កីឡាជាតិ
ជាតិ
AFF U15៖ កម្ពុជា​ត្រូវ​ឈ្នះ​ម៉ាឡេស៊ី​ចាប់ពី​២​គ្រាប់​ទើប​អាច​ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
18, Jul 2017 , 10:34 am        
រូបភាព
ដោយ:
​ក្រុមកីឡា​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា ត្រូវ​ជួប​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​ម៉ាឡេស៊ី នា​វគ្គ​ជម្រុះ​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U15 Championship 2017 នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃ​អង្គារ នេះ នៅ​កីឡដ្ឋាន Chonburi Campus Stadium 1 ក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។ U15 កម្ពុជា​ទាមទារ​យកឈ្នះ​ម៉ាឡេស៊ី​ដាច់ខាត​លើសពី​២​គ្រាប់ ដើម្បី​ទៅ​វគ្គ​បន្ត​។



​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ព្រុយ​ណេ ២-០ កាលពី​ថ្ងៃអាទិត្យ​សបា្តហ៍​មុន បាន​ជំរុញ​ឲ្យ U15 កម្ពុជា​ត្រូវ​ធ្វើការ​ធ្ងន់​ជាង​រៀង​រាល់ដង សម្រាប់​ការ​ប៉ះ​ជាមួយ​ក្រុម​អតីត​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៣ ម៉ាឡេស៊ី នា​ជំនួប​ចុងក្រោយ​ក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U15 Championship 2017 នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន Chonburi Campus Stadium 1​។ ពោលគឺ​ទាមទារ​ឲ្យ U15 កម្ពុជា​យកឈ្នះ U15 ម៉ាឡេស៊ី​លើសពី​២​គ្រាប់​ដាច់ខាត​នៅ​ល្ងាច​នេះ ដើម្បី​បន្ត​ឱកាស​នៅ​វគ្គ​បន្ត​។​

​បើតាម​ប្រវត្តិ​តាំងពី​ឆ្នាំ​២០០២ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ពីរលើក​រួចមកហើយ ដោយ​កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី ៥-០ នៅលើ​ទឹកដី​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០០៥ មុន​ស្មើ ៣-៣ នៅលើ​ទឹកដី​កម្ពុជា​កាលពី​ឆ្នាំ​២០០៧​។ ម៉ាឡេស៊ី ជា​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៣ នៅលើ​ទឹកដី​មី​យ៉ាន់​ម៉ា និង​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ចំនួន​៣​លើក​នៅ​ឆ្នាំ​២០០២, ២០០៥ និង​២០០៨ ខណៈ​កម្ពុជា​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្តង​នៅ​ឆ្នាំ​២០១៦ ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។   

​បច្ចុប្បន្ន U15 កម្ពុជា​កំពុង​ឈរ​លេង​រៀង​ទី​៣​ក្នុង​ពូ​ល B ដោយមាន​៦​ពិន្ទុ​ក្រោយ​ឈ្នះ​ពីរ និង​ចាញ់​ពីរ​ប្រកួត ខណៈ​ម៉ាឡេស៊ី​ឈរ​លេង​រៀង​ទី​២​ដោយមាន​៩​ពិន្ទុ បន្ទាប់ពី​ឈ្នះ​៣ និង​ចាញ់​១​។ ចំណែក​វៀតណាម​ឈរ​កំពូល​តារាង​ដោយមាន​១២​ពិន្ទុ​ក្រោយ​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​សម្រាប់​៤​ប្រកួត​កន្លងមកនេះ​។

​ក្នុង​ពូ​ល B នេះដែរ U15 វៀតណាម​ត្រូវ​ជួប​ប្រកួត​បង្គ្រប់កិច្ច​ឲ្យ​ទី​ម័​រ​ខាងកើត​នា​វេ​ល​ម៉ោង​៤​រសៀល​នៅ​កីឡដ្ឋាន Chonburi Campus Stadium 1 ខណៈ​ហ្វីលីពីន​ប៉ះ​ព្រុយ​ណេ​បង្គ្រប់កិច្ច​នៅ​កីឡដ្ឋាន Chonburi Campus Stadium ២​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​ពូ​ល A កាលពី​ម្សិលមិញ ក្រុម​អូស្ត្រាលី​បាន​យកឈ្នះ​ឡាវ ក្នុង​លទ្ធផល ៣-១ ខណៈ​ឥណ្ឌូនេស៊ី​យកឈ្នះ​សិង្ហ​បុរី ២-០ មុន​ម្ចាស់ផ្ទះ​ថៃ​យកឈ្នះ​មី​យ៉ាន់​ម៉ា ១-០​។ តាមរយៈ​លទ្ធផល​នេះ ថៃ និង​អូស្ត្រាលី​បាន​ដឹក​ដៃ​គ្នា​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តំណាង​ឲ្យ​ពូ​ល A៕   


Tag:
 AFF U15 Championship 2017
  U15 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com