ជាតិ
ការចុះបញ្ជី​តំបន់​ប្រាសាទសំបូរព្រៃគុក​៖ សម្ដេច ហ៊ុន សែន អរគុណ​អគ្គនាយិកា​យូណេស្កូ​
10, Jul 2017 , 9:33 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី  ហ៊ុន សែន បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ដល់​លោកស្រី Irina Bokova  អគ្គនាយិកា អង្គការ​យូណេស្កូ និង​សមាជិក​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​។ ការថ្លែងអំណរគុណ​នេះ បន្ទាប់ពី​តំបន់​ប្រាសាទសំបូរព្រៃគុក​រប​ស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី ៨ កក្កដា ២០១៧ នាទី​ក្រុង Cracovie ប្រទេស​ប៉ូឡូញ​។​



​បន្ទាប់ពី​តំបន់​ប្រាសាទសំបូរព្រៃគុក  ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី ៨ កក្កដា ២០១៧ នាទី​ក្រុង Cracovie ប្រទេស​ប៉ូឡូញ សម្ដេច ហ៊ុន សែន បាន​សរសេរ​សារ​ថ្លែងអំណរគុណ​អគ្គនាយិកា និង​សមាជិក​គណៈកម្មាការ​បេតិកភណ្ឌ​ពិភពលោក​។

​ក្នុង​លិខិត​ថ្លែងអំណរគុណ សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ «​ក្នុងនាម​ជា​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​ពោរពេញ​ដោយ​ក្ដី​រីករាយ​នេះ ដើម្បី​ថ្លែងអំណរគុណ​យ៉ាង​កក់ក្ដៅ​បំផុត ចំពោះ លោកជំទាវ និង​សមាជិក​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ទទួលស្គាល់​តម្លៃ​សកល​យ៉ាង​វិសេសវិសាល​នៃ​តំបន់​ប្រាសាទសំបូរព្រៃគុក និង​បានអនុម័ត​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​»​។​

​បើតាម​លិខិត​ថ្លែងអំណរគុណ នៅ​ថ្ងៃទី ៩ កក្កដា​នេះ ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នេះ គឺជា​មោទកភាព​ជាតិ​ថ្មី​មួយទៀត សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​សម្រាប់​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយនឹង​ជា​សក្ខីភាព​នៃ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដល់​ការអភិរក្ស និង​ការលើកតម្លៃ​នៃ​បេតិកភណ្ឌ​ជាតិ​។

​សម្ដេច ហ៊ុន សែន លើកឡើងថា​៖ «​ខ្ញុំ​ជឿជាក់ថា ការចុះ​តំបន់​ប្រាសាទសំបូរព្រៃគុក​នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ គឺជា​ការគាំទ្រ​បន្ថែមទៀត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ការពារ និង​លើកតម្កើង​បេតិកភណ្ឌ​ពិភពលោក​»​។​

​សូមបញ្ជាក់ថា តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើក​ទី​៤១ នៃ​គណៈកម្មាការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ដែល​ប្រារព្ធ​ធ្វើ​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​១២ ខែកក្កដា​។ តំបន់​ប្រាសាទសំបូរព្រៃគុក កសាងឡើង​នៅក្នុង​សតវត្ស​ទី​៧ ក្នុង​រជ្ជកាល​ស្ដេច ឥសាន​វរ្ម័ន ក្នុងសម័យ​ចេនឡា​៕


Tag:
 ប្រាសាទសំបូរព្រៃគុក​
 ​ យូណេស្កូ​
 ​ អគ្គនាយិកា
© រក្សាសិទ្ធិដោយ thmeythmey.com