ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងមហាផ្ទៃ​ប្រាប់​ឲ្យ​បន្ទប់​ស្ថានការណ៍​បញ្ឈប់​សកម្មភាព​របស់ខ្លួន
04, Jul 2017 , 9:51 pm        
រូបភាព
ក្រសួងមហាផ្ទៃ បាន​ប្រាប់​ឲ្យ ខុមហ្វ្រែល និង NICFEC បញ្ឈប់​សកម្មភាព​រប​ស់​បន្ទប់​ស្ថានការណ៍ និង​ត្រូវអនុវត្ត​សកម្មភាព​របស់ខ្លួន ឲ្យ​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គោរព​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា។ ក្រសួងមហាផ្ទៃ​ចាត់ទុក​សកម្មភាព​រប​ស់​បន្ទប់​ស្ថានការណ៍ ជាស​កម្ម​ភាពខុស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។


 
ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី៤ ខែកក្កដា បាន​ផ្ញើលិខិត២ដោយឡែក​ពីគ្នា ទៅកាន់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោតនៅកម្ពុជា (ខុមហ្វ្រែល) និង​គណៈកម្មាធិការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (NICFEC) អំពី​ករណី​បន្ទប់​ស្ថានការណ៍​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ។ 
 
លិខិត​នោះ​មាន​ខ្លឹមសារ​ដូចគ្នា ដោយបាន​បញ្ជាក់ប្រាប់ ខុមហ្វ្រែល និង NICFECថា ការបង្កើត​បន្ទប់​ស្ថានការណ៍​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ដោយមាន​អង្គការ និង​សមាគម​ប្រមាណ៤០ ជា​សមាជិក គឺ​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។
 
សេចក្តីថ្លែងការណ៍​រប​ស់​បន្ទប់​ស្ថានការណ៍ គ្មាន​តម្លៃ​គតិយុត្ត និង​មិនបាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​អ​ព្យា​ក្រឹត្យ​ភាព​ដូច​មានចែង​ក្នុង​មាត្រា២៤ នៃ​ច្បាប់​ស្តី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ នេះបើតាមក្រសួងមហាផ្ទៃ ដែលបន្តបញ្ជាក់ប្រាប់​អង្គការ​ខុមហ្វ្រែល និង NICFEC ឲ្យបញ្ឈប់​សកម្ម​ភាពខុស​ច្បាប់​របស់​បន្ទប់​ស្ថានការណ៍ និង​ត្រូវអនុវត្ត​សកម្មភាព​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា។ 
 
សូមបញ្ជាក់ថា​ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី២៨ ខែមិថុនា ពី​ពិធី​រំ​ឮ​ក​ខួប​អនុស្សាវរីយ៍៦៦ឆ្នាំ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ត្រួតពិនិត្យ​តាមផ្លូវ​ច្បាប់​ទៅលើ បន្ទប់​ស្ថានការណ៍។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ត្រួតពិនិត្យ​លើ​ស្ថាប័ន​មួយ​នេះ គឺ​ចង់​សំដៅ​ទៅលើ​ភាពស្របច្បាប់​របស់​បន្ទ​ប់​ស្ថានការណ៍ ក្នុង​បញ្ជី​ឈ្មោះ​របស់​ក្រសួងមហាផ្ទៃ។
 
ការបញ្ជា​ឲ្យ​ពិនិត្យ​លើ​សកម្មភាព​បន្ទប់​ស្ថានការណ៍​កើតឡើង បន្ទាប់​ដែលមាន​អង្គការ និង​សមាគម​ប្រមាណ៤០ ជា​សមាជិក​នេះ វាយតម្លៃថា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​មាន​ភាពល្អប្រសើរ ប៉ុន្តែ​នៅតែ​កង្វះ​យុត្តិធម៌  និង​សេរីភាព​ត្រូវបាន​រឹតត្បិត។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​ការវាយតម្លៃ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ ជាការ​បង្ក​ឲ្យ​មាន​ភាព​អាប់អួ​ក្នុង​ដំណើរការ​បោះឆ្នោត៕ 
 
 
 
 
 
 
 

Tag:
 មហាផ្ទៃ
 បន្ទប់ស្ថានការណ៍
 ខុមហ្វ្រែល
 NICFEC
© រក្សាសិទ្ធិដោយ thmeythmey.com