អន្តរជាតិ
បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ព្រោះ​សរសេរ​សំបុត្រ​គំរាម​កម្ទេច​ក្រុង​ហ្សា​ការ​តា​ឲ្យ​ដូច​ក្រុង Marawi
10, Jul 2017 , 5:12 pm        
រូបភាព
ដោយ:
​ដើម​សបា្ដហ៍​នេះ បុរស​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​ទទួលយក​មនោគមន៍​វិជ្ជា​ជ្រុលនិយម​បាន​ទុក​សំបុត្រ​មួយច្បាប់​នៅ​ស្នាក់ការ​ប៉ូលិស​ក្រុង​ហ្សា​ការ​តា​មាន​ទង់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម (IS) ឬ​ក្រុម​ដែ​ស្ហ​(Daesh)​ផង​។ នៅក្នុង​សំបុត្រ​នោះ​មានការ​គំរាម​កម្ទេច​រដ្ឋធានី​ហ្សា​ការ​តា​ឲ្យ​ក្លាយជា​ក្រុង​ម៉ា​រ៉ាវី (Marawi) ទី​ពីរ ថែមទៀត​។



​ប៉ូលីស​ឥណ្ឌូណេស៊ី​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ Ghilman Omar Harridhi វ័យ​១៩​ឆ្នាំ​ដែល​គេ​ជឿថា​បាន​ទទួលយក​មនោគមន៍​វិជ្ជា​ជ្រុលនិយម​តាំងពី​ឆ្នាំ​២០១៥​។ ជននេះ​បាន​ទុក​សំបុត្រ​មួយច្បាប់​ដែល​គំរាម​វាយប្រហារ​ក្រុង​ហ្សា​ការ​តា​ឲ្យ​ដូច​ក្រុង​ម៉ា​រ៉ាវី​របស់​ហ្វីលីពីន​ដែល​ខ្ទេចខ្ទាំ​ដោយ​ការប្រយុទ្ធ​គ្នា​រវាង​ទាហាន​និង​ក្រុម​ភេរវជន​នោះ​។

​សំបុត្រ​នេះ​ត្រូវបាន Ghilman ផ្លុ​ង​ទុកចោល​នៅ​ទីស្នាក់ការ​ប៉ូលិស Kebayoran Lama ស្ថិតនៅ​ភាគខាងត្បូង​ក្រុង​ហ្សា​ការ​តា ដោយមាន​អម​ជាមួយ​រូបភាព​ទង់ជាតិ​ក្រុម​ភេរវជន​ដែ​ស្ហ​(Daesh)​ដែរ​។​

​បើតាម​សារព័ត៌មាន Channel News Asia ជន Ghilman នេះ​បាន​ទទួលយក​មនោគមន៍​វិជ្ជា​ជ្រុលនិយម​តាំងពី​ឆ្នាំ​២០១៥ ដោយ​គេ​តាមដាន និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្ដា​ក្រុម​ជ្រុលនិយម​ផ្សេង​តាម​បណ្តាញ​អ៊ី​ន​ធើ​ណិ​ត​។​

​អ្នកនាំពាក្យ​ប៉ូលីស​ជាតិ​ឥណ្ឌូណេស៊ី​ឧ​ត្ត​ម​សេនីយ៍ Rikwanto បានបញ្ជាក់​ដូច្នេះ​ថា​៖«​នៅ​ឆ្នាំនេះ Ghilman បានប្រកាស​ភក្ដីភាព​ចំពោះ​ក្រុម​ភេរវជន​ដែ​ស្ហ​(Daesh) ក្រោយ​ពេលដែល​គេ​ទទួលបាន​ទូរសារ​ពី​ក្រុម​ភេរវជន Khilafah Islamiah »​។​

​លោក​បាន​បន្តទៀតថា បន្ទាប់ពី​គេ​សច្ចា​បង្ហាញ​ភក្តីភាព​ហើយ គេ​តែងតែ​ហ្វឹកហាត់​រាងកាយ រួមទាំង​ហាត់​បាញ់​ធ្នូ និង​ព្រួញ​ដើម្បី​ត្រៀម​វាយប្រហារ​គ្រប់ពេល​ទទួលបាន​បទ​បញ្ជា​ពី​ក្រុម​ភេរវជន​តាមរយៈ​ទូរសារ​។​

​គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ន​ឥណ្ឌូណេស៊ី​កំពុង​ពង្រឹង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​និង​សន្តិសុខ​ដោយសារ​ឥណ្ឌូណេស៊ី​ក្លាយជា​គោលដៅ​មួយ​ចម្បង​នៃ​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​ជាពិសេស​ក្រុម​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ គេ​បារម្ភ​ខ្លាំង​ថា​ក្រុម​នេះ​នឹង​ពង្រីក​បណ្តាញ​និង​ពង្រឹងកម្លាំង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​ផង​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ មេទ័ព​ឥណ្ឌូណេស៊ី លោក Gatot Nurmantyo ធ្លាប់បាន​ថ្លែង​នៅ​កាលពីដើម​មិថុនា​ថា លោក​បារម្ភ​ខ្លាំង​ពី​ការកើនឡើង​ឥទ្ធិពល​ក្រុម​ភេរវជន​ដែ​ស្ហ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​បណ្តាញ​ក្រុម​ភេរវជន​នេះ​មាននៅ​ស្ទើរ​គ្រប់​ខេត្ត​របស់​ឥណ្ឌូណេស៊ី​រួចទៅហើយ ពួកគេ​ភាគច្រើន​នៅ​សម្ងំ​មិនទាន់​ធ្វើ​សកម្មភាព​ឡើយ​៕


Tag:
 ហ្សា​ការ​តា​
  Marawi
  Ghilman Omar Harr
  Rikwanto
© រក្សាសិទ្ធិដោយ thmeythmey.com