ប្រវត្តិ​បង្ហាញថា​វត្ត​ខាងជើង​និង​ត្បូង​នៅ​អង្គរ​មុន​ការអភិរក្ស​គឺ​សង់​នៅជាប់​ក្តារបែន​
ជាតិ
ប្រវត្តិ​បង្ហាញថា​វត្ត​ខាងជើង​និង​ត្បូង​នៅ​អង្គរ​មុន​ការអភិរក្ស​គឺ​សង់​នៅជាប់​ក្តារបែន​
15, Apr 2021 , 11:58 pm        
រូបភាព
​សៀមរាប​៖ មាន​ភស្តុតាង​ជាច្រើន​ដែល​បញ្ជាក់ថា ប្រាសាទអង្គរវត្ត​គឺជា​មជ្ឈមណ្ឌល​សាសនា ដ៏​ធំ​នា​សម័យបុរាណ និង​ត​មិន​ដាច់​រហូតដល់​បច្ចុប្បន្ន​។ ទោះបីជា​រាជធានី​អង្គរ ត្រូវបាន​ផ្លាស់ប្តូរ​ចេញពី​តំបន់​អង្គរ​ក៏ពិតមែន តែ​ភស្តុ​ង​តាង​ជាច្រើន​បាន​បញ្ជាក់ថា អង្គរ​នៅតែមាន​មនុស្ស​រស់នៅ​មិន​ដាច់ ហើយ​បាន​ក្លាយជា​មណ្ឌល​សាសនា​ដ៏​ធំ និង​ទាក់ទាញ​មនុស្ស​ជាច្រើន ធ្វើ​ធម្ម​យាត្រា​ចូលមក​គោរពបូជា​ជា​ហូរហែ​គ្រប់​សម័យកាល​ដែលមាន​វត្តមាន វត្ត​អារាម ដែល​សង់​នៅជាប់​នឹង​ក្តារបែន​ជា​សា​ក្ខី​ភាព​ស្រាប់ លុះ​ក្រោយមក​ត្រូវ​អ្នក​អភិរក្ស​ដ្ឋា​ន​សុំ​រើចេញ​ពី​ពី​សងខាង​ក្តារបែន (​ខឿន​ខ្ព​ស់រាង​សញ្ញា​ជើងក្អែក​នៅមុខ​ខាងលិច​) យកទៅ​កសាង​នៅ​ផ្នែក​ខាងត្បូង និង​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត​។ ភស្តុតាង​នេះហើយ ដែល​បញ្ជាក់ ថា អង្គរ​ក្លាយជា​កន្លែង​សាសន​ដ្ឋា​ន មាន​មនុស្ស​រស់នៅ​ជាប់​រហូត​មិន​ដាច់​។​



​វត្តមាន វត្ត​អារាម​នៅក្នុង​បរិវេណ​អង្គរតូច ឬ​អង្គរវត្ត (​វត្ត​ឥន្ទបត្ត​បុរី​ខាងត្បូង ឬ​ហៅ​វត្ត​អង្គរ​ខាងត្បូង និង​វត្ត​ឥន្ទបត្ត​បុរី​ខាងជើង ឬ​ហៅ​វត្ត​អង្គរ​ខាងជើង​) ប្រហែល​ជាមាន​តាំងពី​ក្រោយពេល ដែល​អង្គរ​ត្រូវគេ​បោះបង់ចោល​ក្នុងនាម​ជា​រាជធានី​របស់​ប្រទេស​នា​ស​.​វ​ទី​១៥​មក​ម្លេះ​។ បើ យោងតាម​ភស្តុតាង​នៅតាម​សិលាចារឹក​ចាប់តាំងពី​ស​.​វ​.​ទី​១៦ បង្ហាញថា​មាន​វត្ត​មាននៃ​ព្រះ​មាតា​របស់​ព្រះបាទ​ស​ត្ថា ដែល​យក​រាជបុត្រ​មក​បំបួស ព្រមទាំង​មាន​ក្រុម​ជនជាតិ​ផ្សេងគ្នា ដែល​ធ្វើដំណើរ​ធម្ម​យាត្រា​មក​អង្គរ​។ ត្រង់ចំណុច​នេះហើយ ដែល​បញ្ជាក់​យ៉ាង ច្បាស់​ថា អង្គរ គឺជា​មណ្ឌល​សាសនា​ដ៏​ធំ​នៅក្នុង​តំបន់​។ នេះ​បើតាម​ការពន្យល់​របស់​លោក ខៀវ ច័​ន្ធ អ្នក​បុរាណ​វិទូ​។​



​លោក​បន្ថែមថា​៖«...​ជាពិសេស​នៅ​សតវត្សរ៍​ទី​១៦ ព្រះបាទ អង្គ​ចាន់​រាជា បានមក​អង្គរ ធ្វើការ​ជួសជុល​ព្រះ​បរម​វិ​ណ្ណុ​លោក​(​អង្គរវត្ត​) និង​ឲ្យ​ជាង​របស់​រាជវាំង​ឆ្លាក់​បង្ហើយ​រូបចម្លាក់​នៅ​ជ្រុង​ឦសាន ព្រមទាំង សិលាចារឹក​ធំជាងគេ មាន​លេខ​សម្គាល់ IMA៣ (​មានន័យថា សិលាចារឹក​សម័យ​ទំនើប​នៅ​អង្គរ មិនមែន​សម័យថ្មី​ឥលូវ​នេះ​ទេ គឺ​សម័យ​ក្រោយ​អង្គរ សតវត្សរ៍​ទី​១៦ និយាយ​ពី​ព្រះ​មាតា​របស់​ព្រះបាទ​សេ​ត្ថា នាំ​រាជបុត្រ​ពី​លង្វែក​មក​បំបួស​នៅ​អង្គរ​។ ចឹ​ង​មានន័យថា ពេល​ហ្នឹង (​សតវត្សរ៍​ទី​១៦​ហ្នឹង​) អង្គរ​ហ្នឹង​ក្លាយទៅជា​វត្ត​ហើយ​...»​។​

​ក្នុងន័យ​នេះដែរ លោក ខៀវ ច័ន្ទ បាន​បញ្ជាក់ថា អង្គរ​បាន​បោះបង់ចោល​ក្នុងឋានៈ​ជា​រាជធានី​ក៏ពិតមែន តែ​ក៏បាន​ក្លាយខ្លួនជា​មណ្ឌល​នៃ​សាសនា ដូច​ទឹកដី​នៃ​ព្រះ​យ៉ាង​ដូច្នោះ​ដែរ គឺ​គ្រប់​ជាតិ​សាសន៍ បានធ្វើ​ដំណើរ​មក​អង្គរ ដើម្បី​មក​គោរព និង​បូជា​ព្រះ​។ ភស្តុតាង​ជាច្រើន ដែល​បញ្ជាក់​រឿងនេះ គឺ​តាមរយៈ​សិលាចារឹក​ជាច្រើន មានដូចជា​សិលាចារឹក​ភាសា​អារ៉ាប់ ភូមា  ជប៉ុន ជាដើម ដែល បង្ហាញថា ជាតិ​សាសន៍​ទាំងនោះ ធ្វើដំណើរ​មក​អង្គរ ក្នុង​បំណង​ដើម្បី​គោរពបូជា​ព្រះ​នៅ​អង្គរ​។​



​ដោយសារ​ភស្តុតាង​ខាងដើម​នេះហើយ ធ្វើ​ឲ្យ​ឯកសារ​ស្រាវជ្រាវ​របស់​អ្នក​ធម្មជាតិវិទ្យា​បារាំង​ម្នាក់ គឺ​លោក ហង់​រី មូ​ហូ​ត៍ (Henri Muohot) ត្រូវបាន​គេ​ទាត់ចោល​។ លោក មូ​ហូ​ត៍ បានមក​ដល់ អង្គរ​នៅ​ឆ្នាំ ១៨៦០ និង​សរសេរថា អង្គរ​ត្រូវគេ​បោះបង់ចោល​ក្នុងព្រៃ​។ លោក ខៀវ ច័​ន្ធ បន្តថា យ៉ាងណា យោងតាម​ឯកសារ​មួយទៀត គឺ​៦​ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ​១៨៦៦ មាន​ជនជាតិ​Scottish ម្នាក់ទៀត​បានមក​ដល់​អង្គ​រដែរ គឺ​លោក ច​ន ថម​សុន (John Thomson) ដែលជា​អ្នក​ថតរូប​។ តាមរយៈ​រូបថត​របស់លោក បាន​បង្ហាញថា អង្គរ​មិនមែន​ត្រូវគេ​បោះបង់​នោះទេ គឺមាន​មនុស្ស​រស់នៅ មានផ្ទះ មាន​ព្រះសង្ឃ ដែល​ផ្ទុយ​ពី​ការអះអាង​របស់លោក មូ​ហូ​ត៍​។​



​ទាក់ទង​នឹង​វត្ត​អារាម ដែល​នៅជាប់​ក្ដារបែន តាម​កំណត់ត្រា​របស់​សាលា​បារាំង​ចុង​បូព៌ា ដែលជា​អ្នកបង្កើត​អភិរក្ស​អង្គរ​ដំបូង​គេ​នៅ​ឆ្នាំ​១៩០៧ និង​យោងតាម​កំណត់ត្រា​របស់លោក ហ្ស​ង់ កូ​ម៉ៃ ដែលជា​អ​ភ​រិ​ក្ស​ដ្ឋា​ន​អង្គរ​មុនគេ​បង្អស់ បាន​បញ្ជាក់ថា នៅ​ឆ្នាំ​១៩១០ វត្ត​ទាំងនោះ ត្រូវបាន​រើចេញ​ពី​ក្ដារ ដោយ​យកទៅដាក់​នៅ​ទីតាំង​សព្វថ្ងៃ​។ នៅ​ឆ្នាំ​១៩៥៣ សម័យ​ឯករាជ្យ ទោះ​បារាំង​ដកសិទ្ធិ​រដ្ឋបាល​គ្រប់គ្រង​ពី​ប្រទេស​កម្ពុជា​ក៏ពិតមែន តែ​ការងារ​អភិរក្ស​អង្គរ ខ្មែរ​នៅតែ​ពឹង​លើ​រាជការ​បារាំង និង​បន្ត​រហូត​សម័យ​សង្គ្រាម​ឆ្នាំ​១៩៧៥


Tag:
 អង្គរវត្ត​
  ខៀវ ច័ន្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com