កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី ចង់​ដឹកនាំ​ប្រទេស​តំបន់​អាស៊ាន ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ World Cup ២០៣៤
06, Jul 2017 , 9:57 am        
រូបភាព
​ឥណ្ឌូណេស៊ី​គ្រោង​នឹង​ដឹកនាំ​ក្រុម​នៃ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ក្នុង​បំណង​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០៣៤​។​



​លោក Joko Driyono អនុប្រធាន​សមាគម​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី PSSI បាន​និយាយថា​ប្រទេស​នេះ​បានស្នើ​ដឹកនាំ​ក្រុម​ប្រទេស​អាស៊ាន​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ World Cup ២០៣៤ នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFF) នៅ​វៀតណាម​កាលពី​ដើមខែ​នេះ​។​


          លោក Joko Driyono អនុប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី

​លោក Driyono បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​ការស្នើ​ខាងលើ​នឹងត្រូវ​គាំទ្រ​ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា AFF នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី នា​ខែកញ្ញា​ខាងមុខនេះ​។​

​លោក​អនុប្រធាន PSSI បាន​បន្ថែមថា​ការដេញថ្លៃ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​មាន​កិត្យានុភាព​នេះ​គឺជា​មហិច្ឆតា​ដ៏​ធំសម្រាប់​បណ្តា​ប្រទេស​នានា​មកពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ខណៈ​ប្រទេស​ទាំងនេះ​មាន​រយៈពេល ១៧​ឆ្នាំ​ដើម្បី​រៀបចំ​ត្រៀម​ការប្រកួត​។​

​យ៉ាងណាក៏ដោយ មានតែ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​២ ឬ​៣ ប៉ុណ្ណោះ​ក្នុង​ចំណា​ម​ប្រទេស​ទាំង​១០ ដែលមាន​ភូមិសាស្ត្រ​ល្អ និង​ហេដ្ឋារចនាសម្ព័ន្ធ​រីកចម្រើន​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០៣៤​។ នេះ​ជាការ​បញ្ចាក់​បន្ថែម​រប​ស់លោក Driyono៕


Tag:
 បាល់ទាត់​
  FIFA World Cup
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com