ជាតិ
ដំណើរ​កម្សាន្ត​សប្បុរសធម៌​ឆ្ពោះទៅកាន់​តំបន់​វត្ត​បុរាណ «​ទួល​ព្រះ​ស្រី​ពិជ័យ​សូរ្យ​វង្ស​កំពង់ព្រះ​»
04, Jul 2017 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដែលមាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ខេត្តកំពង់ឆ្នាំង វត្ត «​ទួល​ព្រះ​ស្រី​ពិជ័យ​សូរ្យ​វង្ស​កំពង់ព្រះ​» រង់ចាំ​ការសង្គ្រោះ​។ ជាការ​ឆ្លើយតប យុវជន​ស្ម័គ្រចិត្ត​មួយក្រុម​ពី​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​មូលនិធិ​សប្បុរសធម៌​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ទ្រទ្រង់​សំណង់​បុរាណ​ដែលមាន​អាយុ​រាប់រយឆ្នាំ និង​កំពុង​ទ្រុឌទ្រោម​មួយ​នេះ​។



​គម្រោង​ដំណើរ​ទស្សនកិច្ច​ស្ថាបត្យកម្ម​បែប​សប្បុរសធម៌ «Amazing Cambodia» នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ ដែល​រៀបចំ​ដោយ​យុវជន​ស្ម័គ្រចិត្ត​មួយក្រុម​ដែលមាន​អាយុ​ក្រោម​២៥​ឆ្នាំ​។ វា​ដំណើរ​កម្សាន្ត​ឆ្ពោះទៅកាន់​តំបន់​វត្ត «​ទួល​ព្រះ​ស្រី​ពិជ័យ​សូរ្យ​វង្ស​កំពង់ព្រះ​» ដែល​ស្ថិតនៅលើ​ទីទួល​បុរាណ​នៃ​ប្រាសាទ​កំពង់ព្រះ​ប្រប​នឹង​មាត់បឹង​ទន្លេសាប ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក បរិបូណ៌ ចម្ងាយ​ប្រមាណ​ជិត​៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង​។



​ដំណើរ​កម្សាន្ត​ជា​កញ្ចប់​ទស្សនកិច្ច​សិក្សា​បែប​ស្ថាបត្យកម្ម​នេះ ក្នុង​គោលបំណង​ទ្រ​ទ្រ​ង​សំណង់​បុរាណ​នៃ​វត្ត​កំពង់ព្រះ ដែល​កំពុង​ទ្រុឌទ្រោម​ខ្លាំង ហើយក៏​ជាការ​បង្កើត​ឱកាស​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ស្វែងយល់​អំពី​លក្ខណៈពិសេស​នៃ​ស្ថាបត្យកម្ម​នៃ​សំណង់​ពុទ្ធសាសនា​បុរាណ​ដែល​ត្រូវបាន​កសាង​តាំងពីដើម​សតវត្សរ៍​ទី​២០ និង​ប្រាសាទ​កំណើត​នៃ​រចនាបទ​កំពង់ព្រះ​សម័យ​បុ​រេ​អង្គរ​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​។​

​យុវជន ស្រ៊ិ​ន សុខ​មាន វ័យ​២៤​ឆ្នាំ ស្ថាបនិក​ទំព័រ Amazing Cambodia ដែលជា​អ្នក​ផ្តួចផ្តើម​ដំណើរ​កម្សាន្ត​បែប​សប្បុរសធម៌​នេះ បាន​អះអាង​ពី​សារសំខាន់​ក្នុងការ​សង្គ្រោះ​វត្ត​បុរាណ «​ទួល​ព្រះ​ស្រី​ពិជ័យ​សូរ្យ​វង្ស​កំពង់ព្រះ​»​។ លោក​បាន​បញ្ជាក់ថា ផ្អែកលើ​កិច្ចការ​ស្រាវជ្រាវ​លើ​ប្រធានបទ​ទាំងនេះ​អស់​រយៈពេល​៥​ឆ្នាំ លោក​បាន​មើលឃើញ​នូវ​សក្តានុពល​វប្បធម៌​ដ៏​ប្រពៃ​នៃ​តំបន់​កំពង់ព្រះ​ដែលជា​ស្លាកស្នាម ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​អតីតកាល​តាំងពី​សម័យ​ចេនឡា​សតវត្សរ៍​ទី​៨​មកម្ល៉េះ​។​

​លោក សុខ​មាន បាន​លើកឡើងថា​៖ «​ព្រះវិហារ​បុរាណ និង​ប្រាសាទ​ចំនួន​ពីរ​នៅ ទីតាំង​នោះ ពិតជា​មានតម្លៃ​ខាង​ផ្នែក​ស្ថាបត្យកម្ម​ដែល​កូន​ខ្មែរ​គប្បី​ចំណាយពេល​ទៅ​សិក្សា​ស្វែងយល់​បន្ថែម​។ ម្យ៉ាងវិញទៀត ជីវភាព​របស់​ពុទ្ធប​រិ​ស័​ទ​ចំណុះជើងវត្ត​ដាច់ស្រយាល​នេះ​ក៏​នៅមានកម្រិត ហើយ​ព្រះសង្ឃ ក៏មាន​ការខ្វះខាត​ដោយសារតែ​វត្ត​នេះ​ប្រៀបបាន​ដូចជា​កូន​កោះ​មួយ​នៅ​រដូវវស្សា​ពិបាក​ក្នុងការ​ធ្វើដំណើរ​»​។



​យុវជន​ស្ម័គ្រចិត្ត​រូបនេះ បន្ថែមថា ព្រះគ្រូ​ចៅអធិការ​ដែលមាន​ព្រះជន្ម​៦១​ព្រះវស្សា កំពុង​ដង្ហោយ​សុំ​ជំនួយ​ថវិកា​ពី​សប្បុរសជន​ជិត​ឆ្ងាយ​ដើម្បី​សម្រួល​ដល់​ការអភិរក្ស​សម្បត្តិ​វប្បធម៌ និង ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ព្រះពុទ្ធសាសនា​ផ្សេងៗ​ទៀត នៅ​វត្ត​របស់​ព្រះអង្គ​។ បើតាម​សង្ឃដីកា​ផ្ទាល់​របស់​ព្រះអង្គ​ក្នុងជំនួប​ជាមួយ​ក្រុមការងារ​កាល​ពីថ្ងៃ​ទី​២៨ ខែមិថុនា​កន្លងទៅ វត្ត​កំពុង​ត្រូវការ​បច្ច័យ​ប្រមាណ​ជាង​២០០០​ដុល្លារ​ដើម្បី​ដំណើរការ​គម្រោង​ខាងលើ​។​

​គម្រោង​កម្មវិធី​នេះ​មិន​ត្រឹមតែ​ជួយ​ដល់​វត្ត​កំពង់ព្រះ​នោះទេ តែ​វា​ជា​ក្តី​ស្រមៃ​របស់​និស្សិត​ផ្នែក​ស្ថាបត្យកម្ម បុរាណវិទ្យា ទេសចរណ៍ និង មុខវិជ្ជា​ដែល​ពាក់ព័ន្ធ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​នឹងចូលរួម​ចំណែក​ក្នុងការ​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​របស់​ខេត្តកំពង់ឆ្នាំង ព្រមទាំង​បង្កើតជា​វេទិកាសាធារណៈ​សម្រាប់​ប្រជា​សហគមន៍​បង្ហាញ​អំពី​ស្ថានភាព​ទូទៅ សេចក្តីត្រូវការ​ជាក់ស្តែង និង ការរំពឹងទុក​ចំពោះ​សហគមន៍​របស់​ពួកគេ​ថែម​ទៀតផង​។

​យុវជន រឿន វីរៈ សហ​ស្ថាបនិក​គម្រោង​មូលនិធិ និង ជា​មគ្គុទ្ទេសក៍​ជំនាញ​នៃ​ក្រុម​ដំណើរ​កម្សាន្ត​ស្ថាបត្យកម្ម​ខ្មែរ (KA Tour) ក៏បាន​ពន្យល់​ដែរ​ថា​៖ «​ពួក​ខ្ញុំ​ជឿជាក់ថា​នេះ​គឺជា​ផ្លូវ​ដ៏​ត្រឹមត្រូវ​ក្នុងការ​រួមចំណែក​ធ្វើ​ដើម្បី​ប្រទេសជាតិ​ដែល​ខ្ញុំ​កំពុង​រស់នៅ​។ ថវិកាជាតិ​នៅមានកម្រិត​សម្រាប់​ការជួស​ជុស​កែលម្អ​ព្រះវិហារ​បុរាណ ដូច្នេះ​ពិតជា​មាន​ចន្លោះ​ដែល​ពួកយើង​អាចជួយ​បំពេញបន្ថែម​»​។​

​ដំណើរ​កម្សាន្ត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​១៣ ខែសីហា ខាងមុខ នឹងមាន​ការចូលរួម និង​ទទួល​ស្វាគមន៍​ផងដែរ​ពី​អាជ្ញាធរ​ដែនដី​មូលដ្ឋាន មន្ត្រី ជំនាញ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង គណៈកម្មការ​វត្ត ក្រុមនិស្សិត​ពី​សាកលវិទ្យាល័យ​នានា ពី​រាជធានី​ភ្នំពេញ ក្រុមយុវជន​ស្ម័គ្រចិត្ត​ខេត្តកំពង់ឆ្នាំង និង ប្រជាពលរដ្ឋ​សហគមន៍​កំពង់ព្រះ​។​



​ក្រោម​ពាក្យស្លោក​ថា «​សិក្ខាកាម​ម្នាក់​ដើម្បី​វិភាគទាន​មួយចំណែក​» អ្នកចូលរួម​ម្នាក់ៗ​ត្រូវ​បង់ វិភាគទាន​ចំនួន​៣០​ដុល្លារ​អាមេរិក ដើម្បី​ទៅលើ​ការចំណាយ​គ្រប់​ប្រភេទ​ក្នុង​ដំណើរ​ទស្សនកិច្ច និង មូលនិធិ​ទ្រទ្រង់​វត្ត ដោយ​សកម្មភាព​សំខាន់ៗ​រួមមាន  ការដើរ​ទស្សនា​ព្រះវិហារ​បុរាណ​និង​ប្រាសាទ​ជាមួយ​ក្រុម​មគ្គុទ្ទេសក៍ ការចូលរួម ប្រឡងប្រជែង​ដាល់អំបុក​តាម​បុរាណ​ខ្មែរ ការទទួល​ទាន​នំ​បញ្ចុក​សាមគ្គី​ឥត​ដែន​កំណត់ ការ​ស្រង់ទឹក​ជូន មត៌ក​មនុ​ស្សរស់ ការចែក​អំណោយ​ដល់​កុមារ​ក្រីក្រ ការ​ជិះទូក​ទស្សនា​ភូមិ​បណ្តែត​ទឹក ការស្វែងយល់​អំពី សិប្បកម្ម​ផលិត​ក្អមឆ្នាំង​របស់​អ្នកភូមិ​អណ្តូង​ប្ញ​ស្សី និង ការ​ទស្សនា​របាំ​ប្រពៃណី​តំណាង​ខេត្តកំពង់ឆ្នាំង សម្ដែង​ដោយ​ក្រុម​យុវ​សិស្សសិល្បៈ​ខេត្ត​ផ្ទាល់​៕


Tag:
 ​វត្ត​បុរាណ​
  Amazing Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com