កីឡាជាតិ
ជាតិ
AFC U23៖ FFC បង្កើតកម្មវិធីពិសេសទិញពីរសំបុត្រអាចទស្សនាបានបីប្រកួត
× ឱកាសពិសេសសម្រាប់អ្នកគាំទ្រ និងស្នេហាវិស័យកីឡាបាល់ទាត់ ដោយចំណាយថវិកាត្រឹមតែពីរសំបុត្រប៉ុណ្ណោះ អាចទស្សនាបានរហូតបីប្រកួតនាវគ្គជម្រុះពូល J នៃព្រឹត្តិការណ៍ AFC U23 Championship 2018 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ U23 កម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុម ចិន ជប៉ុន និងហ្វីលីពីន ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៩ កក្កដា នេះតទៅ។
ដើម្បីអបអរ និងជាការលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតកម្មវីធីពិសេសទិញសំបុត្រពីរថែម១សម្រាប់អ្នកគាំទ្រ។ រាល់ការទិញសំបុត្រចូលរួមទស្សនាការប្រកួតវគ្គជម្រុះពូល J នៃពានរង្វាន់ AFC U23 Championship ពីរប្រកួតព្រមគ្នារវាង U23 កម្ពុជា ជាមួយ ចិន នៅថ្ងៃទី១៩ កក្កដា និងជាមួយ ជប៉ុន នៅថ្ងៃទី២១ កក្កដា លោកអ្នកនឹងទទួលបានសំបុត្រទស្សនាការប្រកួតរវាង U23 កម្ពុជា និងហ្វីលីពីន ដោយឥតគិតថ្លៃ។
សំបុត្រចូលរួមទស្សនាការប្រកួតនេះមានពីរប្រភេទ គឺតម្លៃ១ម៉ឹនរៀលសម្រាប់កន្លែងមានដំបូល និង៥ពាន់រៀលសម្រាប់កន្លែងគ្មានដំបូល។ អ្នកគាំទ្រទាំងអស់អាចរកទិញសំបុត្រទាំងនេះ នៅក្បែរក្លោងទ្វារច្រកចូលនៃពហុកីឡដ្ឋានជាតិ។
ក្រុម U23 ចិន ជប៉ុន និងហ្វីលីពីន បានដល់ប្រទេសកម្ពុជាអស់ហើយនៅរសៀលថ្ងៃទី១៧ ខែកក្កដា នេះ ដើម្បីត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2018 នៅពហុកីឡដ្ឋានជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
Tag:
AFC U23 Championship 2018
U23 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com