រថយន្ត
អន្តរជាតិ
ហ្កា​បុ​ង​ផលិត​រថយន្ត​លើកដំបូង ប៉ុន្តែ​អ្នក​ផលិត​អន់ចិត្ត​ដែល​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​
10, Jul 2017 , 7:59 pm        
រូបភាព
ដោយ: ធីតា
​ហ្កា​បុ​ង កាលពី​ចុងខែ​មិថុនា កន្លងមក បានបង្ហាញ​រថយន្ត​ដែល​ត្រូវបាន​ផលិត​ជា​លើកដំបូង​បំផុត​នៅ​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​កណ្តាល​មួយ​នេះ​។ ជា​ប្រភេទ​រថយន្ត​ខ្នាតតូច​កង់​បី ដែល​ចេញពី​គំនិត​ផ្តួចផ្តើម​របស់លោក Adan Issindina ប៉ុន្តែ​ក្រុម​អ្នក​ផលិត​មានការ​អាក់អន់ចិត្ត​ដោយសារតែ​រដ្ឋ​មិនសូវ​អើពើ​។​



​ក្រោម​គម្រោង​ដែលមាន​ឈ្មោះថា «GL1» លោក Adan Issindina ប្រធាន​សមាគម​កម្សាន្ត​បែប​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ហ្កា​បុ​ង (AGLST) ឈានដល់​ជោគជ័យ​ក្នុងការ​បង្ហាញ​រថយន្ត​លើកដំបូង​ដែល​ផលិត​នៅក្នុង​ប្រទេស​ហ្កា​បុ​ង​។ ថ្វីត្បិតតែ​វា​ជា​ប្រភេទ​រថយន្ត​ខ្នាតតូច ប៉ុន្តែ​លោក  Issindina ដែលមាន​កំណើត​នៅក្នុង​ទីក្រុង Lambarene អះអាងថា នេះ​ជា​ជំហាន​ដែល​ឈានទៅរក​ការផលិត​រថយន្ត​ទំនើប​នាពេល​អនាគត​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន Gabonactu.com លោក Issindina បាន​រថយន្ត​ម៉ាក GL1 របស់លោក មាន​ល្បឿន​អតិបរិមា ៧០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​ស៊ីសាំង​តែ​ក្នុង​រង្វង់ ២,៥​លីត្រ​ប៉ុណ្ណោះ​ក្នុង​១០០​គីឡូម៉ែត្រ​។ បន្ថែម​ពីលើ​នេះ វា​មាន​ទម្ងន់​សរុប​ប្រមាណ​៤០០​គីឡូក្រាម​។​



​លោក Issindina ដែលជា​ប្រធាន​គម្រោង បាន​អះអាងថា GL1 កំពុង​ផ្តល់នូវ​មោទកភាព​ជាតិ​ថ្មី​មួយ ប៉ុន្តែ​លោក​ត្អូញត្អែរថា រដ្ឋមន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​មិនសូវ​អើពើ​នឹង​ការងារ​របស់​សមាគម​លោក​នោះឡើយ​។ លោក​បញ្ជាក់ប្រាប់ Gabonactu.com ថា​៖ «​យើង​បាន​ផ្ញើ​សារ​ទៅកាន់​រដ្ឋមន្ត្រី​ជាច្រើន​ដើម្បី​សុំ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ប៉ុន្តែ​លិខិត​របស់​យើង​ដូចជា​លិខិត​ងាប់ ដោយ​រដ្ឋមន្ត្រី​ទាំងនោះ មិន​បង្ហាញ​ការគាំទ្រ និង​លើកទឹកចិត្ត​យើង​នោះឡើយ​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Issindina បាន​បញ្ជាក់ថា សមាគម AGLST របស់លោក នឹងមិន​បោះបង់​គម្រោង ឬ​បាក់​ទឹកចិត្ត​នោះឡើយ ដោយ​បន្ត​ការកែច្នៃ​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។ លោក​ថា ក្រុម​របស់លោក​កំពុង​សិក្សា​លម្អិត​បន្ថែម​ទាក់ទង​នឹង​បច្ចេកទេស ជាពិសេស​ការបញ្ចូល​ប្រភេទ​ម៉ាស៊ីន​បី​រួមគ្នា​គឺ «​យន្តហោះ រថយន្ត និង​ទោចក្រយានយន្ត​»​។​



​លោក Issindina បាន​លើកឡើងថា ក្រុម​របស់លោក​មាន​គ​ម្រោ​ង​ធ្វើ​រថយន្ត​នេះ អាច​រត់​បាន​យ៉ាងហោចណាស់​ចម្ងាយ​៤០០០​គីឡូម៉ែត្រ និង​ឈានដល់​ការវាយតម្លៃ​ដល់​អាយុកាល​របស់​រថយន្ត​។ «​ជនជាតិ​អាហ្វ្រិក និង​ហ្កា​បុ​ង​ទាំងអស់ ត្រូវតែ​យល់​ពី​ការងារ​ដ៏​ធំធេង​ផ្នែក​វិទ្យាសាស្ត្រ​របស់​យើង​។ បច្ចុប្បន្ន នៅពេល​យើង​មើល​យានយន្ត​ដែល​បើក​លើផ្លូវ​ក្នុង​ទីក្រុង Libreville មិនមាន​រថយន្ត Made in Gabon នោះឡើយ​»​។ នេះ​ជាការ​ត្អូញត្អែរ​របស់លោក Issindina៕


© រក្សាសិទ្ធិដោយ thmeythmey.com