ពីនេះ ពីនោះ
ជប៉ុន ហៅ​ផ្លែ​ល្ពៅ​ខ្មែរ​ថា ផ្លែ​កាំបូ​ចា​
16, Jul 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មានរឿង​ដ៏​ចម្លែក និង​កម្រ​មួយ​នៅ​ប្រទេស​ជប៉ុន គឺ​នៅ​គ្រប់​សណ្ឋាគារ​ធំៗ នៃ​ប្រទេស​នេះ មិន​ថា​នៅ​តូ​ក្យូ ឬ​អាសា​កា​ទេ ភាគច្រើន គឺ​គេ​តែងតែ​យក​ផ្លែ​ល្ពៅ​មក​តាំងពី​ខាងមុខ​ច្រកទ្វារ​ចូល ដោយ​សណ្ឋាគារ​ខ្លះ​តាំង​ល្ពៅ​មែនទែន  សណ្ឋាគារ​ខ្លះ តាំង​ផ្លែ​ល្ពៅ​ជ័រ ហើយ​នៅជាប់​នឹង​ផ្លែ​ល្ពៅ គេ សរសេរ​អក្សរ ដោយ​ហៅ​ផ្លែ​ល្ពៅ​ទុំ​ទាំងនេះ​ថា ផ្លែ​កម្ពុជា (Camboja)​។



​មានរឿង​តំណាល​ថា   កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ ក្រោយពី​ជប៉ុន​ចាញ់​សង្គ្រាមលោក​នៅ​ឆ្នាំ​១៩៤៥​មក ទាហាន​ជប៉ុន ដែល​ចូលមក​ធ្វើ​អាណាព្យាបាល​នៅ​កម្ពុជា​-​ថៃ​ជំនួស​បារាំង មួយរយៈ​ពេល​ខ្លី​នោះ បាន​បាក់ទ័ព ហើយ​រត់​កាត់​ចម្ការ​របស់​អ្នកស្រុក​។

​ដោយសារ​ការ​ហេវ​ហត់​ខ្លាំង ទាហាន​ជប៉ុន​ទាំងនេះ បាន​បេះ​ផ្លែ​ល្ពៅ​ក្តិ​បៗ និង​ទុំ​ខ្លះៗ យកមក​ពុះ​ហូប​ជា​អាហារ​។ ចំណែក​ពលរដ្ឋ​ខ្មែរ ជា​ម្ចាស់​ចម្ការ​ល្ពៅ ពេល​ឃើញ​ទាហាន​ជប៉ុន​ស្រេកឃ្លាន​ដូច្នេះ ក៏​បេះ​ផ្លែ​ល្ពៅ​ទុំៗ ធ្វើជា​អំណោយ​ដល់​ពួកគេ ដើម្បី​យក​ត្រឡប់​ទៅ​ស្រុក​វិញ​។

​សន្តាន​ចិត្ត​ដ៏​ល្អ ដែល​ពោរពេញ​ដោយ​ស្នាមញញឹម​របស់​ខ្មែរ​នេះហើយ ទើប​ធ្វើ​ឲ្យ​ជប៉ុន​យក​ផ្លែ ល្ពៅ​ធ្វើជា​និមិត្តរូប និង​ដាក់ឈ្មោះ​ផ្លែ​ល្ពៅ​ថា ផ្លែ​កម្ពុជា​( Cambodia ឬ​Cambodja)​។

​គ្មាន​ឯកសារ ច្បាស់លាស់​ណាមួយ បានបញ្ជាក់​លម្អិត​បន្ថែ​ម​ពី​រឿងរ៉ាវ​ទាំងនេះ​ទេ​។ ប៉ុន្តែ ការលើកឡើង​ខាងលើ​គឺជា​ពន្លឺ​ដ៏​ល្អ​មួយ សម្រាប់​អ្នកស្រាវជ្រាវ​ជំនាន់​ក្រោយ​ដទៃទៀត ក្នុងការ​ឈ្វេង យល់​នូវ​រឿងរ៉ាវ​ទាំងនេះ​៕       ​    ​    ​


© រក្សាសិទ្ធិដោយ thmeythmey.com