រថយន្ត
អន្តរជាតិ
ប៉ូលិស​ឌូ​បៃ​ប្រើ​រថយន្ត​រ៉ូ​បូត​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​តាមផ្លូវ​នានា​
03, Jul 2017 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ប៉ូលិស​នៅក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉េត បានដាក់​ដំណើ​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​តូច​មួយ​ដែល​អាច​ល្បាត​តាម​ដងផ្លូវ​នានា​នៅក្នុង​ក្រុង​ឈូង​សមុទ្រ​ពែ​ក្ស​មួយ​នេះ​។ រថយន្ត​ខ្នាតតូច​នេះ ដំណើរ​ប្រមាណ​ជា​ពីរ​បី​សប្តាហ៍​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​បាន​ប្រើប្រាស់​មន្ត្រី​ជា​មនុស្ស​យន្ត​។​



​រថយន្ត​រ៉ូ​បូត​ល្បាត​ដំបូង ត្រូវ​ប្រើប្រាស់​ដើម្បី​រាយការណ៍​ទាក់ទង​នឹង​បេសកកម្ម​នានា ដែល​វា​ផ្នែក​មួយ​នៃ​គោលបំណង​របស់​ប៉ូលិស​ឌូ​បៃ ក្នុង​ការដាក់​កម្លាំង​គ្រឿងយន្ត ឬ​មនុស្ស​យន្ត​ឲ្យ​បាន​១/៤​នៃ​កម្លាំង​សមត្ថកិច្ច ឲ្យ​បាន​មុន​ឆ្នាំ​២០៣០ ។​



​រថយន្ត​រ៉ូ​បូត​ប៉ូលិស​ដែល​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នេះ បំពាក់​ដោយ​បច្ចេកវិទ្យា​ឃ្លាំមើល​៣៦០​ដឺ​ក្រេ និង​អាច​កំណត់​កម្មវិធី​ចុះទៅ​តំបន់​គោលដៅ​នីមួយៗ ។ វា​អាច​ស្កែ​ន​សម្លាក​នានា​ក្នុងការ​កំណត់​ភិនភាគ​ជនសង្ស័យ កំណត់​វត្ថុតាង ជាដើម​។​



​រថយន្ត​រ៉ូ​បូត ដែលមាន​ឈ្មោះថា O-R3 នេះ បង្កើតឡើង​ដោយ​ក្រុមហ៊ុន OTSAW Digital របស់​សិង្ហ​បុរី​។ ថ្វីត្បិតតែ​វា​មិនអាច​ជំនួស​មនុស្ស​ទាំងស្រុង​ក៏ដោយ ប៉ុន្តែ​វា​អាច​សម្រាល​កិច្ចការ​តូចៗ​មួយចំនួន​របស់​សម​ត្ថ​កិច្ច ជាពិសេស​នៅ​តំបន់​ទេសចរណ៍​ក្នុង​ក្រុង​ទាំងមូល​។​

​យោងតាម The Telegraph លោក Abdullah Khalifa Al Marri អគ្គបញ្ជាការ​ប៉ូលិស​ប្រចាំ​ឌូ​បៃ បាន​លើកឡើងថា​៖ «​រថយន្ត​រ៉ូ​បូត​ប្រភេទ​នេះ នឹងមាន​តួនាទី​សំខាន់​ក្នុង​ការធានា​សុវត្ថិភាព និង​សន្តិភាព​នៅតាម​ផ្លូវ ដោយ​មិនចាំបាច់​មានការ​អន្តរាគមន៍​ខ្លាំងក្លា​ពី​ប៉ូលិស​»៕


© រក្សាសិទ្ធិដោយ thmeythmey.com