ជាតិ
ក្រោយ​ឡើងជា​អភិបាល​រាជធានី លោក ឃួង ស្រេង ចំណាយពេល​ចុង​សប្តាហ៍​ចុះ​តាម​ខណ្ឌ​
03, Jul 2017 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​ឡើង​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ចុះ​ពិនិត្យ​ការងារ និង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្នុង​ទី​ដី​ខណ្ឌ​មួយចំនួន​នា​រាជធានី​ភ្នំពេញ​។ ក្នុង​រយៈ ពេល​២​ថ្ងៃ​ជាប់​គ្នា នា​ដើមខែ​កក្កដា​នេះ គេ​សង្កេតឃើញថា លោក ឃួ​ង ស្រេង និង​មន្ត្រី​សាលា​រាជធានី បាន​ចុះ​ពិនិត្យ​ការងារ និង​ចុះសួរសុខទុក្ខ​ពលរដ្ឋ នៅក្នុង​ទឹកដី​ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។



​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបង្ហាញ​ពី​សកម្មភាព​របស់​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី ចុះ​ទៅតាម​មូលដ្ឋាន​ខណ្ឌ​មួយចំនួន ដើម្បី​ពិនិត្យ​ការងារ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ លើ​បញ្ហា និង​កង្វល់​ដែល​បាន​ជួបប្រទះ​។ ការចុះពិនិត្យ​នេះ មានការ​អមដំណើរ​ដោយ​អភិបាលរង​រាជធានី អភិបាលខណ្ឌ  និង​អាជ្ញាធរ​ជាច្រើន​នាក់  ដោយបាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង នៅក្នុង​តំបន់​ទាំងនោះ​។



​នៅ​ថ្ងៃទី ១ កក្កដា​កន្លងទៅនេះ លោក ឃួ​ង ស្រេង ចាប់ផ្ដើម​ចុះទៅពិនិត្យ​ការស្ដារ​ប្រឡាយ​ស្ទឹងមានជ័យ​។ ក្នុងពេល​ចុះ​ពិនិត្យ​ការស្ដារ​ប្រឡាយ​ស្ទឹងមានជ័យ លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​មន្ត្រី​អាជ្ញាធរ​ក្នុង​តំបន់​នោះ និង​មន្ត្រី​សាលា​រាជធានី ចូលរួម​ដោះស្រាយ​បញ្ហា​នានា នៅ​សងខាង​ប្រឡាយ ដើម្បី​រំដោះ​ទឹក និង​ដើម្បី​ថែរក្សា​បរិស្ថាន​ក្នុង​តំបន់​នោះ​ផងដែរ​។​



​បន្ទាប់មក រសៀល​ថ្ងៃ​ដដែល លោក ឃួ​ង ស្រេង និង​អាជ្ញាធរ បាន​បន្តដំណើរ​ទៅពិនិត្យ​ស្ថានីយ​បូមទឹក​បុរី ១០០​ខ្នង ស្ថិតក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ​វិញ​ម្ដង​។  ស្របពេល អភិបាល​រាជធានី​ថ្មី​រូបនេះ កំពុង​ដើរ​ត្រួតពិនិត្យ​ក្នុង​តំបន់​នោះ លោក បាន​ណែនាំ​ដល់​ពលរដ្ឋ​ដែល​លក់ដូរ​នៅ​ចិញ្ចើមផ្លូវ ឲ្យ​លក់ដូរ​ត្រូវមាន​អនាម័យ និង​កុំ​រំលោភ​ចិញ្ចើមផ្លូវ ដែល​អាច​បង្ក​ការកកស្ទះ​ចរាចរណ៍​ជាដើម​។



​ក្រោយ​ចំណាយពេល​មួយថ្ងៃ​ក្នុង​ការចុះពិនិត្យ​ការងារ នៅ​ទឹកដី​ខណ្ឌ​សែន​សុខ និង​ខណ្ឌមានជ័យ លោក​អភិបាល បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយកន្លែង​ទៀត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ថ្ងៃទី ២ កក្កដា​នេះ​។ ធ្វើ​ដោយ​ថ្មើរជើង​ទាំង​មេឃ​ក្ដៅ  លោក ឃួ​ង ស្រេង ស្ថិតក្នុង​សម្លៀកបំពាក់ ដែល​ពោរពេញ​ញើស​ជោក​អាវ​។ លោក ឃួ​ង ស្រេង  បន្ត​ចុះទៅពិនិត្យ​ការដ្ឋាន​ផ្លូវ​រំដោះ​ទឹកមុខ​ព្រះ​លាន​យន្តហោះ ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​ជំនន់​ទឹកភ្លៀង​ផងដែរ​។ ទន្ទឹមនឹងនេះ លោក ឃួ​ង ស្រេង បញ្ជាក់​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បើកមុខ​ផ្លូវទឹក​ឲ្យ​បាន​ហូរ​រយៈពេល​យូរ ដើម្បី​រំដោះ​ទឹក​ចេញពី​កន្លែង​នោះ​។ អភិបាល​រាជធានី​រូបនេះ ក៏បាន​ចុះសួរសុខទុក្ខ ពិនិត្យមើល​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ផងដែរ​។​



​គួរ​បញ្ជាក់ថា លោក ឃួ​ង ស្រេង ទើប​ឡើង​តំណែង​ជា​អភិបាល​រាជធានី កាលពី​ថ្ងៃទី ២៨ មិថុនា កន្លងទៅ​។ លោក ឃួ​ង ស្រេង ជា​អតីត​អភិបាលខណ្ឌ​សែន​សុខ និង​អតីត​អភិបាលរង​រាជធានី បច្ចុប្បន្ន​មាន​តួនាទី​ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ប៉ា សុជាតិ​វង្ស​៕


Tag:
 ឃួន ស្រេង​
  រាជធានី​ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com