អន្តរជាតិ
នយោបាយអន្តរជាតិ
របាយការណ៍៖សត្វដរីដែលថៃ ចាប់មកប្រើក្នុងវិស័យទេសចរណ៍ច្រើនជាងដំរីកំពុងរស់ក្នុងព្រៃ រូបភាព៖ World Animal Protection
×
ថៃត្រូវបានគេស្គាល់ថាជាប្រទេសដែលប្រើសត្វដំរីច្រើនជាងគេនៅតំបន់អាស៊ីដើម្បីលើកកម្ពស់វិស័យទេសចរណ៍។ចំនួនដំរីដែលបម្រើវិស័យទេសចរណ៍ថៃ ស្មើពីរដងនៃចំនួនសត្វដំរីនៅប្រទេសផ្សេងទៀតនៅតំបន់អាស៊ីដែលត្រូវគេប្រើប្រាស់ក្នុងវិស័យទេសចរណ៍រួមបញ្ចូលគ្នា។ រឿងដែលគួរឲ្យបារម្ភនោះ ដំរីមួយភាគធំមិនបានទទួលការថែទាំដិតដល់ ហើយត្រូវចងទុកនៅកន្លែងដែលគ្មានផាសុខភាពទៀត។
ដំរីចំនួន២១៩៨ ក្បាលត្រូវបានថៃប្រើប្រាស់ក្នុងវិស័យទេសចរណ៍របស់ខ្លួន ហើយថៃក៏អាចរកចំណូលបានចន្លោះពី ពីរទៅបីលានដុល្លារដែរដោយប្រើដំរីសម្រាប់សម្ដែងនិងដឹកភ្ញៀវទេសចរណ៍។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ ថៃមិនបានយកចិត្តទុកដាក់សុខុមាលភាពសត្វដំរីទាំងនេះទេ។
យោងតាមភ្នាក់ងារព័ត៌មានAFP ដំរីដែលថៃប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ភាគច្រើនមិនទទួលបានរបបអាហារគ្រប់គ្រាន់ និងការថែទាំត្រឹមត្រូវឡើយ។ ឧទាហរណ៍ ប្រសិនជាមិនសម្ដែងឬដឹកភ្ញៀវទេសចរណ៍ទេនោះ ពួកគេនឹងត្រូវចងឲ្យនៅមួយកន្លែងដែលធុញថប់ពេញមួយថ្ងៃ។
យោងតាមរបាយការណ៍ស្ទង់មតិរបស់អង្គការអភិរក្សសត្វព្រៃពិភពលោក កន្លែងចិញ្ចឹមដំរី ២២០ កន្លែងទូទាំងតំបន់អាស៊ីដែលអាចរកបានចំណូលយ៉ាងច្រើន ប៉ុន្តែវាមិនមានការថែទាំដំរីត្រឹមត្រូវឡើយ។ចំណែកឯនៅថៃវិញ ក្នុងចំណោមកន្លែងចិញ្ចឹមដំរី ១១៤កន្លែង មានតែ ប្រាំបីកន្លែងប៉ុណ្ណោះដែលមានការថែទាំដំរីបានល្អ។
របាយការណ៍ខាងលើក៏បង្ហាញក្តីបារម្ភពីដំរីដំរីសម្តែងសៀកដែលពួកគេត្រូវសម្ដែងសម្មភាពគ្រោះថ្នាក់និងពិបាកៗដូចជាជិះកង់ ដើរលើខ្សែពួរ និងលេងបាល់ជាដើម។
របាយការណ៍នេះបានអះអាងទៀតថា ៣០ភាគរយនៃចំនួនដំរីក្នុងប្រទេសថៃកើនឡើងចាប់ពីឆ្នាំ២០១០ សុទ្ធតែចិញ្ចឹមនៅកន្លែងដែលគ្មានការថែទាំល្អ។ ការកើនឡើងនៃចំនួនសត្វដំរីដែលត្រូវគេប្រើប្រាស់ក្នុងវិស័យទេសចរណ៍បណ្តាលមកពីការហាមឃាត់ការប្រើប្រាស់សត្វដំរីក្នុងអាជីវកម្មឈើខុសច្បាប់នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០។ ម្ចាស់ដំរីយល់ថា ការយកសត្វចិញ្ចឹមខ្លួនមកប្រើប្រាស់ក្នុងវិស័យទេសចរណ៍ជាប្រភពចំណូលថ្មីមួយ។
ថ្វីបើដំរីដែលសល់ពីជំនាន់ភាគច្រើនផុតពូជហើយក្តី ការជួញដូរដំរីនៅតែកើនឡើង ហើយនៅថៃចំនួនដំរីត្រូវគេចាប់យកមកប្រើក្នុងវិស័យទេសចរណ៍ច្រើនជាងចំនួនដំរីរស់ក្នុងព្រៃទៅទៀត។
គួរបញ្ជាក់ដែរថា ដំរីបានធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍នៅតំបន់អាហ្វ្រិក និងអាស៊ីកើនឡើង។ប៉ុន្តែដំរីមួយចំនួនក្នុងតំបន់អាហ្វ្រិកត្រូវបានរក្សាទុកក្នុងតំបន់អភិរក្សធម្មជាតិបានយ៉ាងល្អ ខុសពីសត្វដំរីមួយចំនួនធំក្នុងតំបន់អាស៊ីដែលត្រូវចងទុកក្នុងកន្លែងដែលគ្មានផាសុខភាព និងគ្មានការយកចិត្តទុកដាក់ថែទាំគ្រប់គ្រាន់៕
Tag:
ដំរី
ថៃ
World Animal Protection
ឧស្សាហកម្មទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com