កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho សរសើរ Chelsea ដែលយកបាន Morata
× លោក Jose Mourinho បង្ហាញការគាំទ្រដល់ការផ្លាស់ប្តូរកីឡាកររបស់ Chelsea យកបានខ្សែប្រយុទ្ធ Alvaro Morata ពី Real Madrid ដោយសរសើរថាម្ចាស់ជើងឯកចាស់ Premier League កំពុងតែទទួលបានកីឡាករល្អមករួមក្រុម។ នេះបើតាមការចុះផ្សាយរបស់ Metro នៅថ្ងៃទី២០ ខែកក្កដានេះ។
Chelsea ដែលដឹកនាំដោយអ្នកចាត់ការទូទៅ Antonio Conte បានយល់ព្រមសំណើក្នុងតម្លៃ៧០លានផោន ប្រមាណ ៩១លានដុល្លារ ដើម្បីផ្ទេរយកខ្សែប្រយុទ្ធ Alvaro Morata ពី Real Madrid។ កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ២៤ឆ្នាំនេះ ក៏បានធ្វើដំណើរទៅដល់ក្រុងឡុងដ៍ និងធ្វើតេស្តសុខភាពរួចរាល់អស់ហើយដែរ។
មុនសម្រេចទៅចូលរួមជាមួយក្រុមរហស្សនាមតោខៀវ Morata ក៏ធ្លាប់មានទំនាក់ទំនងការផ្ទេរមកកាន់ក្រុម Manchester United ផងដែរ ប៉ុន្តែក៏ស្ងាត់ទៅវិញ ក្រោយលោក Jose Mourinho ទិញបាន Romelu Lukaku ពី Everton។
ជុំវិញការផ្ទេររបស់អតីតខ្សែប្រយុទ្ធ Juventus នេះ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានសរសើរ Chelsea ថាបានទិញកីឡាករល្អម្នាក់ដូចជា Morata នេះ។
តែយ៉ាងណាក៏ដោយនៅពេលឆ្លើយសំនួររបស់អ្នកការសែតក្នុងសន្និសីទសារព័ត៌មានមួយ អំពីការសម្រេចចិត្តនាំយក Morata មកកាន់កីឡដ្ឋាន Stamford Bridge នៅថ្ងៃព្រហស្បតិ៍នេះ Mourinho បានឆ្លើយតបថា «ខ្ញុំមិនចាប់អារម្មណ៍អ្វីដែល Chelsea ធ្វើឡើយ»។
អតីតអ្នកចាត់ការ Real Madrid វ័យ៥៤ឆ្នាំ បន្ថែមថា៖«អ្វីដែលសំខាន់ដែលខ្ញុំត្រូវខ្វល់គឺយើងកំពុងតែពិចារណាលើខ្សែប្រយុទ្ធដែលយើងត្រូវការដូចជា Zlatan Ibrahimovic នៅរដូវកាលនេះ ខណៈរូបគេកំពុងមានរបួស»។
សូមបញ្ជាក់ថា Morata គឺជាសមាជិកថ្មីទី៤ហើយដែលអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលី Conte យកមករួមក្រុម បន្ទាប់ពីបានអ្នកចាំទី Willy Caballero ពី Manchester City ខ្សែការពារ Antonio Rudiger ពី AS Roma និង ខ្សែបម្រើ Tiemoue Bakayoko ពី Monaco៕
Tag:
បាល់ទាត់
Jose Mourinho
Alvaro Morata
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com