កីឡាជាតិ
ជាតិ
លោក ឈន សុ​ផៃ ប្រធាន​សន្តិសុខ​មជ្ឈមណ្ឌល​កីឡា និង​សាលា​បាល់ទាត់​ជាតិ ទទួលមរណភាព
05, Jul 2017 , 1:23 pm        
រូបភាព
ដោយ:
ប្រធាន​សន្តិសុខ​មជ្ឈមណ្ឌល​កីឡា និង​សាលា​បាល់ទាត់​ជាតិ​បាទី លោក ឆន សុ​ផៃ បានទទួល​មរណភាព​ក្នុង​អាយុ​៥៧​ឆ្នាំ ដោយ​ជំងឺ​រលាក​ទងសួត និង​ស្រោមខួរ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ សព​របស់លោក ឆន សុ​ផៃ កំពុង​តម្កល់​ធ្វើបុណ្យ​នៅក្នុង​ភូមិ​កំពង់ទួល ឃុំ​អន្លុង​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។



​ក្រោយ​ផ្លាស់​ពី​មន្ទីរពេទ្យ​ឯកជន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​កាល់​ម៉ែត្រ លោក ឆន សុ​ផៃ ប្រធាន​សន្តិសុខ​មជ្ឈមណ្ឌល​កីឡា និង​សាលា​បាល់ទាត់​ជាតិ​បាទី​បានទទួល​មរណភាព​ហើយ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា នេះ ក្នុង​ជន្មាយុ​៥៧​ឆ្នាំ បន្ទាប់ពី​ស្ថានភាព​ជំងឺ​រលាក​ទងសួត និង​ស្រោមខួរ​ឈានដល់​កម្រិតធ្ងន់​។

​បើ​យោងតាម លោក កែវ សារ៉េត នាយក​មជ្ឈមណ្ឌល​កីឡា និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្រៅពី​តំណែង​ជា​ប្រធាន​សន្តិសុខ​មជ្ឈមណ្ឌល​កីឡា និង​សាលា​បាល់ទាត់​ជាតិ​បាទី លោក ឆន សុ​ផៃ ធ្លាប់​ធ្វើជា​ស្នងការ​ប្រកួត​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ជា​វរៈសេនីយ​ឯកនៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថែម​ទៀតផង​។ សព​លោក ឆន សុ​ផៃ កំពុង​តម្កល់​ធ្វើបុណ្យ​នៅក្នុង​ភូមិ​កំពង់ទួល ឃុំ​អន្លុង​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

​សម្រាប់​មរណៈភាព​រប​ស់​អតីត​អគ្គលេខាធិការ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​រូបនេះ លោក សំ វ៉ាន់​ដេ​ត គ្រូបង្វឹក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​នេះ​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ និង​កាន់ទុក្ខ​ជាមួយ​គ្រួសារ​របស់លោក ឆន សុ​ផៃ ផងដែរ​។ «​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​មានទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដែល លោក ឆន សុ​ផៃ អតីត​អគ្គលេខាធិកា​ក្លិប​តាំងពី​ក្លិប​បង្កើត​ដំបូង​បានទទួល​មរណៈភាព​។ តាងនាម​ខ្ញុំ​ជា​គ្រូបង្វឹក​ជួសមុខ​ឲ្យ​កីឡាករ និង​ថ្នាក់ដឹកនាំ​ក្លិប​សូម​ចូលរួម​កាន់ទុក្ខ​ចំពោះ​គ្រួសារ​នៃ​សព និង​សូម​ឧទ្ទិស​កុសល​ឲ្យ​វិញ្ញាណ​ខ័ន​លោក​ទៅកាន់​សុគតិភព​»​។ នេះ​សារ​របស់ លោក សំ វ៉ាន់​ដេ​ត ចំពោះ​មរណៈទុក្ខ​របស់លោក ឆន សុ​ផៃ​៕  


Tag:
 បាល់ទាត់​
  ឆន សុ​ផៃ​
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com