រថយន្ត
អ្នកប្រើប្រាស់​រថយន្ត​នៅ West Virginia ជួបជុំគ្នា​ប្រចាំឆ្នាំ​ដើម្បី​សកម្មភាព​សប្បុរសធម៌​
17, Jul 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
Friends of Coal Auto Fair បាន​ក្លាយជា​ព្រឹត្តិការណ៍​ពិ​ព័ណ៌​រថយន្ត​ប្រចាំឆ្នាំ​របស់​ពលរដ្ឋ​ដែល​រស់​រដ្ឋ West Virginia សហរដ្ឋអាមេរិក​។ កាលពី​ចុង​សប្តាហ៍​កន្លងមក ព្រឹត្តិការណ៍​ដែល​ធ្វើឡើង​ក្នុង​គោលដៅ​សប្បុរសធម៌​នេះ ឈានដល់​ខួប​លើក​ទី​១៣​ឆ្នាំ​របស់ខ្លួន ដែល​រៀបចំ​នៅ​ទីលាន Raleigh County Memorial Airport ក្រុង Beckley​។​



​រថយន្ត​ជាង​៤០០​គ្រឿង ដែលមាន​ម៉ូ​ដែល​ផ្សេងៗ​គ្នា បាន​ចូលរួម​បង្អួតខ្លួន​នៅក្នុង​ពិ​ព័ណ៌​រថយន្ត​ប្រចាំឆ្នាំ​នៅលើ​ទីលាន Raleigh County Memorial Airport ក្រុង Beckley នៃ​រដ្ឋ West Virginia ។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Register Herald​។

​ព្រឹត្តិការណ៍ Friends of Coal Auto Fair បាន​ឈានចូល​ឆ្នាំ​ទី​១៣​របស់ខ្លួន​កាលពី​ចុង​សប្តាហ៍​កន្លងមក ដោយ​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកលេង​រថយន្ត​មានឱកាស​ពិភាក្សាគ្នា​លើ​បទពិសោធន៍ ក៏ដូចជា​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ការប្រើប្រាស់​រថយន្ត​។ បន្ថែ​ពីលើ​នេះ ក៏មាន​ការបង្ហាញ Show រថយន្ត​ផងដែរ​។​



​ថ្វី​ត្បិត​វា​ជាការ​ជួបជុំ​របស់​អ្នក​និយម​រថយន្ត​ក៏ដោយ ប៉ុន្តែ​ពិ​ព័រ​ណ៌ Friends of Coal Auto Fair មានការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​ផ្សេងៗ ការបង្ហាញ​ម្ហូបអាហារ​ដ៏​សម្បូរបែប រួមទាំង​ការប្រគំ​តន្ត្រី និង​សកម្មភាព​លេង​កម្សាន្តរ​បស់​កុមារ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ពិ​ព័រ​ណ៌​ត្រូវបាន​បង្កើតឡើង​ដើម្បី​រៃអង្គាស​មូលនិធិ​ជួយ​ដល់​អង្គការ​សប្បុរសធម៌​ដែល​ធ្វើការ​លើកកម្ពស់​ស្ត្រី កុមារ និង​មនុស្សធម៌​នៅក្នុង​តំបន់​។​

​អ្នកស្រី Janett Green នាយក​ប្រតិបត្តិ​អង្គការ Hospice of Southern West Virginia បាន​លើកឡើងថា​៖ «​រាល់​ជំនួយ​សប្បុរស​ពី​អ្នកចូលរួម ចាប់ពី​៥​ដុល្លារ ដល់​៥០០០​ដុល្លារ​អាមេរិក ពិតជា​បាន​ជួយ​ដល់​អង្គការ​សប្បុរសធម៌​ច្រើន​។ ការជួប​ជុំគ្នា​របស់​ចូលចិត្ត​រថយន្ត ពិតជា​ផ្តល់​ប្រយោជន៍​ច្រើនណាស់ មិនមែន​តែ​លើ​បញ្ហា​រថយន្ត​នោះឡើយ​»​។​



​តាម​សម្តី​ដែល​ដកស្រង់​ដោយ The Register Herald លោក Colby Gray ដែល​លោក និង​សមាជិកគ្រួសារ បាន​នាំ​រថយន្ត​២៦​គ្រឿង​ចូលក្នុង​ព្រឹត្តិការណ៍​នេះ លើកឡើងថា Friends of Coal Auto Fair ផ្តល់ឱកាស​ដល់​លោក​អាច​ពិភាក្សា​ជាមួយ​មិត្ត​ចាស់ៗ​ទាក់ទង​នឹង​ការប្រើប្រាស់​រថយន្ត ជាពិសេស​ម៉ូ​ឌែ​ល​ចាស់ៗ ។​

​លោក Colby Gray បាន​និយាយថា​៖«​ខ្ញុំ​ចូលចិត្ត​ព្រឹត្តិការណ៍​នេះ​ណាស់ ហើយ​ខ្ញុំ​រីករាយ​ក្នុង​ការឆ្លើយ​រាល់​សំណួរ​ទាក់ទង​នឹង​ប្រភេទ​រថយន្ត​ដែល​ខ្ញុំ​ប្រើប្រាស់ ជាពិសេស​វា​បានធ្វើ​ឲ្យ​ខ្ញុំ​ជួប​មនុស្ស​ជាច្រើន​»៕










© រក្សាសិទ្ធិដោយ thmeythmey.com