អន្តរជាតិ
លោក ប្រា​យុទ្ធ ថា ថៃ​រឹតបន្តឹង​ការគ្រប់គ្រង​ពលករ​បរទេស​ព្រោះ​រង​សម្ពាធ​ពី​អន្តរជាតិ​
04, Jul 2017 , 2:38 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ប្រាប់​មូល​ហេតុដែល​រដ្ឋាភិបាល​របស់លោក​ពង្រឹង​ការគ្រប់គ្រង​ពលករ​បរទេស​ដែល​កំពុងធ្វើការ​នៅ​ទឹកដី​ថៃ​។ លោក ប្រា​យុទ្ធ និយាយថា ថៃ​ត្រូវការ​ច្បាប់​គ្រប់គ្រង​ពលករ​ខុសច្បាប់​ដ៏​តឹង​រ៉ឺ​ង ព្រោះ​ខ្លួន​បាន​ប្ដេជ្ញាចិត្ត​ចំពោះមុខ​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរត់ពន្ធ​មនុស្ស​។ យ៉ាងណាក្ដី បញ្ញត្តិ​ថ្មី​នេះ ត្រូវបាន​ផ្អាក​អនុវត្ត​សិន បន្ទាប់ពី​មានប្រតិកម្ម​ច្រើន ក៏ដូចជា​ទុកពេល​ឲ្យ​ពលករ​បរទេស​ខុសច្បាប់​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​ឲ្យ​បាន​អស់​។​



​ក្រឹត្យ​របស់​រដ្ឋាភិបាល​ថៃ​ស្ដីពី​ការគ្រប់គ្រង​ពលករ​បរទេស ដែល​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២៣ ខែមិថុនា បាន​បង្ខំ​ឲ្យ​ពលករ​បរទេស​រាប់ម៉ឺន​នាក់​ដែល​ធ្វើការ​ខុសច្បាប់​ត្រូវ​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​វិញ ដើម្បី​ចៀសវាង​ពី​ការចាប់ខ្លួន និង​ដាក់ពិន័យ​យ៉ាងធ្ងន់ធ្ងរ ក៏ដូចជា​ស្វែងរក​ឯកសារ​ស្របច្បាប់ មុននឹង​ត្រឡប់​ទៅធ្វើ​ការ​វិញ​។ អាជ្ញាធរ​ថៃ បាន​ទុកពេល​ឲ្យ​ពលករ​បរទេស​ទាំងអស់​១២០​ថ្ងៃ ដើម្បី​បំពេញ​ឯកសារ​ផ្លូវច្បាប់ មុន​ចាប់ផ្ដើម​អនុវត្ត​បញ្ញត្តិ​ដ៏​តឹង​រ៉ឺ​ង​នេះ​។​

​ប្រមុខ​រដ្ឋាភិបាល​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​និយាយ​ការពារ​ការចេញ​ក្រឹត្យ​នេះ ដោយ​ចាត់ទុកជា​រឿង​ចាំបាច់​ក្នុងការ​រក្សា​ពាក្យសម្ដី​របស់​ថៃ​លើ​ឆាក​អន្តរជាតិ​ជុំវិញ​ការទប់ស្កាត់​ការរត់ពន្ធ​មនុស្ស​។ ថ្លែង​នៅ​ថ្ងៃទី​៣ ខែ​កក្ដ​ដា លោក ប្រា​យុទ្ធ និយាយថា រដ្ឋបាល​របស់លោក​ចាំបាច់​អនុវត្ត​វិធានការ​ថ្មី​នេះ ព្រោះ​ច្បាប់​ចាស់​មិនសូវមាន​ប្រសិទ្ធភាព​ឡើយ ហើយ​ម្យ៉ាងទៀត​វា​ជា​រឿ​សំខាន់​សម្រាប់​មុខមាត់​ប្រទេស​ដែរ​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បញ្ជាក់ថា ពិភពលោក​កំពុង​តាមដាន​សកម្មភាព​រប​ស់​ថៃ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ហើយ​ប្រទេសជិតខាង​ក៏​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​ដូចគ្នា​ដែរ​។ ទំនង​ដោយសារ​រឿងនេះ ទើប​រដ្ឋាភិបាល​ថៃ ព្យាយាម​ចាត់វិធានការ​គ្រប់គ្រង​ពលករ​បរទេស​រាប់លាន​នាក់​កំពុងធ្វើការ​ខុសច្បាប់ ឬ​ផុត​សុពលភាព​ការងារ​នៅលើ​ទឹកដី​ថៃ ហើយ​ដែល​ភាគច្រើន​មកពី​ឡាវ មី​យ៉ាន់​ម៉ា និង​កម្ពុជា​។

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ការលើកឡើង​របស់លោក ប្រា​យុទ្ធ ធ្វើឡើង​បន្ទាប់​អាមេរិក​បញ្ចេញ​របាយការណ៍​ស្ដីពី​ការជួញដូរ​មនុស្ស ដោយ​ក្នុង​ថៃ​ស្ថិតក្នុង​បញ្ជី​ទី​ពីរ ដែល​ត្រូវ​បន្ត​តាមដាន​ទៀត​។ នេះ​មានន័យថា ការប្រឹងប្រែង​ទាំង​អម្បាលម៉ាន​របស់​រដ្ឋាភិបាល​ថៃ​ក្នុងការ​ទប់ស្កាត់​ការជួញដូរ​មនុស្ស នៅ​មិនទាន់​ឆ្លើយតប​នឹង​ស្ថានការណ៍​ជាក់ស្ដែង​នៅឡើយ ហើយ​ការណ៍​នេះ​តម្រូវ​ឲ្យ​អាជ្ញាធរ​ថៃ​បង្កើន​ការប្រឹងប្រែង​ទៀត​។​

​បើតាម​លោក ប្រា​យុទ្ធ មាន​ពលករ​បរទេស​ចន្លោះ​ពីរ​ទៅ​បី​លាន​នាក់​បាន​ចុះឈ្មោះ​ធ្វើការ​នៅ​ថៃ តែ​អាជ្ញាធរ​មិនទាន់បាន​បញ្ជាក់​សញ្ជាតិ​របស់​ពួកគេ​ឡើយ​។ យ៉ាងណាក្ដី ការចេញ​ក្រឹត្យ​ថ្មី បាន​ប៉ះពាល់​ការរកស៊ី​របស់​ប្រជាជន​ថៃ​ដែរ ព្រោះ​ពួកគេ​ប្រឈមមុខ​បញ្ហា​ខ្វះខាត​កម្លាំង​ពលកម្ម ខណៈ​ពួកគេ​មិនអាច​ជួល​ជនជាតិ​ថៃ​ឲ្យ​ធ្វើការ​គ្រប់កន្លែង​ដែរ​។ ជាមួយនឹង​ការ​ទុកពេល​១២០​ថ្ងៃ ពលករ​បរទេស​សម្រុក​ចេញពី​ថៃ និង​មានឱកាស​បំពេញ​ឯកសារ​នៅ​ប្រទេស​ដើម មុននឹង​ចុះឈ្មោះ​ធ្វើការ​ម្ដងទៀត​៕


Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com