ជាតិ
អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា​
20, Jul 2017 , 10:59 am        
រូបភាព
រូបភាពពីរដ្ឋសភា
រូបភាពពីរដ្ឋសភា
​ភ្នំពេញ​៖ លោក ង្វៀន ភូ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម រួមទាំង​គណៈប្រតិភូ បាន​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​២0 ខែកក្កដា ឆ្នាំ​២0១៧​នេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ តាម​ការអញ្ជើញ​របស់​ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​។ ការធ្វើ​ទស្សនកិច្ច​របស់លោក ង្វៀន ភូ​ជុង នៅ​កម្ពុជា មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២0 ដល់​២២ ខែកក្កដា ឆ្នាំ​២0១៧​។



​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា ក្នុងអំឡុង​នៃ​ទស្សនកិច្ច លោក ង្វៀន ភូជុង នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នៅក្នុង​ព្រះបរមរាជវាំង​។ សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថា អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​រូបនេះ ក៏​នឹង​ចូល​ថ្វាយបង្គំ​សម្តេច​សង្ឃ ទេព វង្ស និង​សម្តេច​សង្ឃ ប៊ូ គ្រី ផងដែរ​។

​បន្ទាប់មកទៀត លោក ង្វៀន ភូជុង នឹង​បន្ត​ជួប​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។ ហើយ​ចុងក្រោយ លោក ង្វៀន ភូ​ជុង នឹងមាន​ជួប​ជាមួយនឹង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ នេះ​បើតាម​ប្រភព​ដដែល​៕


Tag:
 ​មេដឹកនាំ​វៀតណាម​
  ទស្សនកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com