ជាតិ
សង្គមជាតិ
ព្រះបាទជ័យវរ្ម័នទី៧៖«ទុក្ខរបស់ប្រជារាស្ត្រ ជាទុក្ខរបស់ព្រះអង្គ»
× ភ្នំពេញ៖ ព្រះបាទជ័យវរ្ម័នទី៧ បានប្រសូតនៅនគរកម្ពុជានៅពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរាជ្យនៃព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)។ បន្ទាប់ពីបានកម្ចាត់ពួកចាមដែលបានរាតត្បាតព្រះនគរ និងចូលកាន់កាប់ក្រុងនគរនាឆ្នាំ១១៧៧ ព្រះអង្គបានទទួលរាជាភិសេកឡើងគ្រងរាជសម្បត្តិនៅឆ្នាំ១១៨២។
ទ្រង់ព្រះបាទជ័យវរ្ម័នទី៧ គឺជាមហាក្សត្រកាន់ពុទ្ធសាសនាទី១នៃប្រវត្តិសាស្ត្រខ្មែរ។ ទ្រង់គ្រប់គ្រងព្រះនគរមួយដ៏ធំធេង៖ កម្ពុជាសព្វថ្ងៃ មួយភាគធំនៃប្រទេសថៃ ភាគកណ្តាល និងខាងត្បូងនៃប្រទេសវៀតណាម និងភាគខាងត្បូងនៃប្រទេសឡាវបច្ចុប្បន្ន។
ក្នុងការដឹកនាំប្រទេស ព្រះអង្គគោរពគោលការណ៍ព្រះពុទ្ធសាសនាមហាយាន ហើយជាអ្នកការពារប្រជារាស្ត្រដោយទឹកចិត្តល្អ ស្រឡាញ់ និងមេត្តាករុណា។ ព្រះអង្គប្រកាន់ទស្សនៈថា៖ «ទុក្ខរបស់ប្រជារាស្ត្រ ជាទុក្ខរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គឲ្យគេសាងសង់មន្ទីពេទ្យ វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធទូទាំងព្រះនគរដែលធានាការពង្រីកអំណាចសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសជាតិ។
ក្រៅពីនេះ ព្រះអង្គក៏បានកសាងព្រះប្រាសាទជាច្រើនដែលមានរចនាបថ និងសិល្បៈរីកចម្រើន ដោយទទួលបាននូវការកោតសរសើរពីពិភពលោកទាំងមូល។
សព្វថ្ងៃនេះ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ត្រូវបានគេចាត់ទុកថា ជាដំណាក់កាលរុងរឿងបំផុតនៃប្រវត្តិសាស្ត្រសម័យអង្គរ៕
(សារព័ត៌មានអេឡិចត្រូនិកថ្មីៗទទួលបានសិទ្ធិដកស្រង់ និងផ្សព្វផ្សាយបន្តពីអង្គការស៊ីប៉ាដែលមានចំណងជើងថា៖ខ្ញុំចង់ដឹងជីវិតរបស់ព្រះបាទជ័យវរ្ម័នទី៧។ សូមចូលរួមជួយជាវសៀវភៅដែលបោះពុម្ពដោយអង្គការស៊ីប៉ា។ អង្គការស៊ីប៉ា គឺជាអង្គការជួយជំរុញការអានយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា)។
© រក្សាសិទ្ធិដោយ thmeythmey.com