ជាតិ
កូនឈើ​ប្រណិត និង​ឈើ​ហូប​ផ្លែ ៧​ម៉ឺន​ដើម ត្រូវបាន​ដាំ​ស្ដារឡើងវិញ​ក្នុងព្រៃ​សហគមន៍​នៅ​ខេត្តកំពង់ធំ និង​ព្រះវិហារ​
04, Jul 2017 , 11:04 am        
រូបភាព
ដាំ​កូនឈើ រូប​ភាព​ពី​ក្រសួង​បរិស្ថាន
ដាំ​កូនឈើ រូប​ភាព​ពី​ក្រសួង​បរិស្ថាន
​កូនឈើ​ចំនួន ៧​ម៉ឺន​ដើម ប្រភេទ​ឈើប្រណិត និង​ប្រភេទ​ឈើ​ហូប​ផ្លែ ត្រូវបាន​ដាក់​ដាំ​ស្ដារឡើងវិញ​ក្នុងព្រៃ​សហគមន៍ និង​ចែកជូន​ប្រជា​សហគមន៍​ដែល​រស់នៅក្នុង​តំបន់ ចំនួន ៣ ស្ថិតក្នុង​ខេត្តកំពង់ធំ និង​ព្រះវិហារ​។ ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​បានដាក់​ដាំ​កូនឈើ​ទាំង ៧​ម៉ឺន​ដើម​នោះ រួមមាន សហគមន៍​តំបន់ការពារធម្មជាតិ​ជី​ឱក​បឹង​ប្រិ​យ សហគមន៍​តំបន់ការពារធម្មជាតិ​ស្ករ​ក្រូច និង សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ធ្លក​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួងបរិស្ថាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​



​ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ ចំនួន ៣ គឺ​សហគមន៍​តំបន់ការពារធម្មជាតិ​ជី​ឱក​បឹង​ប្រិ​យ សហគមន៍​តំបន់ការពារធម្មជាតិ​ស្ករ​ក្រូច និង សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ធ្លក ក្នុង​ខេត្តកំពង់ធំ និង​ព្រះវិហារ ត្រូវបាន​ជ្រើសរើស​ជាទី​តាំង ដើម្បី​ដាំ​ស្ដារ​ព្រៃ​ឡើងវិញ​។ ការដាក់​ដាំ​កូនឈើ​ក្នុងព្រៃ​សហគមន៍​ទាំងនោះ មាន​ចំនួន  ៧​ម៉ឺន​ដើម ដែលជា​ប្រភេទ​ឈើប្រណិត និង​ឈើ​ហូប​ផ្លែ​។ ការដាក់​ដាំ​កូនឈើ​ក្នុងព្រៃ​សហគមន៍​នេះ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៦, ២៨-៣០ ខែមិថុនា​។​



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន ពិធី​ដាំ​កូនឈើ​ប្រណិត​នៅក្នុង​ព្រៃ​សហគមន៍ និង​ការចែក​កូនឈើ​ហូប​ផ្លែ ដល់​ប្រជា​សហគមន៍​នេះ ត្រូវបាន​រៀបចំ​ដោយ​គម្រោង​ជំរុញ​ភាព​ធន់​របស់​សហគម​ន៍ ជនបទ​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​។ គម្រោង​នេះ រៀបចំ​ដើម្បី​ប​ន្ស៉ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដែល​អនុវត្ត ដោយ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន​។ ជាមួយគ្នានេះ សកម្មភាព​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ស្ដារ​ព្រៃ​ឡើងវិញ និង​រួមចំណែក​ដល់​ការអភិរក្ស​ព្រៃ​សហគមន៍ លើកកម្ពស់​កម្រិត ជីវភាព​របស់​ប្រជា​សហគមន៍​។​



​គួរបញ្ជាក់​ផងដែរ គិត​ត្រឹម​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០១៧​នេះ ក្រសួងបរិស្ថាន បានដាក់​ដាំ​កូនឈើ​ប្រមាណ​ជាង ១៦​ម៉ឺន​ដើម ក្នុង​សហគមន៍​តំបន់​ការពារ ធម្មជាតិ​ជាច្រើន នៅ​ខេត្តមណ្ឌលគិរី ព្រៃវែង កែប សៀមរាប ត្បូងឃ្មុំ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង​។ ទន្ទឹមនឹងនេះ នៅ​រហូតដល់​ដំណាច់ឆ្នាំ​២០១៧ ក្រសួងបរិស្ថាន  មាន​គម្រោង​នឹង​ដាំ​កូនឈើ​ប្រណិត និង​ឈើ​ហូប​ផ្លែ​ចំនួន ៣៤​ម៉ឺន​ដើម បន្ថែមទៀត ដែ​ផ​សរុប ចំនួន​កូនឈើ​បាន​ដាំ​ស្ដារឡើងវិញ​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ប្រមាណ ៥០​ម៉ឺន​កូនឈើ​។ នេះ​បើតាម​ប្រភព​ដដែល​៕


Tag:
 កូនឈើ​
  កំពង់ធំ​
  ព្រះវិហារ​
  ក្រសួងបរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com