ជាតិ
​​​ន​យោ​បាយ​ជាតិ​
នៅពេលដែល​តំណាងរាស្ត្រ CPP ដង្ហែ​ទៀនវស្សា​ជាមួយ​មេឃុំ CNRP!
19, Jul 2017 , 2:47 pm        
រូបភាព
ដោយ: រួបរួម
​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ច្បាស់​ជា​ប្លែក​អារម្មណ៍ ហើយ​រំភើប នៅពេលដែល​ឃើញ​អ្នកនយោបាយ​ខុស​និន្នាការ​បានធ្វើ​ប្រយោជន៍​អ្វី​រួមគ្នា​មួយ​។ លោក ស សុខា តំណាងរាស្ត្រ​ខេត្តព្រៃវែង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ចៅសង្កាត់​អូរ​ចារ ខេត្តបាត់ដំបង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​ការអញ្ជើញ​រួមគ្នា​ពី​សំណាក់ លោក ស រដ្ឋា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង ក្នុង​កម្មវិធី​ដង្ហែ​ទៀនវស្សា​ទៅកាន់​វត្ត​មួយ​។​



​ទាំង​លោក ស សុខា ទាំង​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​១៨ ខែកក្កដា បាន​បង្ហោះ​សកម្មភាព​ប្រគេន​ទៀនវស្សា​រួមគ្នា​ដល់​ព្រះសង្ឃ​នៅ​វត្ត​សាមគ្គី​រស្មី ហៅ​វត្ត​ទួល​ដូន​ប៉ុក ដែល​ស្ថិតនៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​សកម្មភាព​បែបនេះ ទទួលបាន​នូវ​ការបញ្ចេញមតិ​ល្អ​ច្រើនជាង​ការរិះគន់​។ អ្នកខ្លះ​បាន​សរសើ​លោក ស សុខា ថា​ជា​គម្រូ​ល្អ​ដល់​អ្នកដទៃ ហើយ​សកម្មភាព​បែបនេះ​ទទួលបាន​នូវ​ការគាំទ្រ​១០០​ភាគរយ​។ អ្នកខ្លះ​បានសរសេរថា សកម្មភាព​របស់លោក ស សុខា បង្ហាញថា អ្នកណា ក្រុម​ណា បក្ស​ណា​ក៏​អាច​រស់នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បានដែរ​។



​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ឯណោះ​វិញ អ្នកចូលរួម​យោបល់ បាន​លើកឡើងថា បក្ស​ណា​ក៏​ខ្មែរ​ដែរ សំខាន់​សប្បាយរីករាយ មាន​គ្រប់យ៉ាង​តាម​តម្រូវការ​។ ទន្ទឹម​ដែល​អ្នកខ្លះ ចង់ឃើញ​ការបន្ត​វប្បធម៌​បែបនេះ មនុស្ស​មួយចំនួន​បែរជា​បង្កប់ន័យ​ភ័យខ្លាច​ថា មាន​ការទិញ​ទឹកចិត្ត​មន្ត្រី​បក្សប្រឆាំង​។​



​ទោះបីជា​យ៉ាងណាក៏ដោយ បក្ស​ខុសគ្នា និន្នាការ​ខុសគ្នា ប៉ុន្តែ​រស់នៅ​លើទឹក​ដី​កម្ពុជា​រួមគ្នា ដូច្នេះ​គ្មាន​អ្វីដែល​រារាំង​មនុស្ស​មិនឲ្យ​ធ្វើអំពើ​ល្អ​រួមគ្នា​នោះឡើយ​៕


Tag:
 ទៀនវស្សា​
  ស សុខា​
  ស៊ិន ចាន់​រ៉ូ​ហ្សែ​ត​
© រក្សាសិទ្ធិដោយ thmeythmey.com