ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិ​លេខ​២ គ្រោង​សាងសង់​នៅ​ឆ្នាំ ២០១៨ ដោយ​ចំណាយ​ថវិកា ៥៦​លាន​ដុល្លារ​
09, Jul 2017 , 6:59 pm         10332
រូបភាព
 
​ភ្នំពេញ​៖ គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ​២ គ្រោង​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ​២០១៨ ដោយ​នឹង​ចំណាយ​ថវិកា​សាងសង់​ចំនួន ៥៦​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៩​ខែកក្កដា​។

​គម្រោង​នេះ​អនុវត្ត​សាងសង់​ផ្លូវ​ប្រវែង ៥៧ គីឡូម៉ែត្រ​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដល់​រង្វង់​មូល​អូរ​ចំបក់ (​ចម្ងាយ​ប្រហែល ៣​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ទី​រួម​ខេត្តតាកែវ​)​។ គម្រោង​នេះ​ក៏​បញ្ចូល​ការសាងសង់​លើផ្លូវ​ជាតិ​លេខ ២២ ប្រវែង ៩​គីឡូម៉ែត្រ​ផងដែរ​។ គម្រោង​ទាំងមូល​នឹងត្រូវ​ចំណាយ​ថវិកា ៥៦ លាន​ដុល្លារ ក្រោម​ថវិកា​កម្ចី​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ប្រមាណ​ជាង ៨ លាន​ដុល្លារ​។ 
 
​គម្រោង​នេះ​នឹង​អនុវត្ត​ការ​ក្រាល​កៅស៊ូ AC សង់ស្ពាន​ថ្មី និង​ពង្រីក​ទទឹងផ្លូវ​ឲ្យ​បាន ១៣​ម៉ែត្រ​។ ដោយឡែក​ត្រង់ចំណុច​រង្វង់​មូល​គួ​ស្រូវ​ទៅ​ទិស​ខាងត្បូង​ប្រវែង ៨​គីឡូម៉ែត្រ នឹងត្រូវ​សាងសង់​ជា ៤ គន្លង​។​
 
​បច្ចុប្បន្ន ភាគី​កូរ៉េ​កំពុង​ជ្រើសរើស​ទីប្រឹក្សាបច្ចេកទេស ដើម្បី​អាច​ចាប់ផ្ដើម​រៀបចំ​ការ​រចនា និង​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់ ដោយ​ដំណើរការ​នេះ​អាច​ចំណាយ​រយៈពេល ១​ឆ្នាំ រួច​ទើប​អនុវត្ត​ការសាងសង់​ជាក់ស្ដែង​។ នេះ​ជា​បញ្ជាក់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ 
 
​ប៉ុន្តែ​ដោយ​ស្ថានភាព​ផ្លូវ​សព្វថ្ងៃ​ពិបាកធ្វើ​ដំណើរ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធារ​ការ និង​ដឹកជញ្ជូន ក្នុងឱកាស​លោក​ចុះ​ត្រួតពិនិត្យ​ផ្លូវ​នេះ​នៅ​ព្រឹក​ថ្ងៃនេះ បាន​ណែនាំ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​របាយការណ៍​ដាក់ជូន សម្ដេចនាយក​រដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​គោលការណ៍​ស្វែងរក​កញ្ចប់​ថវិកា​ពិសេស​ដោះស្រាយ​អោយបាន​ទាន់ពេលវេលា ដោយ​មិន​រង់ចាំ​រហូតដល់​រយៈ​ពេល​មួយឆ្នាំ​ទៀត​នោះទេ​៕ 
Tag:
 ស៊ុន ចាន់ថុល​
  ផ្លូវជាតិ​លេខ​២
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង