប (European Council Academy) បានប្រកាសថា ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០១៦ (World’s Best Tourist Destination for 2016) និង​ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ដ៏​ពេញនិយម សម្រាប់​ឆ្នាំ​២០១៦(Favorite  Cultural Tourist Destination for 2016)​។​

​ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប បានចាត់ទុក​ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយ ផ្អែកលើ​៥​ចំណុច​រួមមាន ទី​១ អច្ឆរិយ​វប្បធម៌ ដែលមាន​ប្រាសាទអង្គរវត្ត​ដែលជា​ស្នាដៃ​របស់​ខ្មែរ តំណាង​ឲ្យ​មនុស្សជាតិ​ទាំងមូល និង​អច្ឆរិយ​ភាព​ខាង​ធម្មជាតិ​។ ទី​២ បឹង​ទន្លេសាប​ដ៏​ធំ​នៅ​អាស៊ី ដែលមាន​ទឹក​ហូរ​ត្រលប់​គ្មាន​ពី​រលើ​លោក​។ ទី​៣. ភាព​ពិសេស​នៃ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ដែល​អប់រំ​មនុស្ស​ទូទៅ​ឲ្យ​ក្លាយជា​ពុទ្ធសាសនិក​ប៉ុណ្ណោះ​ផង និង​អប់រំ​មនុស្ស​ឲ្យ​ធ្វើអំពើ​ល្អ​ផង​។ ទី​៤. ភាព​ញញឹម​រួសរាយ រាក់ទាក់​របស់​ប្រជាជន​កម្ពុជា​។ និង​ទី​៥ ការបញ្ចូល​វិស័យ​ទេសចរណ៍ និង​វប្បធម៌​រួមគ្នា សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​ក្រៅពីនេះ​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ដល់​សាធារណជន ទេសចរ​ជាតិ និង​អន្តរជាតិ  ចូលរួម​រក្សា​សន្តិភាព និង​ការ​ការ​បេតិកភណ្ឌ​របស់​ដូនតា​ខ្មែរ​មួយ​នេះ​ឲ្យ​គង់វង្ស​៕


Tag:
 អង្គរវត្ត​
 ​ ទេសចរណ៍​
  TripAdvisor
© រក្សាសិទ្ធិដោយ thmeythmey.com