ជាតិ
ក្រសួងកសិកម្ម ថា គ្មាន​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ដួង ស្រួច កាប់បំផ្លាញ​ព្រៃឈើ នៅ​ខេត្ត​រតនគិរី​ឡើយ​
12, Jul 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ បាន​បដិសេធថា ក្រសួង​មិនមាន​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ដួង ស្រួច កាប់បំផ្លាញ​ព្រៃឈើ នៅ​ខេត្ត​រតនគិរី​ឡើយ​។ ការបដិសេធ​របស់​ក្រសួងកសិកម្ម​នេះ ធ្វើឡើង​ក្រោយពី​មានការ​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន ដួង ស្រួច កំពុង​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម ដោយមាន​ការអនុញ្ញាត​ពី​ក្រសួង​។​



​ក្រសួងកសិកម្ម បាន​ពន្យល់ថា ក្រុមហ៊ុន ដួង ស្រួច ពិតជា​បានមក​ស្នើសុំ​ការអនុញាត​ប្រមូល​ផល អនុផល​ព្រៃឈើ​នៅ​តំបន់​សម្បទាន​សង្គមកិច្ច​ក្នុង​ខេត្ត​រតនគិរី​កន្លងមក​មែន ប៉ុន្តែ​ក្រសួង​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទាក់ទង​ជាមួយ​អភិបាលខេត្ត​រតនគិរី និង​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ឲ្យ​បាន​សម​ស្របតាម​នីតិវិធី​ជាមុនសិន​។ ក្រសួងកសិកម្ម អះអាងថា មកដល់ពេលនេះ​មិនទាន់មាន​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ កាប់បំផ្លាញ​ព្រៃឈើ​តំបន់​នោះដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម ចុះ​ថ្ងៃទី​១១ កក្កដា បានបញ្ជាក់​ដូច្នេះ​ថា​៖«​កាលពី​ថ្ងៃទី​៥ កក្កដា ឆ្នាំ​២០១៧ ក្រុមហ៊ុន ដួង ស្រួច គ្រុប បាន​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ ​ពី​ដំណើរការ​ដី​សម្បទាន​សង្គមកិច្ច​នេះ​។ ពេលនោះ​ឯកឧត្តម​អភិបាលខេត្ត ​បាន​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​ពី​ទីតាំង​ដី​នោះ ដើម្បី​ឲ្យ​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​ហាមឃាត់​ដាច់ខាត ​មិន​ឲ្យ​ក្រុមហ៊ុន​ធ្វើ​សកម្មភាព​អ្វី​ខុសពី​នីតិវិធី​ទេ​»​។​

​ជាមួយគ្នានេះ​ក្រសួងកសិកម្ម ក៏​ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​សហការ​ជាមួយ​ក្រសួង ដើម្បី​បំពេញភារកិច្ច​ឲ្យ​បាន​ប្រសើ​រឡើង ដែលជា​ប្រយោជន៍ ​ក្នុងការ​ចូលរួម​ដល់​ការគ្រប់គ្រង និង​ការពារ​ធនធានធម្មជាតិ​កម្ពុជា​៕


Tag:
 ក្រសួងកសិកម្ម​
 ​ ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com